សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលកម្ពុជា និងអន្តរជាតិទាំង១៨១ ដែលចេញផ្សាយនៅថ្ងៃទី២២ មករា បានថ្កោលទោសម៉ឺងម៉ាត់ចំពោះការប្រើកម្លាំងប្រដាប់អាវុធលើសលប់ និងយ៉ាងសាហាវ ព្រមទាំងការចាប់ខ្លួនដោយបំពាន និងការប្រព្រឹត្តយ៉ាងអមនុស្សធម៌ ដោយអាជ្ញាធរកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ក៏បានទាមទារឲ្យដោះលែងអ្នកជាប់ឃុំនៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាម ចំនួន ២៣នាក់ ដែលកងកម្លាំងរដ្ឋាភិបាលចាប់ដាក់គុកចាប់តាំងពីថ្ងៃទី២ និងទី៣ មករា មក។
អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់នៃអង្គការអាដហុក (Adhoc) លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលទាំងនេះក៏នឹងចាប់ផ្ដើមធ្វើបេសកកម្មដាក់ញត្តិទៅបណ្ដាស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីឱ្យជួយអន្តរាគមន៍ដោះលែងអ្នកដែលកំពុងជាប់ឃុំនៅគុកត្រពាំងផ្លុង នោះ។
លោក ណៃ វ៉ង់ដា៖ «យើងចង់ឱ្យស្ថានទូតអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីឱ្យដោះលែងអ្នកទាំង ២៣នាក់ហ្នឹង ដែលមាន លោក វន់ ពៅ លោក ចាន់ ពុទ្ធិសក្ដិ លោក ថេង សាវឿន ហើយនិងកម្មករ ២០រូបទៀតហ្នឹង ឱ្យដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ មូលហេតុចម្បង គឺអ្នកទាំង ២៣នាក់ហ្នឹង មិនបានប្រព្រឹត្តនូវអំពើល្មើសនឹងច្បាប់របស់រដ្ឋទេ»។
អង្គការសង្គមស៊ីវិលទាំងនេះ នឹងចាប់ផ្ដើមធ្វើបេសកកម្មដាក់ញត្តិទៅបណ្ដាស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ មករា ហើយជាជំហានដំបូង នៅថ្ងៃទី២៣ មករា អង្គការសង្គមស៊ីវិលទាំងនេះនឹងយកញត្តិទៅដាក់ជូនស្ថានទូតអាល្លឺម៉ង់ កម្ពុជា ថៃ អូស្ត្រាលី កូរ៉េខាងត្បូង និងស្ថានទូតភូមា ឬមីយ៉ាន់ម៉ា។
អង្គការសង្គមស៊ីវិលទាំង១៨១ ក៏បានទាមទារឱ្យមានលក្ខខណ្ឌមួយចំនួន ដូចជា បង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីរកជនដែលទទួលខុសត្រូវលើអំពើហិង្សាលើកម្មករ និងធានាឲ្យបានថា ជនប្រព្រឹត្តិត្រូវបានយកមកកាត់ទោសដោយគ្មានបង្អង់ និងផ្ដល់សំណងដល់អ្នករងរបួស និងគ្រួសារអ្នកសម្លាប់ ឈប់ប្រើអំពើហិង្សា និងកម្លាំងហួសហេតុ ក៏ដូចជា ការចាប់ខ្លួនជនស៊ីវិលដោយបំពាន និងផ្ទុយទៅវិញ ធានាឲ្យបាននូវការការពារអ្នករស់នៅកម្ពុជា ស្ដារឡើងវិញ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ និងអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័ន រួមទាំង គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រើកម្លាំង និងអាវុធដោយមន្ត្រីប្រតិបត្តិច្បាប់ ត្រូវគោរពកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) អនុសញ្ញានៃអង្គការអន្តរជាតិខាងការងារ (ILO) និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែធានាថា រាល់សកម្មភាពរបស់ខ្លួន គឺអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
មួយរយៈកន្លងមកនេះ មានអង្គការជាតិ និងអន្តរជាតិមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវជាហូរហែ ទាមទារឱ្យដោះលែងអ្នកជាប់ឃុំ ២៣នាក់ នៅត្រពាំងផ្លុង នោះ ហើយគាំទ្រការទទូចរបស់អង្គការសហប្រជាជាតិ ឲ្យរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតក្នុងការប្រើកម្លាំង និងអាវុធហួសហេតុ បាញ់សម្លាប់ និងរបួសកម្មករអ្នកតវ៉ា ក្នុងពេលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ទន្ទឹមគ្នានឹងការចេញសេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំង១៨១ នេះដែរ នៅថ្ងៃទី២២ មករា មេធាវីការពារក្ដីឱ្យអ្នកជាប់ឃុំ ២២នាក់ ក្នុងចំណោម ២៣នាក់ បានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ដោយជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូង ដែលបដិសេធមិនឱ្យអ្នកទាំង ២២នាក់នោះ នៅក្រៅឃុំបណ្ដោះអាសន្ន។
កាលពីថ្ងៃទី១៤ មករា មេធាវីរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដឹងទៅសាលាឧទ្ធរណ៍មុនគេ បន្ទាប់ពីសាលាដំបូងសម្រេចមិនឱ្យ លោក វន់ ពៅ នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី៨ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
