សំណុំរឿង​កម្មករ​ខ្មែរ​អូស​រទេះ​១៦​នាក់​បាន​បញ្ជូន​ដល់​តុលាការ​ថៃ

0:00 / 0:00

សំណុំរឿង​របស់​កម្មករ​កម្ពុជា ទាំង ១៦​នាក់ បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ថៃ​ហើយ នៅ​ពេល​នេះ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ចរចា​ដែល​ធ្វើ​ឡើង​នៅ​ច្រក​ប៉ោយប៉ែត​នោះ ភាគី​ថៃ​បាន​បដិសេធ​ចំពោះ​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង ១៦​នាក់​នោះ​មក​វិញ។ ចំណែក​តំណាង​កម្មករ​ព្រមាន​ថា បើ​អ្នក​ទាំង ១៦ នោះ​មិន​ត្រូវ​បាន​ភាគី​ថៃ ដោះលែង​វិញ​ទេ ច្រក​ទ្វារ​ប៉ោយប៉ែត​នេះ អាច​នឹង​បិទ​ជា​ថ្មី​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា កម្មករ​ទាំង ១៦​នាក់ ដែល​តម្រួត​ថៃ​ចាប់​ខ្លួន​ក្នុង​ទឹកដី​ថៃ​នោះ អាច​នឹង​ត្រូវ​ដោះលែង​ក្នុង​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ បន្ទាប់​សំណុំរឿង​នេះ​ឆ្លង​កាត់​តុលាការ​រួច។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ថា កម្មករ​ដែល​ត្រូវ​បាន​ភាគី​ថៃ ចាប់​ខ្លួន កាល​ពី​២​ថ្ងៃ​មុន​នេះ អាច​នឹង​ដឹង​ពី​ជោគវាសនា​នៅ​ដើម​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។ លោក​ថ្លែង​បន្ត​ថា នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ ខាង​ភាគី​ថៃ និយាយ​ថា ដើម្បី​បញ្ចប់​វិវាទ​នៅ​ចក្រ​ទ្វារ​ប៉ោយប៉ែត​នេះ សម​ភាគី​​ថៃ​ថ្លែង​ថា គេ​មិន​អាច​អនុវត្ត​បាន​ភ្លាមៗ តាម​សំណើ​របស់​កម្ពុជា​ទេ ដោយ​ហេតុ​ថា សំណុំរឿង​របស់​កម្មករ​ទាំង ១៦​នាក់​នោះ បាន​បញ្ជូន​ដល់​ដៃ​តុលាការ​រួច​ហើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ចុះ នៅ​ក្នុង​ជំនួប​នោះ​លោក គោ ស៊ុំសារឿត ស្នើ​សុំ​ឲ្យ​ភាគី​ថៃ ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយ​ណា​ប្រឆាំង​កម្មករ​កម្ពុជា ដោយសារ​ពួក​គេ​គឺ​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ឥវ៉ាន់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ប៉ុណ្ណោះ។ ហេតុ​នេះ កម្មករ​ទាំង​នោះ​គប្បី​ត្រូវ​ទទួល​បាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។

លោក​បន្ត​ថា៖ «ឯកឧត្ដម​អភិបាល​ខេត្ត​ស្រះកែវ​ហ្នឹង គាត់​នឹង​ខិតខំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ផ្សេងៗ​ហ្នឹង​ឲ្យ​បាន​ឆាប់។ គាត់​សន្យា​ជាមួយ​យើង​ថា យូរ​បំផុត​ព្រឹក​ថ្ងៃ​ច័ន្ទ ឬ​ក៏​ព្រឹក​ថ្ងៃ​អង្គារ»

បើ​ទោះ​ជា​មាន​បញ្ហា​ផ្លូវ​ច្បាប់​នៅ​បន្ត​តានតឹង តែ​ថា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បើក​ឲ្យ​ដំណើរ​ការ​វិញ​ហើយ​នៅ​ពេល​នេះ។ ស្ថានភាព​បាន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ត្រូវ​បិទ​បណ្ដោះអាសន្ន ក្នុង​រយៈពេល​ខ្លី​មិន​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ដោយ​ការ​ខឹងសម្បា​របស់​ក្រុម​កម្មករ​ដែល​ពិបាក​ដឹក​ឥវ៉ាន់​ចូល​ក្នុង​ទឹក​ដី​ថៃ​មិន​បាន។

