កុមារ​ខ្មែរ​២​នាក់​រង​របួស​ដោយសារ​រើស​ប៉េងប៉ោង​ពី​ថៃ​លេង

0:00 / 0:00

ប្រភព​ពី​ប៉ូលីស និង​មន្ត្រី​នៃ​សាលា​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា កុមារ ២​នាក់ ដែល​រស់​នៅ​ភូមិ​ព្រៃវែង ឃុំ​គោកមន បាន​រង​របួស​រលាក​ស្បែក​នៅ​លើ​ខ្លួន និង​មុខ​ជា​ច្រើន​កន្លែង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា កន្លង​ទៅ។

ការ​រង​របួស​នោះ នៅ​ពេល​ពួកគេ​បាន​ដណ្ដើម​គ្នា​រើស​ប៉េងប៉ោង​ដែល​បង្ហោះ​ពី​ប្រទេស​ថៃ ជា​ច្រើន​​ មក​ចែក​គ្នា​លេង ហើយ​ប៉េងប៉ោង​បែក​បាន​ជះ​ចំហាយ​ខ្យល់​ម្យ៉ាង​មក​ប៉ះ​នឹង​ខ្លួន​​ពួកគេ។

អភិបាល​ស្រុក​បន្ទាយអំពិល​ លោក ហាំង ម៉េង បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១១​ ខែ​មីនា ថា មាន​ប៉េងប៉ោង ២​ចង្កោម​ធំ ចំនួន​ប្រហែល ២០០ ដែល​បង្ហោះ​ចេញ​ពី​ប្រទេស​ថៃ បាន​ធ្លាក់​នៅ​ក្នុង​ទឹក​ដី​នៃ​ស្រុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា តាម​បដា​អក្សរ​ដែល​គេ​ចង​ភ្ជាប់ គឺ​ប៉េងប៉ោង​នោះ​បាន​បង្ហោះ​ចេញ​ពី​​ការ​ប្រារព្ធ​ពីធី​ប្រឆាំង​គ្រឿង​ញៀន​មួយ នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ពេល​ដែល​ប៉េងប៉ោង​នោះ​ធ្លាក់ ដោយ​មាន​ក្មេង​នាំ​គ្នា​ទៅ​រើស​លេង ហើយ​បែក​បាន​បណ្ដាល​ឱ្យ​​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ផែត ប៉ោច អាយុ ១១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ យ៉ាក តួ អាយុ ១២​ឆ្នាំ រង​របួស​រលាក​ស្បែក​នៅ​លើ​រាង​កាយ។

លោក ហាំង ម៉េង៖ «ក្នុង​១​ដុំ​ហ្នឹង​វា​មាន​ប្រហែល​ជា ១០០​ប៉េងប៉ោង វា​ធ្លាក់​មក​ស្រុក​បន្ទាយអំពិល​ហ្នឹង ចំនួន ២​ដុំ ក្មេង​ដែល​វា​ឃើញ​​អ៊ីចឹង​ទៅ​ក៏​នាំ​គ្នា​រត់​ទៅ​រើស​យក​ប៉េងប៉ោង​លេង។ ប៉េងប៉ោង​នោះ​ក៏​វា​ផ្ទុះ​តៗ​គ្នា ១​ចង្កោម​អស់​ទៅ។ វា​ផ្ទុះ​អ៊ីចឹង​ក៏​វា​រលាក​ខ្លួន​ដូច​យើង​សាច​ទឹក​ក្ដៅ​ត្រូវ​ពង​របក​ស្បែក​តិចៗ​ ត្រូវ​មុខ ត្រូវ​ខ្លួន។ យើង​យក​ទៅ​មណ្ឌល​សុខភាព ឱ្យ​ពេទ្យ​លាប​ថ្នាំ​លាប​អី​ឱ្យ​ហើយ ហើយ​យើង​ឱ្យ​កម្លាំង​របស់​យើង​តាម​ពិនិត្យ​មើល​សុខភាព​របស់​ក្មេង តើ​វា​ប្រែប្រួល​យ៉ាង​ម៉េច? អ៊ីចឹង​មក​ដល់​ម៉ោង​នេះ​សុខភាព​ក្មេង​អត់​អី​ទេ»

អាជ្ញាធរ​មិន​ទាន់​ប្រាកដ​ថា តើ​នៅ​ក្នុង​ប៉េងប៉ោង​នោះ​អាច​មាន​ជាតិ​គីមី ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​គេ​បាន​រក្សា​ទុក​ប៉េងប៉ោង ១​ចង្កោម​ទៀត ដើម្បី​ឱ្យ​អ្នក​ជំនាញ​ជួយ​ពិនិត្យ​មើល។

អធិការ​នគរបាល​ស្រុក​បន្ទាយអំពិល លោក ហុង ចំរើន មិន​បាន​អធិប្បាយ​ក្បោះក្បាយ​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​លោក​បាន​ត្រឹមតែ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ហេតុការណ៍​ដូច្នោះ​មែន៖ «មាន​ករណី​ហ្នឹង​មាន​មែន តែ​ខ្ញុំ​អត់​បាន​រៀបរាប់​ទេ​ណា ខ្ញុំ​ជាប់​រវល់​បន្តិច សូម​ទោស»

​មន្ត្រី​ស្រុក​បន្ទាយអំពិល បាន​អះអាង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិនា ក្រុម​អ្នក​ជំនាញ​ខាង​ដោះ​មីន​បាន​ទៅ​ពិនិត្យ​មើល​ប៉េងប៉ោង​នោះ ហើយ​បាន​សន្និដ្ឋាន​ថា កុមារ ២​នាក់ ដែល​រង​របួស​អាច​ដោយសារ​តែ​នៅ​ក្នុង​ប៉េងប៉ោង ​គឺ​គេ​សប់​បញ្ចូល​ខ្យល់​ដែល​មាន​សារជាតិ​ឧស្ម័ន​ថ្ម​ស្អុយ ហើយ​នៅ​ពេល​ដែល​ប៉េងប៉ោង​បែក គឺ​​ជាតិ​ឧស្ម័ន​ថ្មស្អុយ នៅ​ក្នុង​ប៉េងប៉ោង​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ផង អាច​នឹង​ភាយ​ចំហាយ​ខ្លាំង​មក​ប៉ះ​រាង​កាយ​កុមារ​បណ្ដាល​ឱ្យ​រលាក​ដូច្នេះ។ ទោះ​យ៉ាង​ណា​មិន​ទាន់​មាន​ក្រុម​អ្នក​ជំនាញ​ខាង​គីមី​សាស្ត្រ​​ណា​មក​ពិសោធន៍​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា នៅ​ក្នុង​ប៉េងប៉ោង​នោះ​មាន​សារធាតុ​អ្វី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។