អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​គ្រោង​ជួសជុល​រោង​បាយ​មួយ​ដែល​សង់​ជំនាន់ ប៉ុល ពត

អ្នក​ភូមិ​ក្រៗ​នៅ​ភូមិ​មួយ​នា​ខេត្ត​ភាគ​ពាយ័ព្យ​មាន​គម្រោង​រៃ​អង្គាស​លុយ​គ្នា​ដើម្បី​ជួសជុល​ឡើង​វិញ​នូវ​រោង​បាយ​រួម​ឃុំ​មួយ សង់​ជំនាន់ ប៉ុល ពត ដើម្បី​ទុក​ឲ្យ​មាន​ការ​នឹក​ឃើញ​ឡើង​វិញ​នូវ​ការ​ស្រេក​ឃ្លាន​នា​សម័យ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។

មន្រ្តី​ភូមិ​និយាយ​ថា ផ្ទាំង​បន្ទះ​ឈើ​ខ្លះៗ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ផ្នែក​ខ្លះ​នៃ​ដំបូល​សំណង់​ដែល​សង់​កាល​ពី​ឆ្នាំ​១៩៧៦ ក៏​ជ្រុះ​អស់​ខ្លះ​ហើយ។

លោក វី ឆ្លូន ប្រធាន​ភូមិ​ស្វាយ ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ពី​ថ្ងៃ​ពុធ​ថា សហគមន៍​៣៥០​គ្រួសារ​បាន​សម្រេច​ស្រាក់​លុយ​គ្នា​សម្រាប់​ចំណាយ​លើ​ការ​ជួសជុល​អគារ​រោង​បាយ​នេះ ដើម្បី​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឃើញ​ថា តើ​កាល​ជំនាន់​ខ្មែរ​ក្រហម​ប្រជាជន​ហូប​បាយ​យ៉ាង​ម៉េច?

លោក​មេ​ភូមិ​បន្ត​ថា ការ​រៃ​លុយ​តាម​សទ្ធា​ជ្រះ​ថ្លា​នោះ​នឹង​ចាប់ផ្តើម​ធ្វើ​បន្ទាប់​ពី​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​រួច​ក្នុង​ខែ​កុម្ភៈ៕