អាជ្ញាធរ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​ស្រាវជ្រាវ​ទី​បុរាណ​តាមរយៈ​​ឧបករណ៍​ទំនើប

ដោយ ហង្ស សាវយុត
2015.04.06
ដូមីនិក ស៊ូទីហ្វ (Dominique Sou tif) ៦២០ លោក ដូមីនិក ស៊ូទីហ្វ (Dominique Sou tif) នាយក​សាលា​បារាំង​ចុង​បូព៌ា​ប្រចាំ​ខេត្ត​សៀមរាប ឡើង​ថ្លែង​នៅ​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​តាម​រក​បេតិកភណ្ឌ​នៅ​​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប នា​ទី​ចាត់ការ​អាជ្ញាធរ​អប្សរា ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រុម​អ្នក​តាម​រក​បេតិកភណ្ឌ និង​រចនាសម្ព័ន្ធ​បុរាណ​អះអាង​ថា បច្ចុប្បន្ន​គេ​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​ស្រាវជ្រាវ​រាប់​ឆ្នាំ ដើម្បី​តាម​រក​ទីតាំង​បូរាណ​នានា ដែល​កប់​បាត់​នៅ​ក្រោម​ដី ឬ​ក៏​ក្នុង​ព្រៃ​ទៀត​ទេ គឺ​គ្រាន់តែ​ប្រើ​ឧបករណ៍​ថតរូប​ពី​លើ​អាកាស​ម្យ៉ាង​ឈ្មោះ ឡាយដា (LiDAR) ដែល​មាន​លក្ខណៈ​ពិសេស​អាច​ញែក​ព្រៃ​បាន ក៏​អាច​រក​ឃើញ​ទីតាំង​បូរាណ​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស។ ​ឧបករណ៍​ថត​ដែល​មាន​បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវ​បាន​គេ​យក​មក​សាកល្បង​ប្រើប្រាស់​នៅ​តាម​កន្លែង​បូរាណ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា តាំងតែ​ពី ៣​ឆ្នាំ​មុន។

អាជ្ញាធរ​អប្សរា និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ការសិក្សា​ស្រាវជ្រាវ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៃ​ឧបករណ៍​ថតរូប ឡាយដា ហើយ​បាន​រក​ឃើញ​ទី​បុរាណ និង​រចនាសម្ព័ន្ធ​ដែល​គេ​ពុំ​ធ្លាប់​ដឹង​ជា​ច្រើន​នោះ។

​បទ​បង្ហាញ​អំពី​ការ​ស្រាវជ្រាវ​ទំនើប​ដែល​រក​ឃើញ​បុរាណ​ឋាន​កប់​នៅ​ក្រោម​ដី និង​ក្នុង​ព្រៃ​ជាច្រើន​កន្លែង​នោះ គឺ​បន្ទាប់ពី​គេ​បាន​សាកល្បង​ប្រើប្រាស់​ឧបករណ៍​ថតរូប ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ពី​លើ​អាកាស ឡាយដា ហើយ​ឧបករណ៍​នោះ​អាច​ញែក​ព្រៃ​ចេញ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ទី​បូរាណ​មួយ​ចំនួន​ដែល​កប់​បាត់​ទៀត​ផង។

​នាយក​សាលា​បារាំង​ចុង​បូព៌ា​ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក ដូមីនិក ស៊ូទីហ្វ (Dominique Sou tif)។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​ការ​ថ្លែង​បើក​បទ​បង្ហាញ​ស្ដីពី​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៃ​ឧបករណ៍​ថតរូប​ឡាយដា កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មេសា ថា ឧបករណ៍​ថតរូប​លើ​អាកាស​ឡាយដា​នេះ គឺ​ជា​បច្ចេកវិទ្យា​ដ៏​ថ្មី​បំផុត​ដែល​អាច​ផ្ដល់​ព័ត៌មាន​ដ៏​ច្រើន​សម្រាប់​ការ​ស្រាវជ្រាវ​រក​ទី​បុរាណ​ដទៃ​ទៀត​នៅ​ជុំវិញ​ប្រាសាទ​បុរាណ​នានា ជាពិសេស​គឺ​វា​ផ្ដល់​សារសំខាន់​បំផុត​ចំពោះ​ការ​សិក្សា​ទៅ​លើ​តំបន់​អង្គរ។

