ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​បួង​សួង​សុំ​ឲ្យ​មាន​ការធ្វើ​ច្បាប់​ការពារ​ដល់​ពួកគេ

ទីភ្នាក់ងារ​ព័ត៌មាន​អេ.ភី. រាយការណ៍​ថា មាន​ស្រ្តី​រកស៊ី​ផ្លូវភេទ​ប្រមាណ​ជាង ២០​នាក់ បាន​នាំ​គ្នា​ស្លៀក​ស ពាក់​ស ចូល​ទៅ​ក្នុង​វត្ត​មួយ ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក្រាប​ថ្វាយ​បង្គំ​បួង​សួង​ដល់​ព្រះពុទ្ធ​ជាម្ចាស់ ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​មាន​កម្លាំង​ដូរច្បាប់​ហើយ បង្កើត​គោលការណ៍​នយោបាយ​ដែល​ការពារ​គេ​ទាំង​អស់​គ្នា​ពិត​ប្រាកដ​នោះ ។

គេ​បួងសួង​សូម​ឲ្យ​ព្រះអង្គ ជួយ​ធ្វើ​ឲ្យ​មេដឹកនាំ​ស្តាប់​ពួក​គេ​ផង​ថា ច្បាប់​សព្វថ្ងៃ​នេះ មិន​ការពារ​គេ​ទេ ហើយ​ថា គ្រួសារ​របស់​គេ​ពឹង​ផ្អែក​លើ​មុខរបរ​នេះ​ដើម្បី​រស់ ។

ដើម​ខែ​មិថុនា​នេះ ប៉ូលិស​បាន​ប្រមូល​ស្រ្តី​ពេស្យា​ប្រមាណ ២០០នាក់ ។ ស្រ្តី​ទាំង​នោះ ចោទ​ថា មាន​ពេល​ខ្លះ ប៉ូលិស​បាន​រំលោភ​បំពាន​លើ​ខ្លួន​ប្រាណ​ពួកគេ​ទាំង​ផ្លូវ​ភេទ​ទៀត​ផង ។

ច្បាប់​បច្ចុប្បន្ន​នេះ មិន​បាន​ចែង​ច្បាស់​ថា អាជីវកម្ម​ពេស្យាកម្ម ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ ។

អ្នក​រកស៊ី​ផ្លូវភេទ​ខ្លះ ជា​មនុស្ស​មាន​ប្តី មាន​ប្រពន្ធ និង​មាន​កូន ប៉ុន្តែ គ្រួសារ​របស់​គេ​រស់​នឹង​ការរក​លុយ​របៀប​នោះ ៕