ការ​ប្រឡង​បាក់ឌុប​លើក​ទី​២​ចាប់​ផ្ដើម​ដោយ​ការ​រឹត​បន្តឹង​ដូច​លើក​ទី១​ដែរ

0:00 / 0:00

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប​លើក​ទី​២ ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក ថ្ងៃ​ទី​១៣ តុលា។ ក្រសួង​អប់រំ​យុវជន​និង​កីឡា វាយ​តម្លៃ​ថា​ទិដ្ឋភាព​ទូទៅ នៃ​ថ្ងៃ​ប្រឡង​ដំបូង បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ នៅ​តាម​មណ្ឌល ប្រឡង​ទាំង​១១៧ ទូទាំង​ប្រទេស។

ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​២ ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​មនុស្ស ២​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​នៃ​ការ​ប្រឡង​បាក់​ឌុប។

បណ្ដាញ​សង្គម​ហេ្វសបុក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ដែល​ដកស្រង់​ប្រសាសន៍ របស់​លោក រស់ សាលីន ជា​អ្នកនាំពាក្យ​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​មនុស្ស ២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ខណៈ​ការ​កំពុង​ប្រឡង​បាក់​ឌុប​លើក​ទី​២​កំពុង​ប្រព្រឹត្តិ​ទៅ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ បាន​យក​សំណៅ​ឯកសារ​ទៅ​លក់​នៅមុខ​សាលា​បាក់​ទូក ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ជា យុវជន​ដែល​ជា​អ្នកសង្កេតការណ៍។

លោក រស់ សាលីន បន្ត​ថា​ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នាំ​ខ្លួន​ភ្លាមៗ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ការ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ជា​អ្នក​អង្កេត​ការណ៍​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​ចេញ​សេចក្ដី ប្រកាស​ព័ត៌មាន​មួយ​បន្ទាន់ នៅ​ថ្ងៃ​ទី​១៣ តុលា ដោយ​បញ្ជាក់​ថា​អង្គភាព​នេះ សម្រេច​ដក​ប័ណ្ណ​អ្នក​សង្កេតការណ៍​ពី​យុវជន​ម្នាក់ ឈ្មោះ នូ សុវណ្ណារ៉ា។

យុវជន​រូប​នេះ​មកពី​អង្គភាព​គ្រូពេទ្យ​ស្ម័គ្រចិត្ត ហើយ​កាលពី​សម័យ​ប្រឡង​បាក់​ឌុប​លើកទីមួយ បាន​ប្រើ​ឋានៈ​ជា​មន្ត្រី​បម្រើការ​នៅ​អង្គការ​ច្បាប់​កម្ពុជា។

ក្នុង​លិខិត​ដដែល​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​ថា​យុវជន នូ សុវណ្ណារ៉ា បាន​បំពាន លើ​សេចក្ដី​ណែនាំ ស្ដីពី​ការងារ​សង្កេតការណ៍​កា​រ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៣-២០១៤ របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​។ បុគ្គល​រូប​នោះ​បាន​ឆ្លៀត​យក​តួនាទី​ជា​អ្នកសង្កេតការណ៍​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ទៅ​ប្រើ​ប្រាស់​ជា​អំណាច​ផ្ទាល់ខ្លួន បំពាន​លើ​ដំណើរការ​ប្រឡង​និង​បាន​នាំ អង្គរក្ស​ឆ្វេចឆ្វាច ចូល​ក្នុង​មណ្ឌល​ប្រឡង និង​បាន​ទាមទារ​ឲ្យ​ខាង​មណ្ឌល​ប្រឡង​ត្រូវ​រៀបចំ​ឲ្យ​ខ្លួន នូវ​លក្ខណៈ​ពិសេស​ផ្តាច់​មុខ​ជាច្រើន ដែល​ខ្លួន​មិន​មាន​សិទ្ធិ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ គិត​ថា​ទង្វើ​របស់​ឈ្មោះ នូ សុវណ្ណារ៉ា មាន​ចេតនា​បំផ្លាញ​និង​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ដំណើរ​ការ​ល្អ​នៃ​ការ​ប្រឡង​បាក់​ឌុប។

យ៉ាងណា​ក្នុង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​បញ្ជាក់​ថា​នឹង​ចាត់វិធានការ​ផ្លូវ ច្បាប់​យ៉ាងណា ចំពោះ​ឈ្មោះ នូ សុវណ្ណារ៉ា ទេ​ក្រៅ​តែ​ពី​ការព្រមាន និង​ដក​ប័ណ្ណ​បញ្ឈប់ ឲ្យ​លែង​ជា​អ្នក​អង្កេត​ការណ៍​តទៅទៀត។ ចំពោះ​ស្ត្រី​ម្នាក់​ដែល​លក់​សំណៅ​ឯកសារ​នោះ ក៏​មិនបាន​ប្រកាស​ថា នឹង​ចាត់វិធានការ​យ៉ាង​ណាដែ​រ​។​

