ប្រជាពលរដ្ឋរាប់រយគ្រួសារមានលំនៅឋាននៅក្នុងសង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ សម្ដែងការព្រួយបារម្ភចំពោះវត្តមានរបស់កម្លាំងប្រដាប់អាវុធរាប់សិបនាក់ នាខេត្តព្រះសីហនុ ដែលបានដាក់ពង្រាយក្នុងមូលដ្ឋាន និងគំរាមរុះរើផ្ទះពួកគាត់ចេញពីតំបន់ក្បាលឆាយ។
ក្រុមពលរដ្ឋស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ ហើយងាកទៅចាត់វិធានការមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុខ្លះ ដែលរំលោភយកដីតំបន់ក្បាលឆាយធ្វើកម្មសិទ្ធិ និងពុះច្រៀកលក់ជាឡូត៍ៗក្នុងម្នាក់ៗរាប់សិបឡូត៍ឲ្យមានប្រសិទ្ធភាព។
អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំងចម្រុះប្រដាប់អាវុធរាប់សិបនាក់នៅលើទីតាំងក្នុងមូលដ្ឋានសង្កាត់លេខ១ ចំពេលមានការតម្រូវឲ្យពលរដ្ឋរុះរើផ្ទះសង់ថ្មីចំនួន ៣៦ខ្នងផ្ទះ។
ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់ជាង ១០០គ្រួសារ បានមកតាំងទីលំនៅលើដីតំបន់ក្បាលឆាយមានពលរដ្ឋខ្លះមានរយៈពេល ៥ឆ្នាំមកហើយ ហើយបានទិញដីតំបន់នេះពីមន្ត្រីយោធា និងមន្ត្រីស្ថាប័នរដ្ឋបាលព្រៃឈើ។
ក្រុមប្រជាពលរដ្ឋស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្ដល់សិទ្ធិរស់នៅស្របច្បាប់នៅលើដីកំពុងសង់លំនៅឋានឲ្យមានសុវត្ថិភាព ព្រោះថា សព្វថ្ងៃអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បាននាំយកកម្លាំងប្រដាប់អាវុធចម្រុះមកគំរាមពលរដ្ឋឲ្យរុះរើផ្ទះចំនួន ៣៦ខ្នងចេញពីតំបន់ក្បាលឆាយ ដោយចោទថា សំណង់ទាំងនោះទើបសាងសង់ថ្មី៖ «ខ្ញុំសុំគោរពឲ្យសម្ដេចជួយធ្វើម៉េចឲ្យកូនចៅរស់នៅលើដីធ្លីនេះឲ្យបានទាំងអស់គ្នា។ សម្ដេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ជួយកូនដែលកំពុងរស់នៅទីនេះ ដែលកំពុងតែលំបាកលំបិនហើយគ្មានជម្រកដែលត្រូវជ្រកកោនទេ»។
ទាក់ទិនបញ្ហានេះ លោក ឆាយ រដ្ឋ ចៅសង្កាត់រងទី២ សង្កាត់លេខ១ ខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលពិចារណាផ្ដល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋរស់នៅឲ្យមានសុវត្ថិភាពនៅក្នុងសង្កាត់លេខ១ ដែលពលរដ្ឋបានអភិវឌ្ឍន៍ឲ្យមានជាអណ្ដូងទឹក ឬប្រព័ន្ធភ្លើងសម្រាប់ប្រើប្រាស់រួចហើយ៖ «ការមកតាំងទីរបស់ពលរដ្ឋនៅតំបន់ក្បាលឆាយនេះ គឺមានរយៈពេលពី ៤ ទៅ ៥ឆ្នាំហើយ ហើយចេះតែទន្ទ្រានជាបន្តបន្ទាប់ ដូចជាកាប់ព្រៃឈើរដ្ឋនេះឯង។ ក៏ប៉ុន្តែនេះមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេ គឺជាកំហុសរបស់មន្ត្រីមេព្រៃ និងកំហុសរបស់ទាហានជាកងកម្លាំងប្រដាប់អាវុធដែលខេត្តប្រគល់តួនាទីឲ្យថែរក្សាព្រៃឈើ ឬស្ថាប័នមេព្រៃ ឲ្យមកថែរក្សាព្រៃតំបន់ហ្នឹង»។
ឆ្លើយតបបញ្ហានេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរមានវិធានការរុះរើតែលំនៅឋានដែលទើបសង់ថ្មីចំនួន ៣៦ខ្នងផ្ទះ ដែលពលរដ្ឋទើបលួចសង់ថ្មីៗនៅលើដីរក្សាប្រភពទឹកក្បាលឆាយ។ លោកថា អាជ្ញាធរគ្មានវិធានការរុះរើលំនៅឋានពលរដ្ឋដែលសង់យូរឆ្នាំមកហើយនោះទេ៖ «នេះហើយដែលជាបញ្ហា ហើយយើងកំពុងតែរកមុខ។ យើងមានឈ្មោះមានអីអស់ហើយ អ្នកខ្លះមិនមែនជាអ្នកអត់ដីរស់នៅពិតប្រាកដទេ។ អ្នកខ្លះគ្រាន់តែមក ដើម្បីចាប់ដីលក់តែប៉ុណ្ណឹងទេ។ អ្នកខ្លះមិនហ៊ានចេញមុខខ្លួនឯងទេ គឺរុញគេពីក្រោយឲ្យគេទៅមុខ ដើម្បីឲ្យមករុករានហើយបានផល ឬបានដីចែកគ្នា»។
