ពលករខ្មែរ ១៤នាក់ ដែលជាប់ពន្ធនាគារនៅប្រទេសថៃ ដោយសារការប្រើប្រាស់ឯកសារឆ្លងដែនក្លែងក្លាយ ហើយរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យដោះលែងនោះ ត្រូវបានអាជ្ញាធរថៃ ដោះលែងមកវិញហើយ នៅថ្ងៃទី៤ កក្កដា។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី៤ កក្កដា ដោយបញ្ជាក់ថា ពលខ្មែរទាំង ១៤នាក់ ដែលបានជាប់ពន្ធនាគារនៅខេត្តស្រះកែវ ប្រទេសថៃ រយៈពេលប្រហែល ២សប្ដាហ៍មកហើយនោះ បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី៤ កក្កដា។
លោកឱ្យដឹងថា ក្នុងចំណោមពលករខ្មែរ ១៤នាក់នោះ គឺមានស្រី ១០នាក់ ប្រុស ៤នាក់នោះ ហើយមានសុខភាពធម្មតាទេ។
លោក កុយ គួង មានប្រសាសន៍ទៀតថា ការដោះលែងនោះ គឺតាមការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ទៅរាជរដ្ឋាភិបាលថៃ តាមរយៈរដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសថៃ គឺលោក ស៊ីហាសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ក្នុងពេលថ្មីៗនេះ ដោយបញ្ជាក់ថា ពលករទាំងនោះជាជនរងគ្រោះពីការក្លែងបន្លំឯកសាររបស់មេខ្យល់នាំពលករបោកប្រាស់។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍បញ្ជាក់បន្ថែមថា ពលករ ១៤នាក់ ដែលអាជ្ញាធរថៃ ចោទប្រកាន់រឿងឯកសារចូលប្រទេសថៃ ក្លែងក្លាយនោះ ត្រូវបានមកដល់ច្រកទ្វារព្រំដែនប៉ោយប៉ែត នៅវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា។
លោក ស៊ុំ ច័ន្ទគា៖ «គឺទាក់ទងនឹងការប្រើប្រាស់ប៉ាសស្ព័រ (លិខិតឆ្លងដែន) ដែលគេមើលទៅជាលក្ខណៈប៉ាសស្ព័រដែរ ប៉ុន្តែវាយត្រាទៅ ត្រានោះក្លែងក្លាយ ហើយចូលក្នុងប្រទេសថៃ។ យើងអត់ដឹងថា គេកាត់ទោសរបៀបយ៉ាងម៉េចទេ ប៉ុន្តែយើងឃើញគេបញ្ជូនមក មានទាំងអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ផង មាន លោក ម៉េត សារី គឺអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ជាអ្នកជូនដំណើរមក ហើយចូលកន្លែងអន្តោប្រវេសន៍ ហើយមានការប្រជុំរយៈពេលខ្លី ហើយឱ្យកម្មករហ្នឹងត្រឡប់ទៅលំនៅឋានវិញទៅ»។
លោក ស៊ុំ ច័ន្ទគា ឱ្យដឹងថា ទោះជាអាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរមកប្រទេសវិញជារៀងរាល់ថ្ងៃក៏ដោយ ក៏រហូតមកដល់ពេលនេះ ពលករខ្មែរនៅតែចូលទៅប្រទេសដោយខុសច្បាប់វិញដដែល។
ដោយឡែក មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ឱ្យដឹងថា ពលករខ្មែរដែលត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញដោយស្របច្បាប់ មានទិដ្ឋាការត្រឹមត្រូវមានចំនួនជាង ១ម៉ឺននាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
