សន្តិសុខ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នៅ​ពោធិ៍សាត់​ល្អ​ប្រសើរ

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល ១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ឆ្នាំ​២០១០ ស្ថាន​ភាព​សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សង្គម ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​មុនៗ។

អភិបាល​ស្រុក​ភ្នំ​ក្រវាញ លោក ទូច សំបូរ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក ថ្ងៃ​ទី​១១ តុលា​ថា ក្នុង​ស្រុក​ភ្នំ​ក្រវាញ មាន​រមណីយដ្ឋាន ៤​កន្លែង និង​តំបន់​កម្សាន្ត​នានា​ជា​ច្រើន​កន្លែង​ទៀត ដែល​មាន​ប្រជា​ពល​រដ្ឋ​ទៅ​លេង​កម្សាន្ត។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​នេះ​ចាប់​តាំង​ពី​ថ្ងៃ​បិណ្ឌ​១ ដល់​ថ្ងៃ​ភ្ជុំ និង​រហូត​មក​ដល់​ថ្ងៃ​នេះ ពុំ​មាន​ឧប្បត្តិហេតុ​អ្វី​ធំ​ដុំ​កើត​មាន​ឡើយ។ សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សង្គម​នៅ​រមណីយដ្ឋាន និង​តំបន់​កម្សាន្ត​ទាំង​នោះ មាន​លក្ខណៈ​ល្អ​ប្រសើរ ៖ «នៅ​ទំនប់​ឈើ​តោក​យើង​ដាក់​កម្លាំង​ប៉ូលិស ៤០​នាក់។ ហើយ​យើង​ដាក់​ជា​រង្វង់​មួយ​ក្រុមៗ ៣​នាក់ ជុំវិញ​ទាំង​អស់​គឺ​ថា ធានា​សុវត្ថិភាព​ជូន​បង​ប្អូន។ យើង​មិន​ព្រួយ​បារម្ភ​ក្មេង​ក្មាង​វាយ​តប់​គ្នា គឺ​អត់​មាន​ទេ»

អធិការ​នគរបាល​ស្រុក​បាកាន លោក ប៉ែន ទុង ពន្យល់​ចំពោះ​ស្ថាន​ភាព​សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សង្គម​នៅ​ទូទាំង​ស្រុក​បាកាន ដែល​ជា​ស្រុក​មួយ​មាន​វិសាលភាព​ធំ​ជាង​គេ បើ​ប្រៀប​ធៀប​នឹង​បណ្ដា​ស្រុក​ទាំង​អស់​ក្នុង​ខេត្ត​ពោធិ៍សាត់​នោះ​ថា ៖ «ដោយ​សារ​មុន​នេះ​យើង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ភូមិ​ឃុំ​សុវត្ថិភាព ដោយ​យើង​ធ្វើ​ជា​ខិត្តប័ណ្ណ​ឲ្យ​អាចារ្យ​គណៈកម្មការ​វត្ត និង​សាលា​រៀន​ជួយ​ផ្សព្វ​ផ្សាយ​ដល់​អ៊ីចឹង​ទៅ​គាត់​មាន​ការ​យល់​ដឹង​ច្រើន។ ដល់​អ៊ីចឹង​ទៅ​វា​ដំណើរ​ការ​ល្អ គ្មាន​កើត​រឿង​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ»

ស្ថាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ចំពោះ​បញ្ហា​សន្តិ​សុខ និង​សុវត្ថិភាព​សង្គម​នៅ​ឯ​ស្រុក​កណ្ដៀង។ លោក ឈន រិទ្ធិ អធិការ​នគរបាល​ស្រុក​កណ្ដៀង​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ឈ្លោះ​ប្រកែក​គ្នា​នៃ​ក្រុម​ក្មេង​ទំនើង និង​ក្រុម​បង​តូច​បង​ធំ ក៏​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ៖ «បើ​យើង​ប្រៀប​ធៀប​ឆ្នាំ​មុនៗ ឃើញ​ថា​ឆ្នាំ​នេះ​ល្អ​ជាង។ ព្រោះ​ឆ្នាំ​មុនៗ មាន​ចោរ​លួច​ចោរ​ឆក់​ខ្លះៗ ឆ្នាំ​នេះ​គឺ​គ្មាន​សោះ​តែ​ម្ដង។ រឿង​វាយ​តប់​គ្នា​បង​ធំ​បង​តូច​ក៏​គ្មាន​ដែរ...»

ប្រធាន​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ខេត្ត​ពោធិ៍សាត់​លោក រស់ ចំរើន មាន​ប្រសាសន៍​ថា គិត​ចាប់​តាំង​ពី​ចាប់​ផ្ដើម​កាន់​បិណ្ឌ រហូត​មក​ទល់​ថ្ងៃ​១១ តុលា​នេះ ពុំ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់ ឬ​ស្លាប់​នោះ​ទេ។

ទោះបី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ថ្វី​បើ​បញ្ហា​សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សង្គម​មាន​លក្ខណៈ​ល្អ​ជាង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ តែ​គេ​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ដើរ​លេង​តាម​តំបន់​រមណីយដ្ឋាន​គ្រប់​កន្លែង បែរ​ជា​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់៕