ប្រជាពលរដ្ឋ ២នាក់ បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃ ១គ្រាប់ ដោយសារការឈ្លោះប្រកែកគ្នានៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី២៧ ខែតុលា។ អធិការនគរបាលក្រុងសំរោង គឺលោក ស៊ុន សាន។ លោកមានប្រសាសន៍កាលពីរាត្រីថ្ងៃច័ន្ទ ទី២៧ ខែតុលា ថា បុរស ២នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ឈ្មោះ រឿន ធី និង រឿន ថៃ បានស្លាប់ បន្ទាប់ពីមានជម្លោះស្រួចស្រាល់ ហើយយកគ្រាប់បែកដៃមកវាយប្រហារគ្នាឯង នៅតាមដងផ្លូវក្នុងភូមិ។
លោក ស៊ុន សាន៖ «គាត់ទំនាស់យូរហើយ រឿងដីស្រែដីចំការដំឡូងអីហ្នឹង តាំងពីម្ដាយរបស់គាត់នៅរស់។ ឥឡូវម្ដាយគាត់ស្លាប់អស់ ហើយបងគាត់ឈ្មោះ ធី ទៅដឹកស្រូវដឹកអី យកកន្ទេលមុងមកពីផ្ទះបងស្រីបន្ទាប់គាត់ ហើយអា ថៃ ប្អូនទី៣នេះ គាត់ខឹង។ អ៊ីចឹងទៅដល់ទៅដឹកអីវ៉ាន់ ១ជើងទៀត មិនដឹងជាយ៉ាងម៉េចបានទាញគ្រាប់បែកបោកងាប់ទាំង ២នាក់ហ្នឹង»។
អធិការនគរបាលមិនទាន់ដឹងថា តើគ្រាប់បែកដែលបងប្អូន ២នាក់យកមកបោកសម្លាប់គ្នានោះ បានពីប្រភពណាច្បាស់លាស់នៅឡើយទេ គេគ្រាន់តែដឹងថា បុរសឈ្មោះ រឿន ថៃ ត្រូវជាប្អូនគឺមានប្រវត្តិធ្លាប់ធ្វើជាទាហានខ្មែរក្រហមកាលពីអំឡុងឆ្នាំ១៩៩០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។