សមាគមន៍អភិវឌ្ឍន៍យុទ្ធជនកម្ពុជា បានស្នើសុំដីសម្បទានសង្គមកិច្ចចំនួន ៨០៣ ហិកតារ ស្ថិតនៅភូមិ ព្រែកតូច ឃុំជីរោទី១ ស្រុកត្បូងឃុំ សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ យោធិនពិការ យោធិនរំសាយចំនួន ៣៣០ គ្រួសារ។ លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម បានចុះហត្ថលេខា យល់ព្រមតាមសំណើ កាលពីខែឧសភា ឆ្នាំ២០០៩ ក្នុងលក្ខខណ្ឌ បើដីតំបន់នោះពុំមានប៉ះពាល់អ្វីទេនោះ។
យោងតាមលិខិតមួយទៀតរបស់ លោក ស៊ុន សុខលី អតីតអភិបាលស្រុកត្បូងឃុំ ដាក់ជូនទៅអភិបាលខេត្តកំពង់ចាម ឲ្យដឹងដែរថា មានប្រជាពលរដ្ឋក្រីក្រចំនួន ១០៥គ្រួសារ រស់នៅក្នុងតំបន់ដី សំណើសុំរបស់សមាគមន៍ តែពួកគេត្រូវបានបញ្ចូលឈ្មោះ ក្នុងបញ្ជីសុំដីសម្បទាន សង្គមកិច្ចរួចហើយ តាំងពីឆ្នាំ២០០៩។ តាមគោលការណ៍របស់អាជ្ញាធរស្រុកត្បូងឃុំ អ្នកភូមិទាំងនោះ ត្រូវទទួលបានដីភូមិទំហំ ៣០ គុណ ៥០ ម៉ែត្រ និងដីធ្វើស្រែចំការទំហំ ២ ហិកតារ ក្នុងមួយគ្រួសារ។
អ្នកស្រី ផាត សុខា អ្នកភូមិម្នាក់ក្នុងចំណោម ៤ នាក់ ដែលបានដាក់ពាក្យបណ្ដឹងទៅអង្គការ អាដហុក ឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ថា ប្រជាពលរដ្ឋ ១០៥គ្រួសារ រួមទាំងអ្នកស្រី ដែលបានចុះបញ្ជីទទួលដីសម្បទានសង្គមកិច្ចពីសមាគមន៍ នៅមិនទាន់ទទួលចំណែកដីនៅឡើយទេ។ ផ្ទុយទៅវិញ សមាគមន៍នោះបានលួចលក់ដី ទំហំ ៨០៣ ហិកតារ ទៅឲ្យឈ្មួញវិនិយោគ តាំងពីចុងឆ្នាំ២០០៩។
អ្នកស្រី ផាត សុខា៖ «ខុសច្បាប់ ហើយលក់ឲ្យឈ្មួញទៀត ដល់ពេលខ្ញុំនិយាយតវ៉ាជាមួយគាត់ គាត់ថា គាត់មិនមែនលក់ទេ ជួលឲ្យគេ ១០ឆ្នាំ។ ខ្ញុំថា ជួលក៏ដូចលក់ បងឯងបានលុយ ខ្ញុំអត់បានលុយផងហ្នឹង ខ្ញុំម្ចាស់ដីអត់មានសិទ្ធទេអញ្ចឹង? បងឯងអញ្ចឹង ដូចប្លន់ខ្ញុំទទេ ទាំងរស់ស្រស់ៗ»។
អ្នកស្រី ផាត សុខា បានទិញដីពីអ្នកភូមិជីរោទី១ តាំងពីឆ្នាំ ២០០៧ ទំហំ ៤ ហិកតារ តែដីនោះត្រូវបានអាជ្ញាធរខេត្តកាត់ទៅជាដីសម្បទានសង្គមកិច្ច គ្រប់គ្រងដោយសមាគមន៍អភិវឌ្ឍន៍យុទ្ធជនកម្ពុជា។ អ្នកស្រីស្នើសុំឲ្យអង្គការ អាដហុក ជួយអន្តរាគមន៍លើករណីនេះដើម្បីយកដីមកគ្រប់គ្រងវិញ ខណៈដែលសមាគមន៍អភិវឌ្ឍន៍យុទ្ធជនកម្ពុជា ធ្វើខុសពីគោលការណ៍ ដែលបានស្នើសុំទៅអាជ្ញាធរខេត្ត ថាទុកដីនោះបែងចែកឲ្យប្រជាពលរដ្ឋក្រីក្រ យោធិនពិការ និងយោធិនរំសាយ។
