អ្នក​កាសែត​ឥត​ព្រំដែន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មការ​តាមដាន​ករណី​ឃាតកម្ម ឃឹម សម្បូរណ៍

សមាគម​អ្នក​កាសែត​អន្តរជាតិ​ឈ្មោះ អ្នក​កាសែត​ឥត​ព្រំដែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​១៥ តុលា និយាយ​អំពី​ឃាតកម្ម​លើ​អ្នក​កាសែត​មនសិការ​ខ្មែរ ឈ្មោះ ឃឹម សម្បូរណ៍ និង​កូន​ប្រុស ដោយ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​តាមដាន​ស៊ើបអង្កេត​ករណី​នេះ។

សមាគម​នេះ​ថ្លែង​ថា ភ្នាក់ងារ​ប៉ូលិស​សម្ងាត់​អាមេរិកាំង FBI បាន​ដក​ខ្លួន​ចេញ​ពី​ការជួយ​រក​មុខ​ឃាតករ បន្ទាប់ពី​មាន​របាយការណ៍​ក្នុង​កាសែត​ថា ភ្នាក់ងារ​ប៉ូលិស​អាមេរិកាំង​ទាំង​នោះ​សុខចិត្ត​ទទួល​ស្គាល់​ថា ឃាតកម្ម​នោះ​ជា​អំពើ​សងសឹក​ទៅ​វិញ។

តាម​ការអះអាង​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​និង​កាសែត​នានា​ថា ឃាតកម្ម​នោះ​មាន​ទាក់ទិន​នឹង​នាយ​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ ហុក ឡងឌី ហើយ​សមាគម​អ្នក​កាសែត​ឥត​ព្រំដែន​ស្នើ​ឲ្យ​លោក​ឧត្តមសេនីយ៍​នាយ​ប៉ូលិស​ឆ្លើយ​តប​នឹង​ការចោទ​មិន​ទាន់​បង្ហាញ​ភស្តុតាង​នេះ​វិញ៕