ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នៅ​ស្វាយរៀង​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ

សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ចន្លោះ​ពី ៣៥​ឆ្នាំ ទៅ ៤០​ឆ្នាំ ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា នៅ​ឃុំ​ជ្រៃធំ ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង សមត្ថកិច្ច​មូលដ្ឋាន​បាន​ស្គាល់​ពី​អត្តសញ្ញាណ​រួច​ហើយ។

អ្នក​ស្លាប់​នោះ​មិន​មែន​ជា​មនុស្ស​រស់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ដូច​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ឡើយ ពោល​គឺ​មក​ពី​ខេត្ត​កំពង់ចាម។

លោក ថៃ ចន្ទធី មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជ្រៃធំ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​មាន​ឈ្មោះ វង កន មាន​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប រស់​នៅ​ភូមិ​ត្រពាំងព្រីង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ។ លោក​បន្ត​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ឌុប​ជន​ល្មើស​មក​ពី​ខេត្ត​កំពង់ចាម ឆ្ពោះ​មក​ឃុំ​ដងក្តា ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ថា តាម​ការ​រៀបរាប់​ពី​គ្រួសារ​ជន​រង​គ្រោះ ជន​សង្ស័យ​ដែល​បាន​សម្លាប់​ជន​រង​គ្រោះ គឺ​ជា​មិត្ត​ភ័ក្តិ​នឹង​​​គ្នា មាន​ស្រុក​កំណើត​នៅ​ឃុំ​ដងក្តា ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ហើយ​បាន​ទៅ​ជួល​ផ្ទះ​​ប្រកប​របរ​ទទួល​ទាន​នៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ​នា​ខេត្ត​កំពង់ចាម ហើយ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជន​សង្ស័យ​ពឹងពាក់​ឲ្យ​ជូន​មក​លេង​ស្រុក​កំណើត​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ទី​ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់។

លោក ថៃ ចន្ទធី បាន​បញ្ជាក់​ថា ៖ «វង កន ភូមិ​ត្រពាំងព្រីង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ ជន​រង​គ្រោះ​មក​ពី​ក្រៅ ឌុប​គេ​មក។ គេ​ជួល​ឌុប អ្នក​ឌុប​នៅ​ស្រុក​ហ្នឹង...»

គ្រួសារ​ជន​រង​គ្រោះ​ឈ្មោះ វង កន ដែល​ត្រូវ​ឃាតករ​សម្លាប់​បាន​ធ្វើ​សំណូមពរ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ស្វាយរៀង ធ្វើ​យ៉ាង​ណា​វែក​រក​មុខ​ជន​ដៃ​ដល់​ក្នុង​អំពើ​ឃាតកម្ម​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ។

មេ​ប៉ុស្តិ៍​ឃុំ​ជ្រៃធំ លោក ថៃ ចន្ទធី បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ស្វាយរៀង​បើក​ការ​ស៊ើប​អង្កេត និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កំណត់​មុខ​​​​សញ្ញា​ជន​សង្ស័យ​នៃ​ឃាតកម្ម​ប្លន់​យក​ម៉ូតូ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វង កន បាន ១០០% និង​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

លោក ថៃ ចន្ទធី បាន​មាន​ប្រសាសន៍​ថា ៖ «កំណត់​មុខ​សញ្ញា​បាន ១០០%... កំណត់​បាន​ហើយ ព្រោះ​អី​ប្រពន្ធ​កូន​គេ មក​ហ្នឹង ប្រពន្ធ​គេ​ដឹង​ដែរ ព្រោះ​មុន​នឹង​ចេញ​មក​ហ្នឹង​ប្រពន្ធ​គេ​ដាំ​បាយ​ហូប មាន​ដោយ​ទាំង​មិត្ត​ភ័ក្តិ​នៅ​ស្រុក​ហ្នឹង។ វា​ទៅ​ជួល​ផ្ទះ​គេ​នៅ​ក្បែរ​គ្នា​ហ្នឹង​ណា៎! ធ្វើ​មិត្ត​ភ័ក្តិ​គ្នា ឃាតករ​ឈ្មោះ ថន យុត។ គេ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង កំពុង​តែ​ព្យាយាម​ស្វែង​រក»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច បាន​អំពាវនាវ​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សូម​ឲ្យ​ប្រុង​ប្រយ័ត្ន និង​កុំ​ឆាប់​ជឿ​ទុក​ចិត្ត​មនុស្ស​ទើប​ស្គាល់​គ្នា​ថ្មីៗ ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើត​ឡើង។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វង កន រស់​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ត្រូវ​បាន​ឃាតករ​សម្លាប់​ដោយ​កាប់​ចំនួន​បី​ពូថៅ​ទៅ​លើ​ក្បាល​ផ្នែក​ខាង​ក្រោយ រួច​យក​ទៅ​ទម្លាក់​ក្នុង​ព្រែក​ជីក នា​ឃុំ​ជ្រៃធំ ជាប់​ព្រំ​ប្រទល់​ឃុំ​ដងក្តា ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មីៗ​នេះ៕