ចំណែកនៅខេត្តរតនគិរីជំងឺរាកនេះកំពុងរាតត្បាតទៅលើអ្នកភូមិជនជាតិដើមភាគតិច ជាពិសេសកុមារនៅស្រុកអណ្តូងមាសដែលភាគច្រើនការរស់នៅហូបចុកមិនមានអនាម័យត្រឹមត្រូវ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល រាយការណ៍ឲ្យដឹងថា អនុប្រធានភូមិកាជូត ឃុំញ៉ាង លោក កាឡាន ថញ់ រាយការណ៍ថា កុមារម្នាក់បានស្លាប់កាលពីចុងខែមករាមុនដោយសារជំងឺរាកនេះ ហើយបច្ចុប្បន្ននេះអ្នកភូមិ ជាពិសេសកុមារក្នុងភូមិក៏កំពុងរងការរាតត្បាតនៃជំងឺរាករូសបន្តទៀត។
ចំណែកនៅឯបណ្តាភូមិឃុំផ្សេងទៀតមានឃុំម៉ាលិច ឃុំតាលាវ ក្នុងស្រុកអណ្តូងមាសនេះ អ្នកភូមិក៏បានឲ្យដឹងដូចគ្នាថា មានការរាតត្បាតនៃជំងឺរាកនេះបន្តបន្ទាប់គ្នាដោយមិនដឹងពីមូលហេតុ។
អភិបាលស្រុកអណ្តូងមាស លោក នង ដារិទ្ធ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានអ្នកភូមិខ្លះមានជំងឺរាករូសមែន ហើយពួកគេបានទទួលការព្យាបាលនៅមណ្ឌលសុខភាពស្រុករួចហើយ។
លោកបញ្ជាក់ថា យ៉ាងនេះក្តីនៅថ្ងៃច័ន្ទនេះលោកនិងមន្ត្រីមូលដ្ឋាននឹងចុះទៅមូលដ្ឋានដែលមានសេចក្តីរាយការណ៍ពីការផ្ទុះចេញនូវជំងឺរាករូសនោះ ដើម្បីស្វែងរកហេតុផលថា តើការរាករូសនេះបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺអាសន្នរោគ ឬជាការរាករូសដោយសារកត្តាអ្វីផ្សេង។
កាលពីសប្តាហ៍មុននៅឃុំលុងឃុង ស្រុកបរកែវ ក៏មានអ្នកភូមិជនជាតិដើមភាគតិចមានផ្ទះជិតគ្នារងជំងឺរាកនេះ ដែលបណ្តាលឲ្យអ្នកភូមិម្នាក់បានស្លាប់ និង ២នាក់ទៀតត្រូវជួយសង្គ្រោះនាំទៅកាន់មន្ទីរពេទ្យ៕
