ស្រ្ដីដែលជាម្តាយរបស់សិស្សថ្នាក់ទី៩ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចគេធ្វើបាបកូនគាត់កំពុងរៀននោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃ៣០ មករាថា កូនគាត់បានមកប្រាប់ឲ្យគាត់ទៅរកទិញឥដ្ឋចំនួន៦ដុំ ឬស្រូវ៦គីឡូក្រាម ដើម្បីយកទៅសាលាឲ្យគ្រូដាក់ពិន្ទុ បើពុំដូច្នោះទេច្បាស់ជាត្រូវធ្លាក់ពិន្ទុមិនខាន។
ស្រ្ដីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូច្នេះ ៖ «ខ្ញុំជីវភាពខ្សត់ខ្សោយ សុំឲ្យថ្នាក់លើកុំឲ្យយកឥដ្ឋពីកូន កុំឲ្យយកស្រូវ។ បើកាលណាកូនខ្ញុំអត់បានយកទៅអត់មានពិន្ទុ បើយកស្រូវទៅបានពិន្ទុ៥០ ហើយយកឥដ្ឋបានពិន្ទុ៥០ បើអត់បានយកលោកគ្រូគាត់ឲ្យសូន្យ»។
សិស្សថ្នាក់ទី៨នៃវិទ្យាល័យទាចំរ៉ាត់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដែរ សម្ដែងពីការព្រួយបារម្ភរបស់ខ្លួនថា ៖ «ព្រួយខ្លាចអត់ពិន្ទុប្រឡងឆមាស។ ពិន្ទុហ្នឹងដាក់ឲ្យបាន៥០ ដើម្បីបូកជាមួយពិន្ទុឆមាសដើម្បីបានឡើងថ្នាក់ បើអត់មានឥដ្ឋឲ្យគ្រូ អត់ពិន្ទុហ្នឹងអាចធ្លាក់»។
គ្រូបង្រៀនឈ្មោះ ផាត់ ម៉ាលីន មានប្រសាសន៍ថា គាត់មានការអាណិតអាសូរចំពោះសិស្សដែរ តែជួយមិនបានដោយសារនេះជាការសម្រេចរបស់នាយិកាសាលា។
អ្នកគ្រូ ផាត់ ម៉ាលីន មានប្រសាសន៍ដូច្នេះ ៖ «ឥដ្ឋពីរដុំសម្រាប់មុខវិជ្ជាសិល្បៈមួយ ២ដុំទៀតសម្រាប់មុខវិជ្ជាកសិកម្ម ២ដុំទៀតសម្រាប់មុខវិជ្ជារោងជាង ហើយអ្នកដែលអត់ឲ្យគឺទទួលបានពិន្ទុសូន្យ។ អ្នកដែលអត់លទ្ធភាពគ្នាអង្គុយធ្វើមុខជូរចង់បានពិន្ទុ»។
ប៉ុន្តែនាយិកាវិទ្យាល័យទាចំរ៉ាត់ គឺអ្នកស្រី ឈុំ មន្ថា ពន្យល់ចំពោះបញ្ហាខាងលើនេះថា ពុំមានការបង្ខិតបង្ខំទេ ហើយបើសិស្សក្រីក្រដែលពុំមានលទ្ធភាពក៏ត្រូវបានអនុគ្រោះផងដែរ។
នាយិកា ឈុំ មន្ថា ពន្យល់ដូច្នេះ ៖ «ដែលខ្ញុំធ្វើហ្នឹងមានឯកភាពពីសហគមន៍គ្រប់មជ្ឈដ្ឋានទាំងអស់ ដូចជាប្រធានភូមិ មេឃុំ ហើយអាជ្ញាធរដែនដីគេឯកភាពក្នុងការធ្វើហ្នឹង»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី មិនឯកភាពចំពោះការរៃអង្គាសនេះទេ។
អ្នកស្រីមានប្រសាសន៍ថា ៖ «វាប្រាសចាកពីក្រមសីលធម៌គ្រូបង្រៀនដែលបោះត្រាដោយសម្ដេចនាយករដ្ឋមន្រ្តី ហើយវាក៏ប្រាសចាកពីបទបញ្ជាផ្ទៃក្នុងដែលបោះត្រាដោយឯឝឧត្ដម អ៊ឹម សិទ្ធី ដែលគាត់បានសរសេរថា ហាមរៃអង្គាសសិស្សទោះជារូបភាពណាក៏ដោយ។ ខ្ញុំគិតថា ទង្វើនេះវាប៉ះពាល់ដល់ជីវភាពឪពុកម្ដាយសិស្ស វាប៉ះពាល់ដល់ការសិក្សាសិស្ស ព្រោះកាលណាសិស្សអត់មានដុំឥដ្ឋទៅដាក់ពិន្ទុ ធ្វើឲ្យសិស្សហ្នឹងមិនហ៊ានទៅសាលាបោះបង់ការសិក្សា»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា វិស័យសិក្សាធិការក្នុងប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ លោកបន្តថា ការរៃអង្គាសសិស្សតាមបែបយកដុំឥដ្ឋ ឬស្រូវទៅដូរយកពិន្ទុ គឺជាទង្វើខុសឆ្គងយ៉ាធ្ងន់ធ្ងរទៅនឹងនិយាមគរុកោស្យដែលគេមិនគួរធ្វើបែបនេះបន្តទៀតឡើយ៕
