មន្ត្រី​ទូត​ខ្មែរ៖ ប៉ូលិស​ថៃ​បដិសេធ​ថា​មិន​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​២​នាក់

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អ្នកស្រី យូ អយ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ថៃ បាន​ប្រាប់​អ្នកស្រី​ថា ពុំ​មាន​ករណី​ចាប់​ខ្លួន​បុរស​ខ្មែរ​ពីរ​នាក់ នៅ​ខណៈ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ នោះ​ទេ។

អ្នកស្រី យូ អយ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ស្រាវជ្រាវ​រក​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​នេះ​ភ្លាមៗ តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ថៃ ប្រាប់​ថា ពុំ​មាន​ករណី​ចាប់​ខ្លួន​នេះ​ទេ៖ «ព័ត៌មាន​នេះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ណាស់! ខ្ញុំ​បាន​ជួប​ប៉ូលិស​ទាំង​អស់ ម្យ៉ាង​ទៀត នៅ​ថៃ​នេះ ខាង​ក្រសួង​ការបរទេស​គេ​ឲ្យ​ស្ថានទូត​ទាំង​អស់​ទាក់ទង ដើម្បី​សួរ​នាំ​ទាក់ទង​នឹង​សន្តិសុខ​ផ្សេងៗ ហើយ​រឿង​នេះ ខ្ញុំ​បាន​សួរ​រក​ទៅ​ខាង​នគរបាល​ថៃ ថា គ្មាន​ការ​ចាប់​ខ្លួន​ខ្មែរ​ទេ»

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ទូរទស្សន៍​​ថៃ ប៉ុស្តិ៍​លេខ​៣ បាន​ចាក់​ផ្សាយ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​នោះ ដោយ​ចាប់​ដាក់​រថយន្ត ដោយ​ចោទ​ជនជាតិ​ខ្មែរ​ពីរ​នាក់​នោះ​ថា បាន​ព្យាយាម​លួច​ជ្រៀត​ចូល​កន្លែង​ធ្វើ​បាតុកម្ម និង​ស្វែង​យល់​ពី​ស្ថានភាព​បាតុកម្ម​ជាក់​ស្ដែង ហើយ​មាន​បំណង​បំផ្លាញ​ពួក​បាតុករ​ថៃ។

អ្នកស្រី យូ អយ បន្ត​ថា អ្នកស្រី​នឹង​ទាក់ទង​ទៅ​ក្រសួង​ការបរទេស​ថៃ ដើម្បី​សុំ​ទាក់ទង​ទៅ​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ សួរ​ព័ត៌មាន​ច្បាស់លាស់​បន្ថែម​ទៀត អំពី​ករណី​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​នោះ​ឬ​យ៉ាង​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។