តើ​ការងារ​ពិត​ប្រាកដ​របស់​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​គឺ​ជា​អ្វី?

សាលា​រាជធានី​ភ្នំពេញ បាន​ប្រើ​ប្រាស់​កម្លាំង​សន្តិសុខ​ឯកជន​របស់​សាលា​ខណ្ឌ​នីមួយៗ​ជា​កម្លាំង​ស្នូល ដើម្បី​ទប់ទល់​នឹង​ការ​បង្ក្រាប​បាតុករ​តវ៉ា​ពី​បញ្ហា​ផ្សេងៗ។

0:00 / 0:00

ពេល​ចេញ​បង្ក្រាប​ការ​តវ៉ា​ម្តងៗ ក្រុម​សន្តិសុខ​ទាំង​នោះ​តែង​បិទ​ម៉ាស់ ឬ​ពាក់​មួក​សុវត្ថិភាព ដោយ​កាន់​ដំបង​គ្រប់​ដៃ ហើយ​ពេល​ខ្លះ ថែម​ទាំង​ប្រើ​ហិង្សា​លើ​ក្រុម​បាតុករ​ទៀត​ផង។ តើ​ការងារ​ពិត​ប្រាកដ​របស់​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​អ្វី?

«សំឡេង​បង្ក្រាប»៖ នេះ​ជា​សំឡេង​របស់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​បង្ក្រាប​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា នៅ​ទីលាន​ប្រជាធិបតេយ្យ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ប្រាប់​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ព្រមាន​មេ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ដំណាល​គ្នា​នឹង​ការ​ចុះ​បង្ក្រាប​នោះ។ ក្រុម​មន្ត្រី​អះអាង​ថា កម្លាំង​សន្តិសុខ​របស់​សាលា​ខណ្ឌ​នីមួយៗ មាន​ភារកិច្ច​ចម្បង គឺ​ជា​ជំនួយ​សមត្ថកិច្ច​នគរបាល​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ការ​រក្សា​អនាម័យ​ទី​សាធារណៈ​ជាដើម។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ម្ដងៗ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ឯកជន​ទាំង​នេះ ដើម្បី​ទប់ទល់​នឹង​ការ​បង្ក្រាប​ក្រុម​បាតុករ ហើយ​ពេល​ខ្លះ សន្តិសុខ​ឯកជន​ទាំង​នេះ​វាយ​បាតុករ​ទៀត​ផង។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី រំលឹក​ថា អ្នក​ភូមិ​បឹងបក់ ដែល​ចេញ​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី សុទ្ធតែ​ធ្លាប់​បាន​ភ្លក់​រស់​ជាតិ​ដំបង កណ្តាប់ដៃ និង​ទម្ងន់​ជើង​របស់​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​បាន​ប្រើ​ប្រាស់​កម្លាំង​សន្តិសុខ​ឯកជន​ទាំង​នោះ ដើម្បី​ពន្យុះ​ឲ្យ​មាន​ការ​ប្រទូសរ៉ាយ​ដោយ​ពាក្យ​សម្ដី និង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​បំបែក​ការ​តវ៉ា។ លោកស្រី ទេព វន្នី បញ្ជាក់​ថា បញ្ហា​ដែល​ឈឺ​ចាប់​បំផុត​នោះ គឺ​សមត្ថកិច្ច​ឈរ​ការពារ​សន្តិសុខ​ឯកជន​ដែល​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ៖ «គេ​ចង់​ធ្វើ​អី​ដែល​គេ​ចង់​បាន ទោះ​បី​ជា​រឿង​ហ្នឹង​អយុត្តិធម៌​យ៉ាង​ណា​ក៏ដោយ គេ​ត្រូវ​តែ​រើស​កម្លាំង​សន្តិសុខ​បន្ថែម​ដើម្បី​បង្ក្រាប​ពលរដ្ឋ»

