ពលរដ្ឋ​ខ្មែរ​១៧​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ

នៅ​ខេត្ត​កោះកុង មាន​សេចក្តី​រាយការណ៍​ថា ពលរដ្ឋ ១៧​នាក់ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កោះកុង ជួយ​សង្គ្រោះ​បន្ទាប់​ពី​ត្រូវ​បាន​មេ​ខ្យល់​លក់​ឱ្យ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ។

0:00 / 0:00

បុរស​ចំនួន ១៧​នាក់ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល សង្គ្រោះ​ពី​ប្រទេស​ថៃ ហើយ​នាំ​មក​ផ្ទះ​វិញ​នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៣ កក្កដា បន្ទាប់​ពី​ត្រូវ​បាន​មេ​ខ្យល់​លក់ ឱ្យ​ទៅ​ធ្វើ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ។

ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​សង្គ្រោះ​នោះ ជា​សាច់​ញាតិ​បង​ប្អូន ពូ​ក្មួយ​នឹង​គ្នា ហើយ​សុទ្ធ​តែ​ជា​អ្នក​ដែល​រស់នៅ​ក្នុង​ទឹក​ខេត្ត​កោះកុង ផ្ទាល់ ដែល​ស្គាល់​ភូមិសាស្ត្រ​នៃ​ប្រទេស​ថៃ ច្រើន។

បុរស​វ័យ ៥៧​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដែរ​នោះ លោក សៅ សំណាង ហៅ គា បាន​និយាយ​ប្រាប់​ថា ក្រុម​លោក​បាន​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ព្រោះ​សង្ឃឹម​ថា​នឹង​បាន​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​ប្រេង ដែល​រក​ចំណូល​បាន​ប្រហែល ៧​ពាន់​បាត ឬ​ជាង ២០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ៖ «សម្រាប់​ក្នុង​ឆាក​ជីវិត​ខ្ញុំ ពេល​ដែល​ឮ​កូន​ប្រសា​ខ្ញុំ​ប្រាប់​ថា ប៉ា! គេ​លក់​យើង​ហើយ ខ្ញុំ​អស់​សង្ឃឹម​ក្នុង​ឆាក​ជីវិត។ ខ្ញុំ​ហួស​ចិត្ត។ មនុស្ស​ខ្ញុំ​ចំណាស់​នេះ ក្បែរ​ហា​ហើយ ទី​បំផុត​ឱ្យ​ក្មេង​ឱ្យ​មនុស្ស​ចំណាស់​ប្រហែល​ខ្ញុំ មក​លក់​ខ្ញុំ​បាន ហើយ​ខ្ញុំ​ក៏​ធ្លាប់​នៅ​ក្នុង​អង្គការ​មិន​តិច​ឆ្នាំ​ដែរ ខ្ញុំ​អ្នក​ការពារ​រឿង​អ៊ីចឹងៗ ទី​បំផុត​ត្រូវ​គេ​លក់​ទៅ​វិញ»

ក្នុង​ចំណោម​បុរស​ទាំង ១៧​នាក់​នេះ ក៏​មាន​យុវជន​វ័យ ១៩​ឆ្នាំ​ម្នាក់​ដែរ។

អ្នក​ដែល​បាន​ត្រូវ​គេ​ជួញ​ដូរ​ម្នាក់​ទៀត ឈ្មោះ វ៉ា ជីន អាយុ ៣៤​ឆ្នាំ បាន​និយាយ​ថា រូប​លោក​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​រក​នេសាទ​មិន​បាន​នៅ​ស្រុក​ខ្មែរ ដូច្នេះ​សង្ឃឹម​ថា​នឹង​ប្រាក់​ខ្លះ​សម្រាប់​ផ្ញើ​មក​ផ្ទះ និង​ប្រពន្ធ​សម្រាប់​សម្រាល​កូន៖ «ខ្ញុំ​គ្រាន់​តែ​សំណូម​ពរ​ថា កុំ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង ឱ្យ​ជម្រាប​ដល់​ភូមិ​ឃុំ (មុន​នឹង​ចំណាក​ស្រុក) កុំ​ឱ្យ​ជឿ​គេ​អ៊ីចឹង ហើយ​សំណូម​ពរ​ដល់​អាជ្ញាធរ​ដែនដី ទៅ​ឃាត់​ខ្លួន​យាយ​ម៉េះ (មេ​ខ្យល់) មួយ​ដែល​នាំ​ពួក​ខ្ញុំ​ទៅ»

