លទ្ធផល​នៃ​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១១

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​ថា នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ដំបូង​នៅ​តាម​ខេត្ត​នានា បាន​កាត់​ទោស​ជន​សង្ស័យ​ចំនួន ១៨២​នាក់ ស្មើ​នឹង ១២២​ករណី ក្រោម​បទ​ជួញដូរ​មនុស្ស និង​ជួញដូរ​កំលាំង​ពលកម្ម​ទៅ​បរទេស ដូចជា​ប្រទេស​ថៃ និង​ប្រទេស​មួយ​ចំនួន​ទៀត។
ដោយ សុខ សេរី
2012-02-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រៅ​ពី​នេះ តុលាការ​ទាំង​នោះ​បាន​ស៊ើប​សួរ​ជនសង្ស័យ និង​ស៊ើប​អង្កេត​ចំនួន ១៩០​ករណី ស្មើ​នឹង ២៤៧​នាក់​នៃ​ជន​សង្ស័យ។

អ្នកស្រី ជូ ប៊ុនអេង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​បូក​សរុប​ប្រចាំ​ឆ្នាំ​២០១១ នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា ក្រសួង​ការបរទេស​បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលករ​ចំណាក​ស្រុក​មក​ប្រទេស​កម្ពុជា​វិញ​បាន​ជា​ច្រើន​រយ​នាក់។

អ្នកស្រី ជូ ប៊ុនអេង៖ «ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​ជាមួយ​អង្គការ អាយអូអឹម (IOM) ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ចំនួន ៥៨៥​នាក់ ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ករណី​រង​គ្រោះ​ដោយ​ជួញដូរ និង​បទល្មើស​ដោយ​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅ​ក្រៅ​ប្រទេស។ នោះ​មាន​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) ថៃ (Thailand) វៀតណាម (Vietnam) ទីម័រខាងកើត (East Timor) កោះ​តៃវ៉ាន់ (Taiwan) ចិន (China) ហូឡង់ដ៍ (Netherlands) អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) និង​ប្រទេស​ម៉ូរីស (Mauritius)»

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ដែរ ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ពី​ប្រទេស​ថៃ និង​វៀតណាម គឺ​មាន​ចំនួន​សរុប ១១៥.៧៩១​នាក់ ប្រៀបធៀប​ឆ្នាំ​២០១០ កន្លង​ទៅ គឺ​មាន​ចំនួន ១២៧.០៥៣​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល