ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ដាក់លិខិតកោះហៅ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកសួរនាំអំពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយកន្លងមក និងឲ្យបង្ហាញពីរបាយការណ៍ផែនការសកម្មភាពរបស់ខ្លួន។
ការកោះហៅ លោក ឱម យ៉ិនទៀង នៅពេលនេះ គឺធ្វើឡើងស្របពេលដែលប្រធានអង្គការតម្លាភាពកម្ពុជា ត្រៀមសហការផ្តល់បច្ចេកទេស និងឯកសារអំពើពុករលួយ ជូនដល់គណៈកម្មការនេះ ដើម្បីឈានទៅដល់ការលុបបំបាត់អំពើពុករលួយនៅកម្ពុជា ឲ្យបានប្រសើរនាថ្ងៃអនាគត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនទាន់កំណត់ថ្ងៃ និងពេលវេលា ដើម្បីជួបប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឬគណៈកម្មការទី១០ ទៅតាមការស្នើសុំរបស់ថ្នាក់ដឹកនាំស្ថាប័ននេះនៅឡើយទេ។
ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា លោក ហូរ វ៉ាន់ ចង់ដឹងថា តើគណៈកម្មការប្រតិបត្តិ គឺអង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន លោក ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការស៊ើបអង្កេតករណីពុករលួយណាខ្លះ ហើយមានពាក្យបណ្ដឹងណាខ្លះដែលប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ហើយអង្គភាពនេះគ្រោងនឹងបើកការស៊ើបអង្កេតករណីណាបន្តទៀត។
លោក ហូរ វ៉ាន់៖ «វាបានចំណេញត្រង់ថា យើងបានព័ត៌មានអ្វីដែលអនុវត្តហើយ អ្វីខ្លះដែលយើងសូមឲ្យគាត់បំភ្លឺ ហើយអ្វីខ្លះដែលយើងសំណូមពរទៅគាត់ និងទី២ទៀត នូវបញ្ហាផែនការមួយចំនួន ក៏យើងចង់ដឹងដែរ ដើម្បីថាតើផែនការរបស់គាត់ នឹងអាចមានប្រសិទ្ធភាពដល់កម្រិតណា ដើម្បីយើងមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដែរ រាល់អ្វីដែលយើងកត់សម្គាល់ថា អាចនឹងមានអំពើពុករលួយ ឬអ្វីដែលយើងអាចថាមានភស្តុតាងច្បាស់លាស់ប្រឆាំងអំពើពុករលួយ បញ្ហាហ្នឹងក៏យើងលើកសំណូមពរជូនគាត់ដែរ»។
ជុំវិញការដាក់លិខិតស្នើសុំជួប លោក ឱម យ៉ិនទៀង នេះ ខាងអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតឆ្លើយតបមកគណៈកម្មការទី១០វិញ ដោយប្រាប់ថា ដាច់ខែកញ្ញា នេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងមានកិច្ចប្រជុំបូកសរុបការងារ ហើយក្រោយកិច្ចប្រជុំនោះ ខាងអង្គភាពនេះនឹងឆ្លើយតបតាមសំណើសុំរបស់ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការនេះ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឆាយ សាវុធ មិនច្បាស់ថា តើការចូលទៅបំភ្លឺរឿងនេះ នឹងត្រូវចាត់ឲ្យមន្ត្រីណាទៅ ឬក៏ត្រូវប្រធានអង្គភាព លោក ឱម យ៉ិនទៀង ត្រូវទៅឆ្លើយផ្ទាល់។
យ៉ាងណា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ក៏បានស្នើសុំជួបប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ហើយ លោក ព្រាប កុល បានណាត់ជួបនៅថ្ងៃទី១៩ កញ្ញា ខាងមុខ ដោយសហការផ្តល់ឯកសារ និងអ្នកបច្ចេកទេសមានវិជ្ជាជីវៈខ្ពស់ ដើម្បីស្រាវជ្រាវពីឫសគល់ ឬដើមហេតុនៃអំពើពុករលួយនៅតាមស្ថាប័នរដ្ឋនានាកន្លងមក។
លោក ហូរ វ៉ាន់ មានទិសដៅថាកាត់បន្ថយអំពើពុករលួយឲ្យបានច្រើនជាអតិបរមា នៅក្នុងអាណត្តិដែលលោកកាន់ការជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា។
កាលពីថ្ងៃទី៩ ខែកញ្ញា អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍ស្រាវជ្រាវរយៈពេលពីរឆ្នាំរកឃើញថា ប្រព័ន្ធការពារសុចរិតភាពរបស់ប្រទេសកម្ពុជា នៅទន់ខ្សោយ និងត្រូវកែលំអច្រើនទៀត ទោះបីមានសញ្ញារីកចម្រើន និងចំណុចខ្លាំងមួយចំនួនក្តី។
ស្ថាប័នដដែលនេះ ក៏បានរកឃើញថា នៅកម្ពុជា ទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផង ក៏មានអំពើពុករលួយដូចគ្នា គ្រាន់តែមានក្នុងកម្រិតតិច ឬច្រើនតែប៉ុណ្ណោះ។
អង្គការតម្លាភាពកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ពិគ្រោះយោបល់ពីផ្នែកពាក់ព័ន្ធនានា មានដូចជា ទាមទារឲ្យកែទម្រង់ប្រព័ន្ធតុលាការ ធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងធ្វើកំណែទម្រង់វិស័យសាធារណៈ ទើបអាចលើកស្ទួយប្រព័ន្ធសុចរិតភាពនៅកម្ពុជា ឬលុបបំបាត់អំពើពុករលួយនៅកម្ពុជា បានប្រសើរនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
