លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ស្ថិតក្នុងចំណោមសហជីពផ្សេងទៀត មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី១៣ ខែមករា ថា យ៉ាងហោចមានរោងចក្រចំនួន ២ ដែលកម្មករមិនចូលធ្វើការ មានរោងចក្រ ឃ្យូ.អ៊ឹម.អាយ (Q.M.I) មានទីតាំងនៅខេត្តកណ្ដាល និងរោងចក្រ មេនហាតធេន (Manhattan) មានទីតាំងនៅខេត្តកំពង់ចាម។
លោកស្រីបន្តថា ដើមហេតុដែលក្រុមកម្មករមិនចូលធ្វើការ គឺដោយសារតែថៅកែរោងចក្របណ្តេញតំណាងពួកគេពីការងារ និងកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងអំឡុងពេលក្រុមកម្មករធ្វើកូដកម្មប៉ុន្មានសប្ដាហ៍កន្លងទៅ៖ «ប៉ុន្មានថ្ងៃមុន ខាងក្រសួងការងារបានចេញសេចក្ដីប្រកាសមួយទាក់ទងការធ្វើកូដកម្មហ្នឹង។ ក្រសួងបានសម្របសម្រួលឲ្យកម្មករព្រមចូលធ្វើការវិញជាធម្មតា ដោយមិនកាត់ថ្ងៃ ឬលុយរង្វាន់កម្មករធ្វើការទេ។ ប៉ុន្តែក្រោយមកទៀត ត្រូវបានសមាគមរោងចក្រកាត់ដេរកម្ពុជា ឬ ជីម៉ាក់ (GMAC) ប៉ុន្តែក្រោយមកខាង ជីម៉ាក់ គាត់បានសរសេរលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការងារ សូមឲ្យមានការកាត់លុយថ្ងៃ ឬលុយរង្វាន់វិញ។ ប៉ុន្តែមកដល់ពេលនេះ យើងមានកម្មករកម្មការិនីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួន គឺគេអត់កាត់ទេ លុយថ្ងៃ ឬលុយរង្វាន់របស់ពួកគាត់ ប៉ុន្តែមានរោងចក្រភាគតិចណាស់ដែលគាត់កាត់»។
តំណាងកម្មកររោងចក្រ ឃ្យូ.អ៊ឹម.អាយ លោក យ៉ុន សំអឿន បានឲ្យដឹងថា រូបភាពនៃការបន្តធ្វើកូដកម្មរបស់កម្មករ គឺមិនប្រមូលផ្តុំគ្នានៅមុខរោងចក្រទេ ប៉ុន្តែពួកគេបានចូលក្នុងបរិវេណរោងចក្រតែមិនធ្វើការទេ។
តំណាងកម្មកររូបនេះថ្លែងថា ក្រុមកម្មកររោងចក្រ ឃ្យូ.អ៊ឹម.អាយ អាចនឹងចូលធ្វើការវិញក្នុងពេលឆាប់ៗនេះ បើសិនជាថៅកែរោងចក្រ ព្រមទទួលយកតំណាងពួកគេចំនួន ៤នាក់ ឲ្យចូលធ្វើការវិញ និងព្រមផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ៖ «ថ្ងៃកូដកម្មអត់ចូលធ្វើការចំនួន ៥ថ្ងៃកន្លះ គឺត្រូវគេកាត់ ហើយគេកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗពីលើលុយ ២០ដុល្លារ លុយកូដកាតជាដើម ថៅកែកាត់ទាំងអស់។ ឥឡូវកម្មករមិនពេញចិត្តហើយអត់ចូលធ្វើការទេ។ បើសិនជាផ្ដល់ជូនសំណងហ្នឹងវិញ ប្រហែលកម្មករចូលធ្វើការវិញ។ ប៉ុន្តែមានកម្មករខ្លះខ្លាចប្រធានក្រុមរបស់ខ្លួន បានចូលធ្វើការ ហើយមួយចំនួនទៀតអង្គុយនៅតាមកន្លែងរៀងៗខ្លួន មិនធ្វើការទេ ខ្លះក៏ចេញមកក្រៅ ប៉ុន្តែនៅក្នុងបរិវេណរោងចក្រមិនមែនចេញក្រៅរបងរោងចក្រទេ»។
