មនុស្ស​១៦​នាក់​ស្លាប់​ដោយសារ​រអិល​រថយន្ត​ធ្លាក់​ចូល​ជ្រលង​ភ្នំ​នៅ​ឧត្តរមានជ័យ

ប្រភព​ពី​មន្ត្រី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៦​នាក់​បាន​ស្លាប់ និង ២៣​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​តែ​រថយន្ត​ក្រុង ១​គ្រឿង​ដែល​ដឹក​អ្នក​ដំណើរ​ចំនួន ៣៩​នាក់ បាន​រអិល​ធ្លាក់​ពី​លើ​ផ្លូវ​នៃ​កំពូល​ភ្នំ​ដងរែក ចូល​ទៅ​ក្នុង​ជ្រលង​ភ្នំ កាល​ពី​វេលា​ម៉ោង ១១ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​សីហា។

អភិបាល​ស្រុក​អន្លង់វែង គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ជា​ហេតុការណ៍​ដ៏​រន្ធត់៖ «បាទៗ​ត្រឹមត្រូវ​ហើយ ឥឡូវ​ខ្ញុំ​កំពុង​តែ​ធ្វើ​ពិធី​ប្រគល់​សព»

ប្រភព​ពី​សាក្សី​ដែល​ដឹង​រឿង​នេះ បាន​និយាយ​ថា រថយន្ត​ក្រុង ១​គ្រឿង​ដែល​គ្រោះថ្នាក់​នោះ បាន​ដឹក​មនុស្ស​ចំនួន ៣៩​នាក់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កម្សាន្ត​នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ នៃ​ច្រក​ជាំសាង៉ាំ លើ​ខ្នង​ភ្នំ​ដងរែក លុះ​ចុះ​ពី​កំពូល​ភ្នំ បំណង​ត្រឡប់​ទៅ​ទី​រួម​ស្រុក​អន្លង់វែង វិញ ក៏​រអិល​ធ្លាក់​ពី​លើ​ផ្លូវ​ធ្លាក់​ទៅ​ក្នុង​ជ្រលង​ភ្នំ។ ប៉ូលិស​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ធ្លាក់​រថយន្ត​នោះ​ទំនង​បណ្ដាល​មក​ពី​រថយន្ត​មាន​បញ្ហា​ហ្វ្រាំង ឬ​ក៏​អ្នក​បើកបរ​រថយន្ត​មិន​ស្ទាត់​ជំនាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។