ស្ត្រី​បឹងកក់​ដែល​ធ្លាប់​ត្រូវ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ វាយ​បង្ក្រាប​ពេល​តវ៉ា​នោះ រួម​មាន​ស្ត្រី​វ័យ ៧៤​ឆ្នាំ ឈ្មោះ ង៉ែត ឃុន ត្រូវ​បាន​សន្តិសុខ​វាយ​បែក​ក្បាល និង​ចាប់​បោះ​ឡើង​លើ​ឡាន និង​ស្ត្រី​មួយ​ចំនួន​ទៀត​បាន​រលូត​កូន​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ទាំង​នោះ។ ម្ដាយ​របស់​លោកស្រី ទេព វន្នី ត្រូវ​កម្លាំង​សន្តិសុខ​យក​ចម្ពាម​កៅស៊ូ​បាញ់​បែក​ចិញ្ចើម​ពេល​ចូល​រួម​ធ្វើ​ពិធី​បួង​សួង​នៅ​បរិវេណ​វត្ត​ភ្នំ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២។

ក្នុង​ពេល​ចុះ​បណ្ដេញ​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ រាប់​រយ​នាក់ ប្រដាប់​ដោយ​ដំបង​ដែក បំពង់​ទីប​ប៉ុនៗ​កដៃ ដោយ​មាន​ចង​ក្រណាត់​ពណ៌​ក្រហម​នៅ​ដៃ​ខាង​ឆ្វេង​ផង ខ្លះ​ទៀត​ពាក់​វ៉ែនតា​ខ្មៅ និង​មួក​សុវត្ថិភាព​ដើម្បី​លាក់​បាំង​អត្តសញ្ញាណ។ មុន​នឹង​បង្ក្រាប ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​ជួប​ប្រជុំ​គ្នា​ជា​មុន ហើយ​បាន​ចូល​មក​ទីលាន ស្រែក​សន្ធប់​ទៅ​លើ​បាតុករ ដៃ​កាន់​ដំបង​ដែក ចង្អុល​ឆ្វេង​ស្ដាំ វាយ​បំបែក​សម្ភារៈ​នៅ​លើ​ទីលាន​កម្ទេច​ទីតាំង​សក្ការៈ​របស់​បាតុករ រុះរើ​អីវ៉ាន់​របស់​បាតុករ រុះរើ​វេទិកា​របស់​គណបក្ស​ប្រឆាំង និង​ដណ្ដើម​យក​គ្រឿង​ឧបភោគ​បរិភោគ​របស់​ក្រុម​បាតុករ​ជាដើម។

អ្នក​ណា​ក៏ដោយ ឲ្យ​តែ​នៅ​ទើស​មុខ​សន្តិសុខ ពួកគេ​បាន​យក​ដំបង​ចង្អុល​មុខ ហើយ​ស្រែក​បញ្ជា​ឲ្យ​ជៀស​ផ្លូវ។ ក្នុង​នោះ អ្នក​យក​ព័ត៌មាន ទូរទស្សន៍​បាយ័ន​ម្នាក់ ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ វាយ​នឹង​ដំបង បណ្ដាល​ឲ្យ​ត្រូវ​របួស​ដៃ និង​ខូចខាត​អាយផេត (iPad) មួយ​គ្រឿង អ្នក​ថត​រូប​ជន​ជាតិ​បរទេស​ម្នាក់​ក៏​ត្រូវ​សន្តិសុខ​គំរាម​វាយ​ក្បាល​ដែរ។ នៅ​យប់​ថ្ងៃ​ទី​៤ ខែ​មករា កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ក៏​បាន​វាយ​ដណ្ដើម​យក​ម៉ាស៊ីន​ថតរូប​របស់​អ្នក​កាសែត​ព្រៃ​នគរ លោក ស៊ីន ចែងចើន ក្នុង​ពេល​ដែល​លោក​ចុះ​បំពេញ​បេសកកម្ម​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​បច្ចេកទេស អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​ធ្វើ​លើស​ភារកិច្ច​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ល្មើស​ច្បាប់​ថែម​ទៀត។

