ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចំនួន​១៤​សន្យា​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន​១៤ បាន​សន្យា​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ទាំង​១៤ នោះ​រួម​មាន ក្រុមហ៊ុន ថុង សម្បត្តិ ក្រុមហ៊ុន ម៉ី ហុង ដឹក​អ្នក​ដំណើរ ក្រុមហ៊ុន ផលបូប៉ាន់ ត្រេនស្ព័ត ក្រុមហ៊ុន នាគក្រហម ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ឡារីតា ក្រុមហ៊ុន វ៉ាង រ៉ិច ក្រុមហ៊ុន Giant IBIS Transport ក្រុមហ៊ុន​ហ្គោលដេន​បាយ័ន អេចប្រេស ក្រុមហ៊ុន រិទ្ធិ មុនី ដឹក​អ្នក​ដំណើរ ក្រុមហ៊ុន​កាពីតូល ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​ដឹក​ជញ្ជូន ក្រុមហ៊ុន​ណាហ្គា​ត្រេនស្ព័ត ក្រុមហ៊ុន វីរៈ ប៊ុនថាំ និង​ក្រុមហ៊ុន NATTANKAN Cambodia ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឆ្លង​ដែន។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ការ​សន្យា​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន ធ្វើ​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទាំងអស់ កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ ព្រម​ទាំង​ផ្តល់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​ធ្វើ​ដំណើរ​ច្រើន​ក្នុង​អំឡុង​រដូវ​ភ្ជុំ​បិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។