មន្ត្រី​៖ សន្តិសុខ​ពេល​ចូល​ឆ្នាំ​មាន​ភាព​ល្អ​ប្រសើរ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា វាយ​តម្លៃ​ថា ស្ថានការណ៍​សន្តិសុខ​ទូទៅ​នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខ្លះ​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ដោយសារ​ការ​បើក​ល្បឿន​លឿន និង​បើក​ប្រជែង​គ្នា​ជាដើម។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​ស្ថានការណ៍​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​ឆ្នាំ​ម្សាញ់ ឆ្នាំ​២០១៣ នេះ ដោយសារ​តែ​ពុំ​មាន​អំពើ​ប្លន់ ផ្ទុះ​គ្រាប់បែក ឬ​អំពើ​ឃាតកម្ម​ណា​មួយ​ទេ លើក​លែង​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន ជាពិសេស​ផ្លូវ​ជាតិ​លេខ​៥។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​គ្រោង​នឹង​បូក​សរុប​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មេសា ខាង​មុខ​នេះ។

លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ជាតិ​លេខ​៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ផ្លូវ​ជាតិ​នានា នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ចំនួន​អ្នក​ស្លាប់ និង​អ្នក​រង​របួស​បាន​នៅ​ឡើយ៖ «គ្រោះថ្នាក់​ចរាចរណ៍​ក៏​ស្រាល​ដែរ មិន​ធ្ងន់ធ្ងរ​ទេ។ សប្បាយ​ច្រើន​ភ្លេច​ទៅ​ណា... គ្រោះថ្នាក់​ចរាចរណ៍​គ្រោះថ្នាក់​អី​ឆ្នាំ​នេះ​សម្ដេច​បាន​រំលឹក​ញឹកញាប់​ទៅ យើង​ខាង​អាជ្ញាធរ​នៅ​គ្រប់​ខេត្ត រាជធានី គាត់​រំលឹក​ញឹកញាប់​ទៅ អ៊ីចឹង​បងប្អូន​គាត់​មាន​ការ​ប្រយ័ត្ន​ប្រយែង។ សំខាន់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​ទ្រូង​ផ្លូវ​ហ្នឹង​ឯង ជា​បញ្ហា...»

ប្រជាពលរដ្ឋ​ឈ្មោះ មាស លី នៅ​ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា មាន​ករណី​ក្មេង​ទំនើង​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ពិធី​ចាក់​ធុងបាស​រាំ​នៅ​តាម​វត្ត ប៉ុន្តែ​អាជ្ញាធរ​មូលរដ្ឋាន​បាន​ចុះ​មក​ដោះស្រាយ​ទាន់​ពេល​វេលា មិន​ឲ្យ​មាន​កាប់​ចាក់​សម្លាប់​គ្នា។

លោក​សង្កេត​ឃើញ​ថា គ្មាន​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ​ទេ​នៅ​ឆ្នាំ​នេះ៖ «ឆ្នាំ​នេះ​សុវត្ថិភាព​ល្អ​គ្រាន់​បើ​ឆ្នាំ​នេះ នៅ​ក្នុង​ភូមិ​ស្រុក​ខ្ញុំ។ មាន​ការ​ជួយ​ស្រាយ​គ្នា​ទៅ ឬ​បង្ក​លក្ខណៈ​ណា​មួយ​ឲ្យ​ភ្លឺ​ថ្លា​អំពី​ចរាចរណ៍​ហ្នឹង ដោយ​មាន​ព្រឹទ្ធាចារ្យ​ខ្លះ អ្នក​ស្រុក​ខ្លះ​ហ្នឹង​ជួយ​ជ្រោមជ្រែង​គ្នា ដើម្បី​កុំ​ឲ្យ​យក​ជីវិត​ដាក់​លើ​ផ្លូវ​ជាតិ។ មាន​ល្អ​ណាស់ ខ្ញុំ​សរសើរ​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​នៅ​ស្រុក​កោះសូទិន​យើង​ខ្ញុំ»

ទាក់ទង​នឹង​ស្ថានការណ៍​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា កំពុង​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ= International Court of Justice) កំពុង​តែ​ចាប់​ផ្ដើម​សវនាការ​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា។

លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា មួយ​ចំនួន​នៅ​តាម​ព្រំដែន​នោះ ក៏​បាន​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ និង​រាំ​វង់​ដែរ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។