ស្ត្រី២នាក់បានស្លាប់ក្នុងរថយន្ត ខណៈពេលរថយន្តបើកចុះស្រឡាងអ្នកលឿងត្រើយខាងលិច ជាន់ហ្វាំងមិនស៊ី រអិលធ្លាក់ក្នុងទឹកទន្លេ នាវេលាម៉ោងប្រមាណ ១០កន្លះយប់ថ្ងៃទី៣១ ឧសភា។
អធិការស្រុកពាមរក៏ លោក សេង ពន្លក មានប្រសាសន៍ថា រថយន្តម៉ាកតូយូតា ហ៊ីឡាក (Toyota Hilux) មានមនុស្សក្នុងរថយន្តចំនួន ៥នាក់ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រៃវែង។ នៅពេលរថយន្តចុះស្រឡាងអ្នកលឿង ក៏បានដាច់ហ្វ្រាំងចាប់មិនស៊ី ហើយធ្លាក់ចូលក្នុងទឹកបាត់រថយន្តរហូតដល់ម៉ោង ៣ទៀបភ្លឺ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ក្នុងរថយន្តនោះតែម្ដង។
ស្ត្រីដែលស្លាប់ នោះទី១ ឈ្មោះអ្នកស្រី ងី សារុន អាយុ ៦៤ រស់នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងទី២ អ្នកស្រី ធៀម ទូច អាយុ ៥៣ឆ្នាំ ជាអាជីវករនៅស្រុកពាមរក៏ ខេត្តព្រៃវែង និងជាភរិយារបស់លោកឧកញ៉ា ឡេង។ សាកសពរបស់ជនរងគ្រោះទាំង២ ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នកបើករថយន្ត ក្រោយពីចេញពីរថយន្តរត់គេចខ្លួនបាត់នៅយប់ថ្ងៃកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
