ព្រះចៅ​អធិការ​ស្ដីទី​វត្ត​សាមគ្គីរង្សី​អំពាវនាវ​អោយ​រដ្ឋាភិបាល​ដោះលែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

ព្រះចៅ​អធិការ​ស្ដីទី​វត្ត​សាមគ្គីរង្សី អំពាវនាវ​អោយ​រដ្ឋាភិបាល​ដោះលែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ ដែល​ត្រូវ​ចាប់​ឃុំ​ព្រះកាយ​ក្នុង​ពន្ធនាគារ​ព្រៃស ព្រម​ទាំង​បាន​ព្រមាន​ថា នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​ពាក់ព័ន្ធ និង​អាច​ឈាន​ដល់​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម និង​ការ​ទាមទារ​ក្រោម​រូបភាព​ផ្សេងៗ​ទៀត។

ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ព្រះ​កាយ រួច​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ហើយ​តុលាការ​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​បន្ទាប់។

ព្រះចៅ​អធិការ​ស្ដីទី​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ហាសំអាង មាន​ថេរដីកា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង ២​អង្គ​នោះ​រង​នូវ​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ ព្រះអង្គ​ចាត់​ទុក​ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ២អង្គ​ថា ជា​រឿង​នយោបាយ ជា​ការ​គំរាម​កំហែង​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដទៃ​ទៀត​មិន​អោយ​ចេញ​មុខ​តវ៉ា ឬ​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ៖ «»។

ព្រះសង្ឃ​ទាំង ២​អង្គ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់ ការ​រក្សា​ទុក​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ឆែកឆេរ​កុដិ​រក​ឃើញ​ម្សៅ​គ្រាប់​ពណ៌ស​មួយ​កញ្ចប់ កាំបិតផ្គាក់​១ ដាវ​១ ដំបង​១ ខោទ្រនាប់​ប្រុស​មិន​ទាន់​ប្រើ​២ ខោទ្រនាប់​ប្រុស​ប្រើ​ហើយ ២ និង​ខោ​ក្នុង​​របស់​ស្រី​១ ស្រោម​អនាម័យ​១ បៀ​១ហ៊ូ ក្រដាស​កន្ទុយ​ឆ្នោត ២​សន្លឹក ឌីស ២​សន្លឹក ទូរស័ព្ទ​ដៃ ៣​គ្រឿង និង​ព្រះ​ឆាយា​គណៈ​មហា​និកាយ​ចំនួន​១។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​សង្ស័យ​​ថា ករណី​ព្រះសង្ឃ​ទាំង ២​អង្គនេះ​ អាច​ទាក់ទង​នឹង​ការ​ចូល​រួម​របស់​ព្រះសង្ឃ​ក្នុង​ការ​តវ៉ា​ទាមទារ​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​របស់​ព្រះអង្គ​ក្នុង​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។