លោក​បន្ត​ថា អំពើ​ហិង្សា​ពី​សំណាក់​សន្តិសុខ​ទៅ​លើ​ប្រជាពលរដ្ឋ ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​នោះ​មិន​មាន​អ្នក​ណា​ក្រៅ​ពី​អភិបាល​រាជធានី​ភ្នំពេញ​ឡើយ៖ «ពួក​អ្នក​ប្រើប្រាស់​កម្លាំង​សន្តិសុខ​នោះ សន្តិសុខ​មិន​ដឹង​ច្បាប់​ទេ គាត់​គោរព​តាម​មេ តាម​បញ្ជា ថ្ងៃ​ក្រោយ​គាត់​នឹង​ទទួល​វិប្បដិសារី និង​ទទួល​ខុស​ផ្នែក​ផ្លូវ​ច្បាប់​ដោយ​ខ្លួន​ឯង»

ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់​ថា សន្តិសុខ​របស់​សាលា​រាជធានី គឺ​ធ្វើ​ការងារ​តាម​ការ​បញ្ជា​របស់​គណៈ​អភិបាល​រាជធានី​ដែល​គ្រប់គ្រង​កម្លាំង​ទាំង​នោះ។ លោក​បន្ត​ថា សន្តិសុខ​សាលាក្រុង​ធ្វើ​ការងារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​មិន​មាន​បញ្ជា​ឲ្យ​ប្រើ​ហិង្សា​ទេ។

ចំពោះ​ការ​កាន់​ដំបង​ពេល​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ ត្រូវ​បាន​លោក ឡុង ឌីម៉ង់ ប្រាប់​ថា ជា​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ៖ «បង​ប្អូន​ត្រូវ​តែ​មាន​តួនាទី​ការពារ​សណ្ដាប់ធ្នាប់​អ៊ីចឹង​ហើយ រឿង​ដំបង​ដែក សម្រាប់​ការពារ​ខ្លួន​នៅ​ស្រុក​ណា​ក៏​មាន​ដែរ ដូចជា​នៅ​ស្រុក​បារាំង អាមេរិក អង់គ្លេស ជប៉ុន សុទ្ធ​តែ​ប្រើ​ប្រដាប់​ការពារ​ខ្លួន​អ៊ីចឹង​ហើយ»

មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ មាន​ចំនួន​ក្នុង ១​ខណ្ឌៗ ៥០​នាក់ ឬ​លើស​ពី​នេះ។ សន្តិសុខ​ទាំង​នោះ​ត្រូវ​បាន​ជ្រើស​តាំង​បន្ថែម​តាម​បញ្ជា​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស តាំង​ពី​លោក​ចូល​កាន់​តំណែង​ដំបូង​មក​ម្ល៉េះ។

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា ព្រម​ទាំង​លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ សាលា​ក្រុង​បាន​ដាក់​ពង្រាយ​ក្រុម​សន្តិសុខ​ជា​ច្រើន​នាក់​រង់ចាំ​ឃ្លាំមើល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ ក្រុម​សន្តិសុខ​ទាំង​នោះ ពាក់​មួក​សុវត្ថិភាព​បាំង​មុខ​ជិត ប្រដាប់​ដោយ​ដំបង​ឆក់ និង​ឈរ​យ៉ាង​ប្រុង​ប្រយ័ត្ន។