លោក ស្រ៊ុន ស្រ៊ន់ បន្ថែមថា ការពង្រាយកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋាន និងបោះទីស្នាក់ការរបស់អាជ្ញាធរក្នុងមូលដ្ឋានសង្កាត់លេខ១ គឺដើម្បីត្រៀមទប់ស្កាត់សកម្មភាពសង់សំណង់ថ្មីៗ នៅលើដីតំបន់ក្បាលឆាយ នៅថ្ងៃអនាគត គឺមិនបានទៅគំរាមពលរដ្ឋនោះទេ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងសង្កាត់លេខ១ មានការព្រួយបារម្ភចំពោះវត្តមានរបស់កម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដែលបានដើរបិទសេចក្ដីប្រកាសឲ្យពលរដ្ឋរុះរើលំនៅឋានចំនួន ៣៦ខ្នងផ្ទះក្នុងរយៈពេល ២ថ្ងៃមកនេះ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា កម្លាំងចម្រុះប្រដាប់អាវុធរាប់សិបនាក់ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានដាក់ពង្រាយ និងសង់ទីស្នាក់ការនៅក្នុងមូលដ្ឋានសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយវត្តមាននេះ ត្រូវប្រជាពលរដ្ឋបានផ្ទុះការតវ៉ា ប៉ុន្តែមិនមានផ្ទុះអំពើហិង្សាទេ។ យ៉ាងណាក៏ដោយ អ្នកស្រី ចៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ ដែលចុះឃ្លាំមើលកង្វល់ពលរដ្ឋដល់ទីតាំងប្រឈមមុខដាក់គ្នារវាងពលរដ្ឋនិងអាជ្ញាធរ ចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១១ ខែវិច្ឆិកា។ អ្នកស្រីស្នើដល់រដ្ឋាភិបាលគួរកាត់ឆ្វៀលដីនៅតំបន់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ដែលពលរដ្ឋបានមកតាំងទីលំនៅយូរឆ្នាំបានប្រើប្រាស់ស្របច្បាប់។
ករណីនេះ អ្នកស្រី ចៀប សុធារី បានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ត្រូវងាកទៅទប់ស្កាត់សកម្មភាពរុករានដីតំបន់ក្បាលឆាយ ឬក៏សកម្មភាពពុះច្រៀកដីជាឡូត៍ដើម្បីលក់បន្ត ផ្ដើមដោយមន្ត្រីក្រុមប្រឹក្សាខេត្តមួយចំនួន ឬមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ឲ្យមានប្រសិទ្ធភាពវិញ៖ «ព្រោះប្រជាពលរដ្ឋភាគច្រើនបានមកទិញដីនៅទីនេះ ដោយសារតែដីនៅកន្លែងហ្នឹងមានតម្លៃទាប ហើយបើគាត់មានលុយច្រើន គាត់មិនមកទិញដីនៅតំបន់ក្បាលឆាយនេះទេ ហើយតំបន់ខេត្តព្រះសីហនុ ដូចដឹងស្រាបហើយ គឺហាងឆេងដីមានតម្លៃខ្ពស់ណាស់»។
ត្រង់ចំណុចនេះ មន្ត្រីរាជការថ្នាក់ទាប និងពលរដ្ឋខេត្តព្រះសីហនុ មួយចំនួន រង់ចាំមើលវិធានការក្ដៅរបស់អាជ្ញាធរខេត្តព្រះសីហនុ ទៅលើមន្ត្រីមានតួនាទីមួយចំនួននាខេត្តព្រះសីហនុ ដែលបានរំលោភយកដីតំបន់ក្បាលឆាយទុកធ្វើកម្មសិទ្ធិ និងច្រៀកលក់ជាបន្តបន្ទាប់។ ក្នុងនោះ លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ឬលោក សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត ក៏មានចំណែកដីជាច្រើនឡូត៍ និងរាប់សិបហិកតារនៅតំបន់ក្បាលឆាយនេះដែរ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធរខេត្តព្រះសីហនុ បានប្រើកម្លាំងរុះរើផ្ទះប្រជាពលរដ្ឋជិត ១០ខ្នងផ្ទះ ចេញពីតំបន់ក្បាលឆាយ នាក្រុងនិងព្រះសីហនុ ដោយសំអាងថា ជាសំណង់សង់ថ្មីសង់នៅលើដីប្រភពទឹកដែលរដ្ឋហាមឃាត់។ សកម្មភាពរុះរើនេះ បណ្ដាលឲ្យពលរដ្ឋតវ៉ា និងប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ ៤ មួយរយៈពេលខ្លី ចន្លោះពី១០ ដល់ម៉ោង ១២ថ្ងៃត្រង់ ទើបរំសាយការប្រមូលផ្តុំដោយសារអាជ្ញាធរខេត្តចុះមកសម្របសម្រួល និងសន្យាថា មិនមានការរុះរើសំណង់រឹងមាំដែលសង់យូរឆ្នាំនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
