សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ត្រូវ​បាន​បើក​សម្ពោធ​នៅ​សៀមរាប

0:00 / 0:00

រដ្ឋាភិបាល​ឥណ្ឌា ​បាន​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​ប្រមាណ ១,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​សាងសង់​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​​អាស៊ី​មួយ នៅ​ខេត្ត​សៀមរាប។

ការ​សាងសង់​បាន​ចាប់​ផ្ដើម​ឡើង​តាំង​តែ​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​​ចំណាយ​ពេល​អស់​ជិត ៤​ឆ្នាំ។ រហូត​មក​ដល់​ពេល​នេះ សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​​អាស៊ី​បាន​សាងសង់​រួច​រាល់​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​និង​អាជ្ញាធរ​អប្សរា ​​បាន​ចូល​រួម​ទ្វេភាគី​ជាមួយ​តំណាង​រដ្ឋាភិបាល​ឥណ្ឌា​ ដើម្បី​បើក​សម្ពោធ​អាគារ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី សម្រាប់​​ធ្វើ​ការ​តាំង​ពិព័រណ៍​ផលិតផល​សូត្រ​តែមួយ​គត់​នៅ​ក្នុង​តំបន់។

ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ លោក សុខ អាន ​បាន​អញ្ជើញ​ចូល​ធ្វើ​ ជា​គណៈអធិបតី​នៃ​ពិធី​បើក​សម្ពោធ​សារមន្ទីរ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​មេសា។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា ​គឺ​អ្នកស្រី ចៅ ស៊ុន កិរិយា។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា សារមន្ទីរ​ ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​សម្រាប់​តាំង​ពិព័រណ៍​ផលិតផល​សូត្រ​ពី​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​នេះ គឺ​ជា​សារមន្ទីរ​តែ​មួយ​គត់​ដែល​ទើប​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី ចៅ ស៊ុន កិរិយា ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ដែល​បើក​សម្ពោធ​នេះ គឺ​ប្រទេស​ចំនួន ៥ នៃ​កិច្ច​សហប្រតិបត្តិការ​​​ទន្លេ​មេគង្គ និង​​ទន្លេ​គង្គា បាន​នាំ​​យក​ផលិតផល​សូត្រ​ពី​ប្រទេស​រៀងៗ​ខ្លួន​មក​ដាក់​តាំង​ពិព័រណ៍៖ «គឺ​មាន​ភូមា មាន​ឡាវ វៀតណាម កម្ពុជា​យើង ជាមួយ​ឥណ្ឌា ៥​ប្រទេស។ គេ​លើក​របស់​គេ​តាំង​ពេញ​ហ្នឹង​ហើយ គេ​ដាក់​ឱ្យ​យើង​រហូត ពីព្រោះ​នេះ​ជា​សហ​ប្រតិបត្តិការ ​ទន្លេ​មេគង្គ-​ទន្លេ​គង្គា។ មាន​ន័យ​ថា ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ជុំវិញ​ទន្លេ​មេគង្គ ៥​ហ្នឹង។ ថៃ​មាន​រឿង​ស្មុគស្មាញ​អី​គាត់​ទេ ប៉ុន្តែ​គាត់​សន្យា​ថា នឹង​ចូល ប៉ុន្តែ​គាត់​រវល់»

​អាគារ​​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នេះ ​គឺ​បាន​ទទួល​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​ឥណ្ឌា។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ឥណ្ឌា បាន​ជ្រើស​យក​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បូរាណ​នៅ​ខេត្ត​សៀមរាប ជា​ដៃគូ​នៃ​ការ​​សាងសង់​​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​មួយ​នេះ ​ពីព្រោះ​តែ​ឥណ្ឌា យល់​ឃើញ​ថា ខេត្ត​សៀមរាប គឺ​ជា​តំបន់​សំបូរ​ប្រាសាទ​បូរាណ ដែល​កំពុង​ទាក់ទាញ​អ្នក​ទេសចរណ៍​បរទេស​កាន់​តែ​ច្រើន​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឥណ្ឌា ចង់​​ឱ្យ​ពិភពលោក​បាន​ឃើញ​សក្ដានុពល​វាយនភណ្ឌ​របស់​ខ្លួន​តាម​រយៈ​អ្នក​ទេសចរ​បរទេស។

លោក ផៃ ស៊ីផាន៖ «ជំនួយ​ហ្នឹង​រៀបចំ​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​បេតិកភ័ណ្ឌ។ ដូច្នេះ​លុយ​ហ្នឹង យើង​អត់​មាន​ទទួល​ពី​គេ​ទេ គឺ​គេ​សាងសង់​ខ្លួន​គេ ​ក៏ប៉ុន្តែ​ជា​កិច្ច​សហការ​ទ្វេ​ភាគី​រវាង​ឥណ្ឌា ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​យើង​ដឹង​ថា អាជ្ញាធរ​អប្សរា វា​ស្ថិត​នៅ​ក្នុង​ការ​ចាត់ចែង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ ប្រធានាធិបតី​ប្រទេស​ឥណ្ឌា លោកស្រី ប្រាទីបា ទេវីសិង្ហ ប៉ាទីល (Pratibha Devisingh Patil) ធ្លាប់​បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​បញ្ចុះ​​បឋមសិលា​ នៃ​​​ការ​ផ្ដើម​​ ​សាង់សង់​សារមន្ទីរ​វាយនភណ្ឌ​មួយ​នេះ។

​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី ដែល​​​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ ១​ហិកតារ ត្រូវ​បាន​​ជ្រើស​រើស​​ដោយ​ផ្អែក​លើ​ទីតាំង​​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ដើម្បី​​ឱ្យ​យល់​ដឹង​អំពី​បេតិកភណ្ឌ​ពិភពលោក​នៃ​តំបន់​អង្គរ សម្រាប់​ប្រទេស​ជា​​​សមាជិក​នៃ​កិច្ច​សហប្រតិបត្តិការ​ទន្លេ​មេគង្គ-​គង្គា មាន​កម្ពុជា ឥណ្ឌា ឡាវ ភូមា ថៃ វៀតណាម និង​បណ្ដា​ប្រទេស​ពី​​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ទៀត​ មាន​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និង​ហ្វីលីពីន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។