ដោយឡែកប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រចាំរោងចក្រ មេនហាតធេន មានទីតាំងនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ចន ឃាង បានឲ្យដឹងពីគោលបំណងរបស់ក្រុមកម្មករមិនចូលធ្វើការនៅព្រឹកថ្ងៃច័ន្ទ ដោយសារតែថៅកែក្រុមហ៊ុនបញ្ឈប់តំណាងកម្មករពីការងារ ដោយចោទថាញុះញង់កម្មករឲ្យធ្វើកូដកម្មក្នុងពេលកន្លងទៅ៖ «គាត់ទាមទារឲ្យតំណាងសហជីពកម្មករចូលធ្វើការវិញ ដោយសារតែគាត់តវ៉ាដំឡើងប្រាក់ឈ្នួលហ្នឹង ខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការពីតំណាងសហជីពរបស់ពួកគេ ប៉ុន្តែខាងកម្មករមិនចូលធ្វើការទេ ដោយទាមទារតំណាងចូលធ្វើការវិញ និងទាមទារឲ្យដកពាក្យបណ្ដឹង។ គេប្ដឹងតំណាងសហជីពចំនួន ៧នាក់ និងដកកម្មករចំនួន ៥នាក់ផ្សេងទៀតជាបន្តបន្ទាប់»។
លោកបន្តថា ការតវ៉ារបស់ក្រុមកម្មករ គឺមិនប្រមូលផ្តុំគ្នានៅមុខរោងចក្រទេ ដោយសារកងកម្លាំងចម្រុះរដ្ឋាភិបាលរាប់រយនាក់បានដាក់ពង្រាយដើម្បីគំរាមកំហែងដល់ពួកគេ។ ប៉ុន្តែការធ្វើកូដកម្មរបស់កម្មករ គឺមិនចូលធ្វើការតែម្ដង។ យ៉ាងនេះក្តី លោកថា ក៏នៅមានកម្មករប្រមាណ ៣០ភាគរយ បានចូលធ្វើការ ដោយសារតែមានការគំរាមកំហែង និងបំភិតបំភ័យផ្សេងៗពីថៅកែរោងចក្រ។
មន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធមិនធ្វើអត្ថាធិប្បាយទេចំពោះការបន្តតវ៉ា ឬធ្វើកូដកម្មរបស់កម្មករនៅតាមរោងចក្រមួយចំនួននេះ នៅថ្ងៃច័ន្ទ ទី១៣ ខែមករា ដោយនិយាយខ្លីថា ថ្នាក់ដឹកនាំក្រសួងការងារ កំពុងប្រជុំដោះស្រាយជាមួយផ្នែកពាក់ព័ន្ធ ដើម្បីបញ្ចប់វិវាទការងារនេះហើយ។
ការតវ៉ាទាមទារដំឡើងប្រាក់ខែគោល ឬប្រាក់ខែអប្បបរមារបស់ក្រុមកម្មករ ១៦០ដុល្លារក្នុង១ខែ រយៈពេល ២សប្ដាហ៍កន្លងទៅនេះ បានឈានដល់សមត្ថកិច្ចបង្ក្រាបដោយហិង្សា រហូតមានមនុស្សស្លាប់យ៉ាងតិចចំនួន ៤នាក់ និងរងរបួសជិត ៤០នាក់។ ហេតុការណ៍នេះ សមត្ថកិច្ចក៏បានចាប់ខ្លួនមេដឹកនាំសមាគម សកម្មជនសិទ្ធិមនុស្ស និងកម្មករសរុបចំនួន ២៣នាក់ ដាក់ពន្ធនាគារថែមទៀត ដោយចោទពីបទញុះញង់ឲ្យមានអំពើហិង្សា និងបទចោទផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
