សង្គម​ស៊ីវិល​រិៈគន់​អាជ្ញាធរ​កំពង់ចាម​មិន​បង្រាប​ក្មេង​ទំនើង

គេ​សង្កេត​ឃើញ​ថា មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​ឲ្យ​ដាក់​ទោស​ទណ្ឌ ប៉ុន្តែ​បទ​បញ្ជា​នោះ​បាន​យូរ​បន្តិច​ការ​បង្ក្រាប​ក្មេង​ទំនើង​ក៏​ត្រូវ​បាន​អនុវត្ត​ត្រឹម​តែ​សម្រុះ​សម្រួល​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា ការ​បង្ករ​បួស​ស្នាម​ គឺ​ជា​ករណី​ព្រហ្មទណ្ឌ​ដែល​មិន​អាច​សម្រុះ​សម្រួល​តាម​រដ្ឋប្បវេណី​ទៅ​រំលត់​បាន​ឡើយ​។

លោក អ៊ូ ស៊ីម នៅ​ភូមិ​ទន្លេស ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៣ កុម្ភះ​ថា កូន​របស់​លោក ឈ្មោះ តឹក សាក់ អាយុ ២៤​ឆ្នាំ ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ជា​ទម្ងន់​រួមទាំង​បាន​វាយ​ឲ្យ​ងាប់​សេះ​អស់​មួយ​ក្បាល​ទៀត​ផង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដោយ​មក​ពី​ម្ចាស់​ដើម​ការ​ប្រញាប់​បញ្ចប់​ការ​រាំ​រែក​ពេក។

តឹក សាក់ មាន​ប្រសាន៍​ថា ៖ «វា​មិន​វ៉ៃ​នៅ​រោង​ការ​ទេ វ៉ៃ​នៅ​ខាង​ត្បូង​ផ្ទះ។ ដល់​វ៉ៃ​សេះ​ងាប់​បាន​វា​វ៉ៃ​កូន​។ កូន​ហ្នឹង​បែក​ក្បាល និង​ត្រូវ​ស្មា ដល់​ខ្ញុំ​យក​ទៅ​ថត​ទៅ​ឃើញ​ប្រេះ​ឆ្អឹង។​ ខ្ញុំ​យក​តែ ៥​លាន​(រៀល) ទេ​គ្រាន់​មើល​ជម្ងឺ។ ពីរ​នាក់​ហ្នឹង​ព្រម​ដែរ​តែ​នៅ​ចាំ​មើល​គេ​មក​ទៀត​ បើ​ជុំ​គ្នា​អាច​សម្រេច​បាន​ហើយ​»

លោក អ៊ូ ស៊ីម បន្ថែម​ថា ជន​ល្មើស​បួន​នាក់​ដែល​ស្គាល់​មុខ​ត្រូវ​បាន​លោក​ធ្វើ​ពាក្យ​ប្តឹង​ដាក់​ជូន​​ប៉ូលិស​​ពេល​​ព្រឹក បន្ទាប់​ពី​យប់​កើត​ហេតុ តែ​ពុំ​ឃើញ​មាន​ការ​តាម​ចាប់​ឃាត់​ខ្លួន​ជន​ល្មើស​ឡើយ មាន​ការ​កោះ​អញ្ជើញ​ឲ្យ​ចូល​ជួប​ដោះ​ស្រាយ​រួម​ទាំង​ឪពុក​ម្តាយ​ខាង​ជន​ល្មើស​តែ​ពីរ​នាក់​បាន​ចូល​ខ្លួន​មកដោះ​ស្រាយ។

លោក នាង សាវាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម ​អាដហុក បាន​លើក​ឡើង​ថា ប៉ូលិស​គួរ​តែ​តាម​រក​ជន​ល្មើស​មក​ផ្តន្ទាទោស​ដោយ​ពុំ​គួរ​រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​បែប​រដ្ឋប្បវេណី​ឡើយ​។

