នៅតាមសាលារៀនមួយចំនួនក្នុងខេត្តព្រះវិហារ កំពុងកើតមានបញ្ហា ដោយសារតែសាលាខ្លះមានប្រាក់បង្រៀនបន្ថែមម៉ោងសម្រាប់បើកឱ្យលោកគ្រូ អ្នកគ្រូ ឯសាលាខ្លះទៀតមិនមានកម្មវិធីដូចនេះទេ។
បញ្ហានេះកំពុងធ្វើឱ្យគ្រូបង្រៀន ១ក្រុម នៅក្នុងស្រុកគូលែន ចម្ងាយជាង ៤០គីឡូម៉ែត្រភាគខាងត្បូងពីទីរួមខេត្តព្រះវិហារ កំពុងនាំគ្នាតវ៉ាឱ្យមន្ទីរអប់រំយុវជន និងកីឡា ត្រូវតែគិតគូរប្រាក់បង្រៀនបន្ថែមម៉ោងមកឱ្យពួកគេ ដូចដែលមន្ទីរបានផ្ដល់ជូនឱ្យសាលាមួយចំនួនដែរ។
ក្រុមគ្រូបង្រៀនចំនួន ២៤នាក់ នៅវិទ្យាល័យគូលែន នៃស្រុកគូលែន បាននាំគ្នាធ្វើកូដកម្មមិនចូលបង្រៀនរយៈពេល ៤ថ្ងៃមកហើយ គិតដល់ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា។ ការនាំគ្នាធ្វើកូដកម្មនេះ ក្នុងបំណងទាមទារឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ បើកប្រាក់បង្រៀនមបន្ថែមម៉ោងដែលពួកគេមិនទាន់បានទទួលរយៈពេលជិត ១ឆ្នាំមកហើយ។
គ្រូបង្រៀនម្នាក់ក្នុងចំណោម ២៣នាក់ផ្សេងទៀត ដែលនាំគ្នាធ្វើកូដកម្ម គឺលោក រស់ វាសនា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ថា រយៈពេលជិត ១ឆ្នាំហើយគឺនាយកវិទ្យាល័យគូលែន បានធ្វើកាលវិភាគឱ្យរូបលោក និងគ្រូបង្រៀនមួយចំនួនទៀតបង្រៀនថែមម៉ោង។ តាមគោលការណ៍ដែលបង្រៀនលើសម៉ោងនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥.២០០រៀល ក្នុង១ម៉ោង ក៏ប៉ុន្តែចាប់តាំងពីរូបលោក និងគ្រូជាច្រើនទៀតបង្រៀនបន្ថែមម៉ោង គឺរយៈពេលជិត ១ឆ្នាំហើយ នៅតែមិនទាន់បានបើកប្រាក់បន្ថែមម៉ោងទេ ហើយទីបំផុតនាយកវិទ្យាល័យឆ្លើយថា សាលានេះមិនមានកម្មវិធីបន្ថែមម៉ោងទៅវិញ។
លោក រស់ វាសនា៖ «ជិត ១ឆ្នាំមិនទាន់បានបើកផងតាំងពីដើមខែមក។ នៅសល់តែ ១ខែទៀតវ៉ាកងធំហើយ ខ្ញុំចាំអត់ឃើញមានបើកប្រាក់បន្ថែមម៉ោងផង»។
ក្រុមគ្រូបង្រៀនទាំង ៤នាក់ នៅវិទ្យាល័យគូលែន នៅតែទាមទារឱ្យមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ត្រូវតែបើកប្រាក់បង្រៀនបន្ថែមម៉ោងសម្រាប់ពួកគេ បើពុំនោះទេ គឺពួកគេនឹងមិនចូលបង្រៀនឡើយ។
នាយកវិទ្យាល័យគូលែន លោក ប៊ុន ចាន់ផល្លា បានឆ្លើយតបការទាមទារនោះថា យោងតាមសារាចររបស់ក្រសួងអប់រំយុវជន និងកីឡា ចំនួន២ ដែលបានបញ្ជាក់ជុំវិញរឿងប្រាក់បង្រៀនបន្ថែមម៉ោងនេះ គឺលោកបានពិនិត្យទៅឃើញថា សាលារបស់លោកមិនមាននិយាម ដើម្បីបានប្រាក់បន្ថែមម៉ោង ដូចសាលាដទៃទៀតទេ។
នាយកវិទ្យាល័យដដែលបញ្ជាក់ថា ការដែលលោកគ្រូអ្នកគ្រូជាច្រើននៅក្នុងសាលារបស់លោកបង្រៀនបន្ថែមម៉ោងមួយរយៈមកហើយនោះ គឺដោយតែលោកនិងលេខា បានជជែកគ្នារៀបចំធ្វើកាលវិភាគមួយបំណងជួយដល់លោកគ្រូ អ្នកគ្រូ ឱ្យបានប្រាក់បន្ថែមម៉ោងប៉ុណ្ណោះ៖ «ប្រាក់ម៉ោងនេះមិនមែនបានតាមសាលាទាំងអស់ទេ បើនិយាយសាលាខ្ញុំអត់មានតែម្ដង។ ខ្ញុំព្យាយាម ប៉ុន្តែខ្ញុំបានប្រាប់លោកគ្រូ អ្នកគ្រូខ្ញុំហើយ ខ្ញុំសូមទោស ដោយមិនបានប្រាប់មុន»។
ពេលបច្ចុប្បន្នវិទ្យាល័យគូលែន ដែលមានកម្រិតសិក្សាចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ គឺសរុបទាំងអស់ចំនួន ១៣ថ្នាក់។ ក្នុងចំណោមថ្នាក់ទាំងនោះ គឺមានមុខវិជ្ជាខ្លះ ដូចជារូបវិទ្យា គណិតវិទ្យា និងអក្សរសាស្ត្រជាដើម គឺត្រូវការបង្រៀនបន្ថែមម៉ោង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះវិហារ លោក ហន ឆន ដើម្បីសុំការពន្យល់ជុំវិញរឿងដែលគ្រូបង្រៀននៅវិទ្យាល័យគូលែន ទាមទារបើកប្រាក់បន្ថែមម៉ោងនោះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី១៥ ខែមិថុនា។
ចំណែកប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តព្រះវិហារ លោក ធួន ពុធ ពន្យល់ថា ប្រាក់បង្រៀនបន្ថែមម៉ោងនេះ មិនមែនបើកឱ្យគ្រប់សាលាទាំងអស់ទេ គឺសម្រាប់ផ្ដល់ទៅឱ្យសាលាណាដែលខ្វះគ្រូប៉ុណ្ណោះ។ ទោះយ៉ាងណាលោក ធួន ពុធ បញ្ជាក់ថា រឿងគ្រូបង្រៀននៅវិទ្យាល័យគូលែន ទាមទារប្រាក់បន្ថែមម៉ោងនេះ គឺជាកំហុសរបស់មន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះវិហារ ពីព្រោះជាធម្មតានៅមុនពេលដែលសាលាឱ្យលោកគ្រូ អ្នកគ្រូ បង្រៀនបន្ថែមម៉ោង គឺតែងតែធ្វើកាលវិភាគដាក់ទៅមន្ទីរអប់រំយុវជន និងកីឡា ពិនិត្យជាមុន ក៏ប៉ុន្តែមន្ទីរអប់រំមិនពិនិត្យ ឬក៏ឆ្លើយតបយឺតយ៉ាវទើបបណ្ដាលឱ្យមានបញ្ហាយ៉ាងដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។