យ៉ាងណា ក្រសួង​អប់រំ​យុវជន​និង​កីឡា វាយ​តម្លៃ​ថា​ទិដ្ឋភាព​ទូទៅ នៃ​ថ្ងៃ​ប្រឡង​ដំបូង បាន​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ភាព​រលូន​តាម​ការ​គ្រោង​ទុក និង​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​១១៧ ទូទាំង​ប្រទេស។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​២ នេះ គឺ​មិន​ខុស​ប្លែក​ពី​ការ​ប្រឡង​លើក​ទី​១​ទេ ដោយ​បេក្ខជន​ប្រឡង​នៅតែ​បន្ត​យក​សំណៅ ឯកសារ​ចូល ក្នុង​មណ្ឌល​ប្រឡង តែ​ត្រូវ​គ្រូ​អនុរក្ស​ដកហូត​អស់ និង​គ្មាន​ការ​សូកប៉ាន់​ដល់​គ្រូ​ជា​ថ្នូរ បើក​អ៊ុត​ប្រ៊ុយយ៉ុង៖ «​ប៉ុន្តែ​បើ​យើង​កត់សម្គាល់​នឹង​វិញ្ញាសា មាន​លក្ខណៈ​ចេញ​វិញ្ញាសា​ស្រួល​ជាង​ការ​ប្រឡង​លើក​ទី​១ នឹង​បើ​តាម​ការ​អះអាង​ដែល​ខ្ញុំ​បាន​សាកសួរ​បេក្ខជន​ប្រឡង»

ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​នេះ បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ កញ្ញា អ៊ី ស្រីវី ឲ្យ​ដឹង​ថា វិញ្ញាសា​ប្រឡង​នៅ​ថ្ងៃ​ដំបូង​នេះ ចេញ​ស្រួល​ជាង​ការ​ប្រឡង​លើក​ទី​១។ នាង​មាន​សង្ឃឹម​ច្រើន​ថា​អាច​នឹង​យក​ជយលាភី​ក្នុង​ការ​ប្រឡង​លើក​នេះ​ឲ្យ​បាន៖ «គ្រូ​បន្តឹង​នៅ​ក្នុង​ថ្នាក់​ផង​នៅ​ក្រៅ​ផង ដូច​ការ​ប្រឡង​លើកទីមួយ​ដែរ តែ​វិញ្ញាសា​លើក​នឹង​វា​ស្រួល​ជាង​លើក​មុន»។

បេក្ខជន​ប្រឡង​មួយ​រូប​ទៀត គិត​ផ្ទុយ​ពី​នេះ​ យុវជន អ៊ុក វណ្ណណយ គិត​ថា​ការ​ប្រឡង​បាក់​ឌុប លើក​ទី​២​នេះ ហាក់​មានការ​រឹត​បន្តឹង​ខ្លាំង​ជាមុន ហើយ​វិញ្ញាសា​ប្រឡង​ក៏​ពិបាក​ជាង​មុន​ដែរ៖ «​និយាយ​ថា​មេរៀន​គេ​ដាក់​ឲ្យ​រៀន​នឹង​វា​សឹងតែ​រៀន​មួយ​ឆ្នាំ​ឡើងវិញ រៀន​ក្នុង​មួយ​ខែ​រៀន​អត់​ទាន់​ដល់​ពេល​ក្រដាស​ចេញ​ប្រឡង​មាន​ខ្លះ​ស្ទើរតែ​យើង​អត់​ចេះ»

យ៉ាងណា​គ្រូ​អនុរក្ស​មណ្ឌល​ប្រឡង​វិទ្យាល័យ​ទួល​ស្វាយព្រៃ លោកស្រី ស៊ឹម ស្រីពៅ មាន ប្រសាសន៍​ថា​នៅ​តែ​មាន​សិស្ស​មួយ​ចំនួន​ធំ មិន​អាច​ឆ្លើយ​និង​ធ្វើ​លំ​ហាត់​បាន ដោយសារ​តែ​ពួកគេ មិន​យក​ចិត្ត​ទុកដាក់​ពេល​រៀន​បំប៉ន។

បេក្ខជន​ប្រឡង​បាក់​ឌុប​លើក​ទី​២ មាន​ជិត​៧​ម៉ឺន​នាក់ និង​មាន​១១៧​មណ្ឌល​នៅ​ទូទាំង​ប្រទេស​។ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មាន​សរុប​ជាង​៣​ពាន់​នាក់។ លទ្ធផល​នៃ​ការ​ប្រឡង​លើក​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។