ប្រជាពលរដ្ឋនៅស្រុកបវេល ខេត្តបាត់ដំបង បើកម៉ាស៊ីនច្រូតស្រូវជាន់មីនតោនផ្ទុះស្លាប់ម្នាក់ និង ២នាក់របួសធ្ងន់ ខណៈអ្នកទាំងបីដឹកស្រូវដែលច្រូតហើយទៅទុកនៅទីទួលក្បែរភ្លឺស្រែនៅចំណុចទួលធ្នង់ ចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ខាងត្បូងភូមិដង្កោប្រមាង ឃុំអំពិលប្រាំដើម ស្រុកបវេល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
នាយរងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំអំពិលប្រាំដើម លោក ថ ណៃ ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា ប្រជាពលរដ្ឋដែលរងរបួសធ្ងន់ ឈ្មោះ វៃ សារួម ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិតាទុក ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងម្នាក់ទៀតកម្មករបើកម៉ាស៊ីនច្រូតស្រូវ ឈ្មោះ លោក ដូន នួន អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ រីឯម្ចាស់ស្រែឈ្មោះលោក ឃឹម សីហា អាយុ ៣២ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល បានស្លាប់ខណៈដឹកទៅព្យាបាលនៅមន្ទីរពេទ្យអ៊ីមឺជេនស៊ី (Emergency) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ថ ណៃ៖ «បាទ! ដើមហេតុពីដំបូង គឺពួកគាត់បើកម៉ាស៊ីនច្រូតស្រូវនៅក្នុងវាលស្រែ រួចហើយក៏នាំគ្នាបើកម៉ាស៊ីនច្រូតនោះដឹកផលស្រូវទៅដាក់នៅទីទួល ស្រាប់តែផ្ទុះមីនតែម្ដង»។
បច្ចុប្បន្នសាកសពអ្នកស្លាប់ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យនៅផ្ទះរបស់ជនរងគ្រោះ។ចំណែកអ្នករងរបួសកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
