ផ្សារស្រូវ​របស់​កសិករ​ត្រូវ​បាន​បង្កើត​នៅ​ខេត្ត​តាកែវ

កាសែត​សំណេរថ្មី បាន​រាយការណ៍​ឲ្យ​ដឹង​ថា អង្គការ​សេដាក ឬ មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ផ្សារ​ស្រូវ​របស់​កសិករ​ជា​លើកដំបូង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​ជា​ជំនួយ​ស្មារតី​ឲ្យ​កសិករ​ខ្មែរ​កាន់តែ​យល់​ដឹង​អំពី​វិធី​លក់ដូរ​ស្រូវ​អង្ករ និង​ការពារ​កុំ​ឲ្យ​មាន​ការនាំស្រូវ​ដែល​មិន​ទាន់​កិន ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។

ប្រធានអង្គការសេដាក ​បណ្ឌិតយ៉ង់សាំងកុមារ បាន​មានប្រសាសន៍ថា​មជ្ឈមណ្ឌល​ប្រាថ្ន​ាចង់​ឲ្យ​កសិករ​បាន​យល់ដឹង​ថា​តើ​គេគួរ​ធ្វើ​អាជីវកម្ម​ជាមួយនឹង​អតិថិជន​របស់​គេ​ដោយ​វិធី​ណា ។

លោកចង់​ឲ្យ​កសិករ​បានឃើញ​ថា តើ​គេគួរ​តែ​ផលិត​ស្បៀង​ដោយ​វិធី​ណា​ទើប​ល្អ ។ លោក​ថា កាលណា​កសិករ​បាន​ឃើញ​សក្តានុពល​នៃ​ផ្សារ​ក្នុងប្រទេស​ហើយ ពួក​គាត់​នឹង​គិតគូរ​ពី​ការរក្សា​ស្រូវ​ទុក​ក្នុង​ជង្រុក និង​ការកិន​ស្រូវ​ដោយ​ខ្លួនឯង​ដើម្បី​បញ្ចេញ​លក់​នៅក្នុង​ស្រុក​ជា​ជាង​នាំចេញ​ទៅ​បរទេស ។

សេដាក នឹង​បន្ត​បើក​ផ្សារ​ស្រូវ​របៀប​នេះ នៅ​ទូទាំង​កម្ពុជា​ក្នុង​រយៈពេល ២​ឆ្នាំ ទៅមុខ​នេះ ៕