លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាប្អូនបង្កើតសពលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករ បានឲ្យដឹងថា លោកនឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ជូនលោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា។
លោក ជា វិជ្ជា ត្រូវឃាតកបាញ់សម្លាប់នៅមុខតូបលក់កាសែតក្បែររបងវត្តលង្កា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត។
លោក ជា មុនី ត្រូវជាប្អូនបង្កើតសពលោក ជា វិជ្ជា ឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ឃាតកម្មនេះមានរយៈពេល ១០ឆ្នាំគត់ ប៉ុន្តែឃាតកពិត សមត្ថកិច្ចមិនទាន់ចាប់ខ្លួនយកទៅផ្ដន្ទាទោសផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនៅឡើយទេ។
យ៉ាងនេះក្តី លោក ជា មុនី ឲ្យដឹងថា បានឲ្យមេធាវីត្រៀមដាក់ពាក្យបណ្ដឹងជាថ្មីទៅកាន់តុលាការលើសំណុំរឿងឃាតកម្មនេះ៖ «យើងនឹងដាក់ពាក្យបណ្ដឹងម្ដងទៀតក្នុងករណីឲ្យស្វែងរកមុខឃាតកសម្រាប់លោក ជា វិជ្ជា។ ពីព្រោះតុលាការកំពូលបានលើកលែងការចោទប្រកាន់ទាំងអស់ហើយ ករណីលោក សុខ សំអឿន និងលោក ប៊ន សំណាង។ អ៊ីចឹងយើងនៅធ្វើការទាមទារឲ្យតុលាការក្នុងប្រទេសកម្ពុជាហ្នឹង បន្តស្វែងរកឃាតកម្ដងទៀត។ ពីមុនសមត្ថកិច្ចបានចាប់ខ្លួន សុខ សំអឿន និង ប៊ន សំណាង មក ហើយឥឡូវតុលាការបានដោះលែងហើយ ដោយមិនមានភស្តុតាងគ្រប់គ្រាន់។ អ៊ីចឹងយើងនឹងរៀបចំដាក់ពាក្យបណ្ដឹងជាថ្មីទៀតលើសំណុំរឿងលោក ជា វិជ្ជា នេះ»។
ទោះជាបែបណា លោក ជា មុនី មិនទាន់កំណត់កាលបរិច្ឆេទនៃការដាក់ពាក្យបណ្ដឹងជាថ្មីលើសំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា ទៅតុលាការថ្ងៃណាឲ្យពិតប្រាកដទេ។
ទាក់ទងបញ្ហានេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានឲ្យដឹងថា សំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចនៅបន្តស៊ើបអង្កេត និងមិនទាន់បិទសំណុំរឿងនេះទេ។
កន្លងមកសមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ មានលោក សុខ សំអឿន និងលោក ប៊ន សំណាង បញ្ចូនទៅកាន់តុលាការ ប៉ុន្តែក្រោយមកត្រូវបានដោះលែង។ ការចាប់ខ្លួនបុរសទាំង ២ ត្រូវមន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ និងគ្រួសារជនរងគ្រោះ ចាត់ទុកថា ជាឃាតកសិប្បនិម្មិត។
លោក ជា មុនី បញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប ១០ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា លោកបានដាក់លិខិតជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១៣ ខែមករា រួចហើយ។ ប៉ុន្តែលោកថា មកដល់ថ្ងៃអង្គារ ទី១៤ ខែមករា មិនទាន់មានការឆ្លើយតបទេ។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីបានទទួលលិខិតបុណ្យខួប ១០ឆ្នាំសពលោក ជា វិជ្ជា រួចហើយ ហើយថាសំណើនេះបានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច៖ «ដោយសារតែយើងទើបបានទទួលលិខិតពីល្ងាចមិញ ហើយយើងដាក់ជូនឯកឧត្ដមអភិបាលលោកពិនិត្យសិន។ មិនទាន់បានគោលការណ៍ពីគាត់នៅឡើយទេ ត្រូវរង់ចាំមើលគោលការណ៍ពីថ្នាក់ដឹកនាំសិន»។
លោក ជា មុនី ឲ្យដឹងថា បុណ្យគម្រប់ខួប ១០ឆ្នាំ សពលោក ជា វិជ្ជា ឆ្នាំនេះ មានមនុស្សប្រមាណ ១៥០នាក់ចូលរួម។ ពិធីនេះមានសកម្មភាពដើរហែក្បួនតាមផ្លូវចេញពីទីស្នាក់ការសហជីពនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដើម្បីដាក់កម្រងផ្កានៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា នៅសួនច្បារខាងលិចវិមានឯករាជ្យ វេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