ពលករ​ទាំង ១៧​នាក់​នេះ ត្រូវ​បាន​លក់​ឱ្យ​ទូក​នេសាទ​ថៃ ក្នុង​ខេត្ត​ត្រាត ស្ថិត​នៅ​ជាប់​ខេត្ត​កោះកុង។ ពួក​គេ​និយាយ​ថា បើ​កាល​ណា​ត្រូវ​បាន​គេ​លក់​ឱ្យ​ទូក​នេសាទ​ហើយ នឹង​ត្រូវ​ធ្វើ​ការ​នៅ​លើ​ទូក​អស់​មួយ​ជីវិត គ្មាន​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ហើយ​បើ​កម្មករ​ណា​មិន​ខំ​ធ្វើ​ការ ឬ​ប្រឆាំង​នឹង​បញ្ជា​របស់​ថៅកែ​ទូក នឹង​ត្រូវ​គេ​វ៉ៃ​ទម្លាក់​ទឹក​មិន​ខាន​ឡើយ ហេតុ​នេះ​ទើប​ពួក​លោក​សម្រេច​ចិត្ត​លួច​រត់​ពី​លើ​ទូក ឆ្លៀត​ពេល​ដែល​ទូក​អែប​ចូល​ច្រាំង ដោយសារ​មាន​បញ្ហា​បច្ចេកទេស រហូត​ដល់​បាន​អង្គការ​សង្គម​ស៊ីវិល​ជួយ​សង្គ្រោះ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ ដែល​កំពុង​ចុះ​តាម​ដាន និង​សង្គ្រោះ​ពលករ​ទាំង​នេះ យល់​ថា ករណី​បែប​នេះ​វា​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ខេត្ត​ឆ្ងាយៗ។ តែ​សម្រាប់​ករណី​នេះ ជន​រងគ្រោះ និង​មេ​ខ្យល់​សុទ្ធ​តែ​រស់នៅ​ក្នុង​កោះកុង ដូច​គ្នា។ ហេតុ​នេះ លោក​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ចាប់​មេ​ខ្យល់​ក្នុង​បទ​ល្មើស​នេះ មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ដូច្នេះ មាន​តែ​សូម​ឱ្យ​មាន​វិធាន​ការ​បន្ទាន់ ព្រោះ​ថា មេ​ខ្យល់​ហ្នឹង គាត់​នៅ​ទឹក​ដី​កោះកុង នៅ​ឡើយ​ទេ។ អ៊ីចឹង ប្រសិន​បើ​មាន​វិធាន​ការ​បន្ទាន់ នឹង​អាច​ចាប់​ខ្លួន​ជន​ដែល​បាន​លក់ និង​ជួញ​ដូរ និង​បាន​ទាន់​ពេល​វេលា។ ប្រសិន​បើ​ជា​មិន​មាន​វិធាន​ការ​បន្ទាន់​ទេ គាត់ (ជន​ល្មើស) នឹង​រត់​គេច​ខ្លួន​ដូច​ករណី​ដទៃៗ​ទៀត​ហើយ»

សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្សព្វផ្សាយ​របាយការណ៍​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​កម្ពុជា ៤​សែន​នាក់ បាន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ។

របាយការណ៍​នៃ​កិច្ច​ប្រជុំ​​គណៈកម្មការ​ចម្រុះ​កម្ពុជា-ថៃ លើក​ទី៨ នៅ​ទីក្រុង​បាងកក (Bangkok) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា មាន​កំណើន​នៃ​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។