លោក ជាប ឈាងលី អ្នកភូមិម្នាក់ទៀត មានដីទំនាស់ទំហំ ៥ ហិកតារ ក៏ស្នើសុំដូចគ្នានេះដែរ។ លោកបន្តថា សមាគមន៍តែងសន្យាថា នឹងគិតគូរដោះដូរលុយកាក់ជូនអ្នកភូមិដែលមានដីនៅតំបន់នោះ។ មានប្រជាពលរដ្ឋខ្លះប៉ុណ្ណោះ ដែលទទួលសំណងតិចតួច ពីប្រធានសមាគមន៍ ហើយខ្លះទៀតមិនទទួលបានអ្វីទាំងអស់។
លោក ជាប ឈាងលី៖ «យើងត្រូវសម្រុះសម្រួលជាមួយប្រជាជន បើចង់បាន យើងទិញដូរពីប្រជាជន ចង់លក់ឲ្យនរណាក៏លក់ទៅ តែឥឡូវវាខុសច្បាប់។ ដំណាក់កាលនេះហើយ ខ្ញុំអត់ចង់បានលុយទេ ខ្ញុំចង់បានដីខ្ញុំមកវិញ ព្រោះដីខ្ញុំនៅចំផ្លូវធំតែម្តង»។
លោក ជិន សារ៉េន ប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជាប្រចាំសាខាខេត្តកំពង់ចាម បដិសេធថា លោក មិនបានលក់ដីសម្បទានសង្គមកិច្ចនោះឲ្យទៅក្រុមវិនិយោគទេ។ តែថា បានដាក់ជួលឲ្យក្រុមហ៊ុន រយៈពេល ២ឆ្នាំ ដើម្បីយកលុយមកដោះដូរឲ្យអ្នកភូមិ ១០៥គ្រួសារ។ លោកបន្តថា នៅសល់ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារទៀត ក្នុងចំណោម ១០៥គ្រួសារ ដែលសមាគមន៍មិនទាន់ដោះស្រាយសំណងជូនពួកគេ។
លោក ជិន សារ៉េន៖ «ជួលឲ្យក្រុមហ៊ុន ២ឆ្នាំហើយ តែក្រុមហ៊ុនទៅធ្វើវាទាក់ទាញនឹងដីប្រជាពលរដ្ឋនៅក្នុងនោះធ្វើអត់ចេញ ដីប្រជាពលរដ្ឋ ១០៥គ្រួសារ អត់លិខិត ស្លាកស្នាម ពីមេឃុំអីទេ»។
អ្នកស្រី សិត ណៃសយ អភិបាលស្រុកត្បូងឃុំ បដិសេធមិនធ្វើការអត្ថាធិប្បាយជុំវិញករណីទំនាស់ ដីធ្លីរវាងអ្នកភូមិជាមួយប្រធានសមាគមន៍អភិវឌ្ឍន៍យុទ្ធជនកម្ពុជាទេ នៅថ្ងៃទី២៤ ខែឧសភា។
លោក នាង សុវ៉ាត អ្នកសម្របសម្រួលអង្គការ អាដហុក ខេត្តកំពង់ចាម ឲ្យដឹងថា ការទាមទាររបស់ អ្នកភូមិត្រូវតាមនីតិវិធីច្បាប់។ រីឯប្រធានសមាគមន៍បានធ្វើខុសពីគោលការណ៍ លើសំណើសុំរបស់ខ្លួន ដោយបានបង្វែរដីនោះ លក់ ឬជួលឲ្យក្រុមហ៊ុនឯកជន ដោយមិនបានសម្បទានដី សង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ យោធិនពិការ និងយោធិនរំសាយ។
លោក នាង សុវ៉ាត៖ «យើងពិនិត្យមើលទៅថា ការទាមទាររបស់គាត់ វាត្រឹមត្រូវ ឯខាងក្រុមហ៊ុនទេ ដែលយើងមើលទៅឃើញថា ទី១ ការដែលគាត់សុំដីសម្បទានធ្វើអ្វីទៅតាមប្រធានបទនៃការស្នើសុំរបស់គាត់ យើងអត់ទាន់ឃើញទេ រហូតដល់ឥឡូវនេះ តាមស្តាប់ព័ត៌មានថា គាត់បានលក់ឲ្យគេហើយ ប៉ុន្តែអ្វីដែលគាត់និយាយថា គាត់ជួលឲ្យគេ ធ្វើអញ្ចឹងក៏ខុសដែរព្រោះដំណើរហ្នឹងវាខុសតាំងពីដើមទីតែម្តង»។
លោក នាង សុវ៉ាត បន្តថា សមាគមន៍ អាដហុក កំពុងសិក្សាស្រាវជ្រាវវិវាទដីធ្លីនេះ នឹងត្រៀមដាក់ លិខិតអន្តរាគមន៍ទៅអភិបាលខេត្តឲ្យជួយដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។