អ្នកដោះមីន ២នាក់ បានស្លាប់ដោយសារផ្ទុះមីនចាស់មួយគ្រាប់កប់ក្រោមដី ដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។
ជនរងគ្រោះទាំង ២នាក់ គឺជាបុគ្គលិកខ្មែរនៃអង្គការមនុស្សធម៌មួយរបស់អង់គ្លេស ឈ្មោះ ហាល់ឡូ ត្រាស់ (Halo Trust) ដែលបំពេញការងារជួយដោះមីននៅក្នុងប្រទេសកម្ពុជា។
ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ (AFP) រាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១០ ឧសភា ខណៈអ្នកទាំងពីរកំពុងព្យាយាមដោះមីននោះ នៅអតីតតំបន់ខ្មែរក្រហមមួយកន្លែងក្នុងស្រុកសំឡូត។
សង្គ្រាមស៊ីវិលដែលចាប់ផ្ដើមក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយអូសបន្លាយជិត ៣០ឆ្នាំ បានបណ្ដាលឱ្យកម្ពុជា ក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនមិនទាន់ផ្ទុះនៅកប់ក្រោមដីយ៉ាងច្រើនជាងគេនៅលើពិភពលោក។
ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ខែមីនា ឆ្នាំ២០១៤ នេះ មនុស្សជិត ២ម៉ឺននាក់បានស្លាប់ និងជិត ៤ម៉ឺន ៥ពាន់នាក់ផ្សេងទៀតរងរបួស ដោយសារការផ្ទុះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
