មន្ត្រី​ទូត​ខ្មែរ​នៅ​ថៃ​ថា​កំពុង​អន្តរាគមន៍​លើ​ករណី​ជនជាតិ​ថៃ​បាញ់​សម្លាប់​ពលករ​ខ្មែរ​២​នាក់

0:00 / 0:00

អាជ្ញាធរ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ កំពុង​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​ករណី​ជនជាតិ​ថៃ បាញ់​សម្លាប់​ពលករ​ខ្មែរ ២​នាក់ និង​ម្នាក់​រង​របួស​ធ្ងន់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែ​មករា នៅ​ស្រុក​អ៊ូថង (Authong) ខេត្ត​សុផាន់បុរី (Suphanburi) ភាគ​ខាង​លិច​ក្រុង​បាងកក ប្រទេស​ថៃ។ ពួកគេ​ទាំង​នោះ ជា​ពលករ​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​ថៅកែ​ថៃ។

មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ភាគី​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​ជនជាតិ​ថៃ បាញ់​ពលករ​ខ្មែរ ២​នាក់​ស្លាប់ និង​ម្នាក់​រង​របួស​ធ្ងន់។

ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ លោក ជា ឡាំម៉ាទីន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មករា ថា ខាង​ស្ថានទូត​បាន​ចាត់​មន្ត្រី​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​លម្អិត​ថា នឹង​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ៖ «ស្ថានទូត​យើង​កំពុង​ធ្វើការ​លើ​រឿង​ហ្នឹង​ហើយ ឥឡូវ​នេះ​ភ្នាក់ងារ​យើង​កំពុង​នៅ​កន្លែង​ហ្នឹង កំពុង​ទាក់ទង​គ្នា​កន្លែង​ហ្នឹង ដោះស្រាយ​អ្នក​រងគ្រោះ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ព្យាបាល​អ្នក​របួស​អី​យ៉ាង​ម៉េចៗ រក​ជន​ដៃដល់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​យើង»

ការ​លើក​ឡើង​នេះ នៅ​ក្រោយ​ពេល​ដែល​មាន​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់ និង​របួស​ធ្ងន់​ម្នាក់​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែ​មករា នៅ​ស្រុក​អ៊ូថង ខេត្ត​សុផាន់បុរី ក្រុង​បាងកក ភាគ​ខាង​លិច​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ភ្នាក់ងារ​អាដហុក ឲ្យ​ដឹង​ថា ពួក​គេ​ជា​ពលករ​ខុស​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​ថៅកែ​ថៃ ហើយ​ជា​មិត្ត​ភក្តិ​ជាមួយ​ជន​ប្រព្រឹត្ត​ជនជាតិ​ថៃ ដែល​ធ្លាប់​ស៊ី​ផឹក​ជាមួយ​គ្នា។ លោក​ថា ករណី​បាញ់​សម្លាប់​ពលរដ្ឋ ២​នាក់ បង្ក​ឲ្យ​ម្នាក់​របួស​ធ្ងន់ ហើយ​ម្នាក់​ទៀត​បាន​រត់​រួច​អាច​ជា​រឿង​គំនុំ។

លោក​ថា សមត្ថកិច្ច​ថៃ បាន​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​លើ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹក​ដី​ថៃ​នេះ៖ «នេះ​ជា​លើក​ទី​២​ហើយ ដែល​ជនជាតិ​ថៃ បាញ់​ខ្មែរ​មិន​ញញើត​ដៃ ក្នុង​រយៈពេល ២​ឆ្នាំ មាន​ន័យ​ថា ពី​ឆ្នាំ​២០១៦ ហើយ​ឆ្នាំ​២០១៧ មាន​ន័យ​ថា ក្នុង​ខែ​មករា វា​កៀក​នៅ​ឆ្នាំ​២០១៦ ផង លើក​ទី​១ ថៅកែ​ថៃ បាញ់​ខ្មែរ ៦​គ្រាប់ ខ្មែរ​ស្លាប់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ផង។ នេះ​ជា​លើក​ទី​២​ហើយ បាញ់​សម្លាប់​ខ្មែរ ២​នាក់ ហើយ​ម្នាក់​រង​របួស​ធ្ងន់ គួរ​តែ​ក្រសួង​ការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​ផង»

ទោះ​យ៉ាង​ណា សំណុំ​រឿង​នេះ អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ទឹម សារ៉េត ថ្លែង​ថា ដោយសារ​ករណី​នេះ​នៅ​ឆ្ងាយ​ពី​ព្រំដែន​ពេក ពួកគាត់​មិន​បាន​ដឹង​នោះ​ទេ ពីព្រោះ​ខេត្ត​នេះ​នៅ​ជ្រៅ​ឆ្ងាយ​ពី​ព្រំដែន នៅ​ភាគ​ម្ខាង​ទៀត​នៃ​ប្រទេស​ថៃ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ស្លាប់​នោះ ឈ្មោះ ភឹង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ឈ្មោះ ណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ក្នុង​ចម្ការ​អំពៅ និង​ឈ្មោះ ចក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រង​របួស​ធ្ងន់​មាន​បៀម​គ្រាប់​កាំ​ភ្លើង ១​គ្រាប់​នៅ​នឹង​ពោះ ហើយ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​រួច​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។