ជនជាតិដើមភាគតិចជាង ៦០នាក់ បានចុះល្បាតការចូលមកកាប់ឈើក្នុងព្រៃការពាររបស់សហគមន៍ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ ប្រជាសហគមន៍ទាំងនោះ ក្រោយពីបានចុះល្បាតបានចាប់ជនជាតិវៀតណាម ជាច្រើននាក់ ហើយបាននាំខ្លួនជនជាតិវៀតណាម ទាំងនោះ និងយកវត្ថុតាងទៅដាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់។
សហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ៣ភូមិ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ចាប់បានជនជាតិវៀតណាម ចំនួន ១៥នាក់ ដែលលបលួចចូលកាប់ឈើខុសច្បាប់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង លោក ឃុត ចាន់រ៉ា ថ្លែងនៅថ្ងៃទី៨ មីនា ថា ប្រជាសហគមន៍ជនជាតិដើមចំនួន ៣ភូមិ គឺភូមិពូលុ ភូមិឡាំមេះ និងភូមិទូចារ ក្នុងឃុំប៊ូស្រា ចំនួន ៦៦នាក់ បានចុះយាមល្បាត និងចាប់ជនជាតិវៀតណាម ដែលចូលកាប់បំផ្លាញព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ។ លោកថា ជាលទ្ធផលនៅព្រលឹមស្រាងៗថ្ងៃទី៨ មីនា ពួកគាត់បានចុះនៅចំណុចអូរជឺដាច ចាប់បានជនជាតិវៀតណាម ចំនួន ១៥នាក់ ដែលកំពុងធ្វើសកម្មភាពកាប់ឈើ និងវត្ថុតាងមួយចំនួន ដូចជា គោយន្តច្នៃចំនួន ៤គ្រឿង រណាយន្ត ឬត្រុងសោន័រ ៧គ្រឿង កាំភ្លើងធុនអ៊ឹមសី (M16) ១ដើម ម៉ូតូ ៩គ្រឿង និងឈើគគីរកាត់រួចប្រមាណ ៤ម៉ែត្រគូប។ វត្ថុតាង និងមនុស្ស ពួកគាត់បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។
«សំឡេង»
ទាក់ទងបញ្ហានេះ មន្ត្រីប៉ូលិសស្រុកពេជ្រាដា លោក សៅ សុវណ្ណារិទ្ធ ដែលចុះធ្វើការជាមួយមន្ត្រីប៉ូលិសឃុំ បានមានប្រសាសន៍ថា ក្រុមការងារកំពុងសាកសួរពីមូលហេតុនៃការចូលមក ប៉ុន្តែនៅពុំទាន់បានព័ត៌មានជាក់លាក់នៅឡើយ ដោយសារបញ្ហាពិបាកទំនាក់ទំនងខាងផ្នែកភាសា។
«សំឡេង»
យ៉ាងណាក៏ដោយ សហគមន៍ជនជាតិដើមភាគតិចមួយចំនួន ក៏កំពុងរង់ចាំមើលជុំវិញចំណាត់ការរបស់សមត្ថកិច្ច លើជនជាតិវៀតណាម ដែលចូលមកកាប់បំផ្លាញព្រៃឈើនេះ។
សហគមន៍បានអះអាងថា កន្លងមកពួកគាត់ពុំធ្លាប់ចាប់ជនជាតិវៀតណាម ដូចពេលនេះទេ គឺពួកគេរត់គេចអស់ បន្សល់ទុកតែវត្ថុតាងតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