សន្តិសុខ​ខណ្ឌ​ដូនពេញ ឈ្មោះ តារា បាន​ប្រាប់​ថា រូប​គាត់​មិន​ចង់​វាយ​ធ្វើ​បាប​អ្នក​តវ៉ា​នោះ​ទេ ប៉ុន្តែ​រូប​គាត់​ត្រូវ​តែ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់លើ​ដែល​ប្រាប់​ឲ្យ​ចាត់ការ​អ្នក​បង្ក​អសន្តិសុខ​សង្គម។ លោក​បន្ត​ថា ពេល​ខ្លះ​អ្នក​តវ៉ា​បាន​ជេរ​ក្រុម​សន្តិសុខ ហើយ​ថែម​ទាំង​ចង្អុល​មុខ​បណ្ដាល​ឲ្យ​សន្តិសុខ​ខឹង​ក៏​កើត​ជម្លោះ​តែម្ដង។ តារា​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អំពើ​ហិង្សា​ក្នុង​ពេល​តវ៉ា​គឺ​បណ្តាល​ឲ្យ​មក​ពី​បទបញ្ជា​ដែល​បញ្ជា​ដាច់​ខាត​ថា ត្រូវ​តែ​បំបែក​ក្រុម​បាតុករ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក្តី អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា កន្លង​ទៅ​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី ហើយ​ត្រូវ​សន្តិសុខ​វាយ​ធ្វើ​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌​ជា​ច្រើន​ដង​ច្រើន​សា ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ក្នុង​ការ​អនុវត្ត​ច្បាប់​អ្នក​ដែល​មាន​ភារកិច្ច​អនុវត្ត គឺ​មាន​តែ​មន្ត្រី​នគរបាល​យុត្តិធម៌​តែ ១​ម្នាក់​ទេ ហើយ​ត្រូវ​ស្ថិត​ក្រោម​ការ​បញ្ជា​ពី​ព្រះរាជអាជ្ញា។ លោក​បញ្ជាក់​ថា បើ​សិន​ណា​បណ្ដោយ​ឲ្យ​ក្រុម​សន្តិសុខ​បង្ក្រាប​អ្នក​តវ៉ា​ត​ទៅ​ទៀត​ពិត​ជា​ពិបាក​ជៀស​ផុត​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ណាស់ ហើយ​រដ្ឋាភិបាល​ក៏​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ក្នុង​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស​ដែរ។

លោក ចាន់ សុវ៉េត៖ «ហិង្សា​រហូត​ដល់​មាន​មនុស្ស​ស្លាប់​និង​របួស​ក៏​មិន​ងាយ​រក​ដែរ អាជ្ញាធរ​ថា​អ្នក​ហ្នឹង​មិន​មែន​ជា​ប៉ូលិស​ទេ ថា​អ្នក​ហ្នឹង​ជា​អ្នក​នេះ​ជា​អ្នក​នោះ នេះ​ជា​ហេតុផល​មួយ​ដែល​យើង​គួរ​ឲ្យ​ភ័យ​ខ្លាច ដូច​កាល​នៅ​ទីលាន​ប្រជាធិបតេយ្យ អ៊ីចឹង​ឃើញ​សកម្មភាព​ដូចជា​ឃោរឃៅ​ព្រៃផ្សៃ​ណាស់»

កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ សព្វ​ថ្ងៃ​ជា​កម្លាំង​ដែល​ជ្រើសរើស​តាម​​​ឃុំ​មាន​សុវត្ថិភាព​ក្នុង​គោលបំណង​រក្សា​សន្តិសុខ​មូលដ្ឋាន។ កម្លាំង​ទាំង​នេះ បើក​ប្រាក់ខែ​ពី​សាលា​រាជធានី ដោយ​លុយ​ប្រាក់​ខែ​ទាំង​នោះ​បាន​មក​ពី​ការ​អង្គាស​ប្រាក់​របស់​ប្រជាពលរដ្ឋ។ ក្រុម​សន្តិសុខ​ទាំង​នោះ​ជា​អ្នក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត និង​ស្ថិត​ក្រោម​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​រក្សា​សណ្ដាប់ធ្នាប់។ តាម​ច្បាប់​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជា​ទង្វើ​ល្មើស​ច្បាប់ ទោះ​បី​អ្នក​ទាំង​នោះ​ជា​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កម្លាំង​សន្តិសុខ ឬ​ពលរដ្ឋ​ធម្មតា​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។