បើ​ទោះ​ជា​បែប​ណា តំណាង​កម្មករ​អូស​រទេះ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ លោក ហិន រ៉ា ព្រមាន​ថា ការ​រំសាយ​នៅ​ពេល​នេះ ពុំ​មែន​បាន​ន័យ​ថា បញ្ឈប់​ការ​ទាមទារ​ឡើយ តែ​ថា បើ​កម្មករ​ជាង ១០​នាក់​ដែល​ថៃ​ចាប់​ខ្លួន​នោះ នៅ​តែ​ពុំ​ព្រម​ដោះលែង​ទេ ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​នេះ នឹង​ត្រូវ​បិទ​ឡើង​វិញ​ភ្លាម​ដែរ ប្រឆាំង​ការ​ឃុំខ្លួន​កម្មករ​ខ្មែរ​ដោយ​អាជ្ញាធរ​ថៃ​បន្ត​ទៀត៖ «បើ​១៦​នាក់​ហ្នឹង​មិន​យក​ចេញ​មក​ក្នុង​រយៈពេល ២​ម៉ោង​មិន​ដោះស្រាយ​នោះ​ទេ យើង​នឹង​បិទ​បន្ត​ទៀត»

ចំណែក​អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឡុងគឿ លោក នួន នីគីដា និយាយ​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​ភាគី​ថៃ ជួយ​សម្រួល​ការ​នាំ​ទំនិញ​ពី​ខ្មែរ​មិន​ឲ្យ​មាន​ភាព​តឹងរ៉ឹង និង​ចំណុច​ទី​ពីរ គឺ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ថៃ ដោះលែង​កម្មករ​អូស​រទេះ​ជាង ១០​នាក់​បាន​ត្រឡប់​មក​លំនៅឋាន​វិញ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ថា នេះ​គឺ​​​ជា​ការ​ទទួល​ខុស​ត្រូវ​ពី​ជំនាញ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។

លោក​និយាយ​ថា ក្នុង​ករណី​វិវាទ​នេះ​បន្ត​រីកសាយ​ភាយ បញ្ហា​អាច​នឹង​ជះឥទ្ធិពល​ដល់​ការ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ៖ «អាជ្ញាធរ​គួរ​តែ​ចាត់ការ​ទៅ​តាម​នីតិវិធី​ឲ្យ​បាន​ឆាប់​ក្នុង​ការ​ទំនាក់ទំនង​ដោះស្រាយ​អំពី​បញ្ហា​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ ទាក់ទង​ទៅ​លើ​ការ​ខុស​ប្លែក​គ្នា​ទៅ​លើ​ទំនិញ។ ទីពីរ​គាត់​គួរ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ឆាប់។ ដោះស្រាយ​ទៅ​លើ​បញ្ហា​ខ្មែរ ១៦​នាក់​ដែល​ត្រូវ​បាន​ថៃ​ចាប់​យក​ទៅ»

គិត​ចាប់​ពី​ថ្ងៃ​ទី​១៤ សីហា មក តម្រួត​របស់​ថៃ បាន​ចាប់​ខ្លួន​កម្មករ​ខ្មែរ​ដែល​ស៊ី​ឈ្នួល​អូស​រទេះ​ចូល​ក្នុង​ទឹក​ដី​ថៃ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន ១៦​នាក់​ហើយ។ ក្រុម​បាតុករ​និយាយ​ថា ក្នុង​ពេល​តវ៉ា​នៅ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា អ្នក​ធ្វើ​បាតុកម្ម​បាន​ប៉ះទង្គិច​​គ្នា​មួយ​ប្រាវ​ជាមួយ​កង​កងរាជអាវុធហត្ថ​ដែល​ឈរ​ជើង​នៅ​ទីតាំង​កើត​ហេតុ​នោះ។ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។