លោក នាង សាវាត ថ្លែង​ថា ៖ «ពេល​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ខ្លាំងៗ​ បញ្ហា​ក្មេង​ទំនើង​ភាគ​ច្រើន​ត្រូវ​បាន​អនុវត្ត ហើយ​ភាគ​ច្រើន​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស។ នៅ​ពេល​ដែល​បញ្ហា​ហ្នឹង​យូរ​ទៅៗ ភាគ​ច្រើន​គឺ​សម្រប​សម្រួល​ ប៉ុន្តែ​តាម​ច្បាប់​ការ​វ៉ៃ​ទាត់​ធាក់​រហូត​ដល់​មាន​របួស​ស្នាម​រហូត​ដល់​ងាប់​គោ​ងាប់​ក្របី​វា​ជា​ករណី​ធ្ងន់ធ្ងរ​។ ប៉ូលិស​អត់​រង់​ចាំ​ការ​ដោះ​ស្រាយ​សំណង​តាម​រដ្ឋប្ប​វេណី​ទេ​ ព្រោះ​​សំណង​រដ្ឋ​ប្បវេណី​អាច​មាន​តែ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ជន​រង​គ្រោះ និង​អាណាព្យាបាល​ជន​ល្មើស​។ តែ​រឿង​ព្រហ្មទណ្ឌ​វា​នៅ​តែ​ព្រហ្មទណ្ឌ​ដែល​គេ​ត្រូវ​តែ​ធ្វើ​»

អធិការ​ស្រុក​ព្រៃឈរ គឺ​លោក នួន សាម៉ន បាន​បិទ​ទូរស័ព្ទ​ជា​បន្ទាន់​បន្ទាប់​ពី​បាន​ប្រាប់​ពី​អត្ត​សញ្ញាណ ប៉ុន្តែ​ លោក នួន សាមិន ស្នង​ការ​ខេត្ត​បាន​ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ប៉ុន្តែ​លោក​ថា គួរ​មើល​សភាព​ជាក់​ស្តែង​ផង​។

លោក នួន សាមិន បញ្ជាក់ ៖ «ទំនាស់​ហ្នឹង​យូរ​ហើយ​ កើត​ទៅ​ជា​ជម្លោះ​មួយ​ទន្ទឹម​គ្នា​ពិ​ធី​មង្គល​ការ​។ តែ​ម្ចាស់​សេះ​របួស​ដៃ​ស្រាល​ទេ មិន​បាន​ទៅ​ដេក​ពេទ្យ​កាល់​ម៉ែត​អី​ទេ​។ ជា​ការ​ផ្សះ​ផ្សា​គ្នា​រវាង​ម្ចាស់​សេះ​ និង​ឪពុក​ម្តាយ​ក្មេងៗ មិន​មែន​ប៉ូលិស​ហៅ​មក​ផ្សះផ្សា​អី​ទេ​។ ​ឥឡូវ​នេះ​យើង​គ្រប់គ្រង​បាន​មុខ​សញ្ញា​បាន ៨ នាក់​ហើយ​ ខាង​សម្ថកិច្ច​ប៉ូលិស​កំពុង​ប្រមូល​ព័ត៌មាន​ដែល​នាំ​ឲ្យ​កើត​ហេតុការណ៍​នឹង​ឡើង​ ក្នុង​កិច្ច​ប្រតិបត្តិការណ៍​របស់​យើង យើង​ចង់​រក​ភាព​ជាក់​លាក់​របស់វា​»

លោក នួន សាមិន បន្ថែម​ថា ករណី​ធ្ងន់ធ្ងរ​មួយ​ទៀត​ដែល​សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​​តាម​ចាប់​ជន​ល្មើស​ដែល​បង្ក​របួសស្នាម​ជា​ទម្ងន់​ដល់​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​២ កុម្ភះ។

លោក នាង សាវាត ទទួល​ស្គាល់​ថា សកម្មភាព​ក្មេង​ទំនើង​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ការ​វាយ​តប់​គ្នា​តាម​ដង​ផ្លូវ និង​តាម​ទី​សាធារណៈ​នានា​ត្រូវ​ថយ​ចុះ​បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ និ​ងការ​បង្ក្រាប​ជា​ច្រើន​មក៕