អាជ្ញាធរ និងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋដែលតាំងទីលំនៅថ្មី ឬត្រួសត្រាយដីព្រៃដើម្បីធ្វើកសិកម្ម ត្រូវប្រុងប្រយ័ត្នចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីដែលបន្សល់ទុកពីសម័យសង្គ្រាម។ ការក្រើនរំឭករបស់អាជ្ញាធរមានសមត្ថកិច្ចនេះ បន្ទាប់ពីគេប្រទះឃើញគ្រាប់ជាច្រើនប្រភេទជាង ១.០០០គ្រាប់ នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប។
អ្នកភូមិនៃឃុំអន្លង់រាប ស្រុកវាលវែង បារម្ភពីគ្រោះថ្នាក់ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយអ្នកភូមិខ្លះមានគ្រោះថ្នាក់ និងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងមូលដ្ឋានពួកគេជាបន្តបន្ទាប់។
ពលរដ្ឋម្នាក់រស់នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប លោក ធៀប មាស ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ថា រូបលោក និងពលរដ្ឋជាច្រើនទៀតនៅស្រុកវាលវែង ប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះច្រើនជាងការប្រឈមបញ្ហាផ្សេងទៀត ព្រោះអ្នកស្រុកភាគច្រើនចូលព្រៃធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ លោកកាន់តែភ័យខ្លាចចំពោះគ្រាប់មីន ក្រោយពីគេប្រទះឃើញគ្រាប់ជាច្រើននៅភូមិលោក៖ « ប៉ុន្មានថ្ងៃមុនឮព័ត៌មានថា ប្រជាពលរដ្ឋទៅជីកគល់បេងម៉េច ប៉ះមីនផ្ទុះងាប់ តែបើអត់ធ្វើទៅ វាអត់។ ខ្ញុំត្រាយព្រៃធ្វើចម្ការដាំដូចជាល្ង និងពោត អី។ បើគេបានមកធ្វើការរាល់ខែ រាល់ថ្ងៃទៅវាគង់តែប្រជាជនយើងអាចហ៊ានដើរអត់ញញើត »។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បញ្ជាក់ថា គ្រាប់ដែលបានប្រទះឃើញទាំងនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) កម្ទេចចោលអស់ហើយកាលពីថ្ងៃទី៣០ ខែមករា។ លោកថា ក្នុងឆ្នាំ២០១៦ មានករណីផ្ទុះមីន ៦ករណី បណ្ដាលឲ្យពលរដ្ឋស្លាប់ និងរបួសដាច់ដៃជើងជាច្រើននាក់ ជាពិសេសកើតឡើងនៅឃុំអន្លង់រាប៖ « អូ ! អាហ្នឹងសម្បូរណាស់នៅស្រុកខ្ញុំនេះ នៅអន្លង់រាប តំបន់គ្រាប់ច្រើនជាងគេហើយ មានដាច់ដៃ ដាច់ជើង ងាប់អ៊ីចឹងជាញឹកញយអ៊ីចឹងដែរ។ ខាងស៊ីម៉ាក់ និងហេឡូត្រាស់ សម្អាតតែរហូតតើ !»។
គ្រាប់ដែលអ្នកភូមិចម្ការជ្រៃខាងជើង នៃឃុំអន្លង់រាប ប្រទះឃើញនោះមាន ៧ប្រភេទ សរុបចំនួន ១.១៥០គ្រាប់ ដូចជាគ្រាប់ប្រភេទត្បាល់ ១២០មិល្លីម៉ែត្រ និងគ្រាប់ប៉ូតែត ភីជី ៧ (PG7) ជាដើម។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) ម្នាក់ដែលគេស្គាល់ថាជាប្រធានគ្រប់គ្រងផ្នែកដោះមីនប្រចាំនៅស្រុកសំឡូត ខេត្តបាត់ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៤ ខែកុម្ភៈ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។ ប៉ុន្តែទាំងអធិការ និងអភិបាលស្រុកវាលវែង អះអាងថា មន្ត្រីដោះមីនស៊ីម៉ាក់ និងហេឡូត្រាស់ (HELLOTRUST) កំពុងប្រតិបត្តិការដោះមីននៅឃុំថ្មដា និងក្បែរព្រំដែនខ្មែរ-ថៃ ក្នុងស្រុកវាលវែង។
អភិបាលស្រុកវាលវែង លោក ហេង សុភាណា អំពាវនាវឲ្យពលរដ្ឋ ជាពិសេសកសិករបង្កើនការប្រុងប្រយ័តចំពោះបញ្ហាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលចូលធ្វើស្រែចម្ការ ឬតាំងទីលំនៅលើដីថ្មី៖ « មុននឹងអាស្រ័យផល ឬដាំដុះអីហ្នឹងធ្វើម៉េចទាក់ទងខាងមន្ត្រីជំនាញទៅរកមីន មានទាំងស៊ីម៉ាក់ ឬអ្នកពាក់ព័ន្ធក្នុងការរុករកមីនឲ្យមកជួយ ដើម្បីធ្វើម៉េចបងប្អូនយើងអាចអាស្រ័យផលទៅមានសុវត្ថិភាព »។
ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង គឺជាសមរភូមិក្ដៅចុងក្រោយរបស់ទាហានខ្មែរក្រហម តស៊ូប្រយុទ្ធជាមួយទាហានរបស់រដ្ឋាភិបាលនៅចុងឆ្នាំ១៩៩៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