លោក ដូមីនិក ស៊ូទីហ្វ៖ «យើង​កំពុងតែ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជា​ច្រើន​ស្ទើរ​តែ​ពាសពេញ​ប្រទេស​កម្ពុជា បន្ទាប់ពី​យើង​បាន​ចងក្រង​ឯកសារ​ដែល​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ជា​ច្រើន ដែល​កប់​បាត់​នៅ​ក្រោម​ដី ហើយ​មិន​អាច​មើល​ឃើញ។ ក៏ប៉ុន្តែ​តាម​រយៈ​ឧបករណ៍​ថតរូប​តាម​បច្ចេកវិទ្យា​ទំនើប​ឡាយដា ដែល​ថត​ពី​លើ​អាកាស​ហើយ​អាច​ញែក​ព្រៃ​ចេញ​ផង​នោះ គឺ​អាច​ឱ្យ​យើង​រក​ឃើញ​កន្លែង​បុរាណ​ជា​ច្រើន»

​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​គ្រប់គ្រង​គម្រោង ឡាយដា លោក ត័ន ប៊ុនស៊ុយ មាន​ប្រសាសន៍​ថា ជា​ច្រើន​ជំនាន់​មក​ហើយ​ការ​ស្រាវជ្រាវ​រក​កន្លែង​បុរាណ​ណា​មួយ គឺ​ក្រុម​អ្នក​ជំនាញ​ត្រូវ​ប្រើ​ពេល​រាប់​សិប​ឆ្នាំ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ឧបករណ៍​ថតរូប ឡាយដា នេះ គឺ​ធ្វើ​ឱ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​រក​បេតិកភណ្ឌ និង​ទី​បុរាណ បាន​យ៉ាង​ឆាប់​រហ័ស​ជាង​មុន៖ «នៅ​អង្គរធំ​មាន​សាស្ត្រាចារ្យ​បារាំង​១ ធ្វើ​ការ​១០​ឆ្នាំ​សិក្សា​អំពី​រចនាសម្ព័ន្ធ​នៃ​ទីក្រុង​អង្គរធំ ក៏​ប៉ុន្តែ ឡាយដា ប្រើ​ពេល​តែ ១​ថ្ងៃ​មើល​ឃើញ​ទាំង​អស់ គឺ​ខុស​គ្នា​សម្បើម»

​ចាប់​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ឆ្នាំ​២០១៥ សហគមន៍​អឺរ៉ុប​បាន​យក​ឧបករណ៍​ថតរូប​លើ​អាកាស ឡាយដា​​នេះ មក​សាកល្បង​ស្រាវជ្រាវ​នៅ​តាម​កន្លែង​បុរាណ​ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ដោយ​គម្រោង​នេះ ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៧,៥​សែន​ដុល្លារ​អាមេរិក។

​ដោយសារ​គម្រោង​សាកល្បង​ស្រាវជ្រាវ​រក​បេតិកភណ្ឌ និង​រចនាសម្ព័ន្ធ​បុរាណ​រយៈពេល ៣​ឆ្នាំ​នៅ​កម្ពុជា បាន​ទទួល​លទ្ធ​ល្អ សហគមន៍​អឺរ៉ុប​ក៏​បាន​បន្ត​គម្រោង​ស្រាវជ្រាវ​តាម​បច្ចេកវិទ្យា​ថ្មី​នេះ ចាប់​ពី​ឆ្នាំ​២០១៥ ទៅ​ដល់​ឆ្នាំ​២០២០ ថែម​ទៀត ដោយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ៣,៥​លាន​អឺរ៉ូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។