មនុស្ស​៣​នាក់​ស្លាប់​ក្នុង​អណ្ដូង​ទឹក​នៅ​ខេត្ត​ក្រចេះ

មនុស្ស​បី​នាក់​នៅ​ភូមិ​ល្អៀត ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា​នៅ​ក្នុង​អណ្ដូងទឹក ឬ​អណ្តូង​ខ្នោះ ដែល​មាន​ជម្រៅ​ប្រហែល​ជា ១០​ម៉ែត្រ នៅ​រសៀល​ថ្ងៃ​ទី​៥ កក្កដា។

ជំទប់​ទី​២ នៅ​ឃុំ​ជ្រោយបន្ទាយ លោក នួន ឈា ឱ្យ​ដឹង​ថា ​ហេតុការណ៍​នៃ​ការ​ស្លាប់​មនុស្ស​បី​នាក់​នេះ ផ្ដើម​ឡើយ​នៅ​ពេល​បុរស​ម្នាក់​ឈ្មោះ សាយ ផល្លា អាយុ​ប្រហែល ៣០​ឆ្នាំ បាន​ចុះ​ទៅ​ក្នុង​អណ្ដូង​ទឹក​ដើម្បី​យក​ឆ្កែ​បារាំង​មួយ​ក្បាល​របស់​លោក​​ដែល​ធ្លាក់​ចូល​នៅ​ក្នុង​នោះ។ ខណៈ​ចុះ​ទៅ​នោះ ​ក៏​បាន​ថប់​ដង្ហើម​ស្លាប់​តែម្ដង។ ដោយ​ឃើញ​ដូច្នេះ ​ម្ដាយ​របស់​លោក សាយ ផល្លា គឺ​អ្នកស្រី វ៉ាន់ សយ អាយុ​ជាង ៦០​ឆ្នាំ ​បាន​ចុះ​ទៅ​យក​កូន​តាម​ក្រោយ ហើយ​ក៏​បាន​ស្លាប់​ក្នុង​អណ្តូង​នោះ​ម្នាក់​ទៀត។ ក្រោយ​មក​ក៏​មាន​អ្នក​ជិត​ខាង​ម្នាក់​ទៀត ឈ្មោះ ឈួន ឆុំ ដែល​ទើប​ត្រឡប់​មក​ពី​រក​ត្រី ក៏​បាន​ចុះ​ទៅ​តាម​ ដើម្បី​ជួយ​យក​មនុស្ស​ពីរ​នាក់​ដែល​ចុះ​ទៅ​មុន​ ហើយ​ក៏​បណ្ដាល​ឱ្យ​ស្លាប់​ទាំង​បី​នាក់​តែម្ដង។

លោក នួន ឈា៖ «ដល់​ទៅ​ទាំង​ម្ដាយ​ទៀត ឈ្មោះ ឈួន ឆុំ ថា​មក​ពី​រក​ត្រី​ទេ មក​ពី​រក​ត្រី​មក​ក៏​ចុះ​ទៅ​ជួយ​​ទៀត ក៏​សឺ​ទៅ​ទាំង​អស់​គ្នា។ ទៅ​គរ​គ្នា ដល់​គរ​គ្នា​អត់​មាន​មនុស្ស​ហ៊ាន​ចុះ បង​ប្អូន​ជិត​ខាង​ក៏​បោល​យក​ម៉ាស៊ីន​បូម​ទឹក អត់​ហ៊ាន​ចុះ ក៏​យក​ម៉ាស៊ីន​បូម​ទឹក​បាន​ឆ្កោក​មនុស្ស។ បូម​អា​ទឹក​អស់​ទៅ​តែ​ពីរ​ម៉ែត្រ​ទេ។ បូម​ទៅ​ឃើញ​មនុស្ស ក៏​បាន​ដាក់​ឆ្កោក​ដាក់​ឫស្សី​ទាក់​ឆ្កោក​យក​មនុស្ស​យក​មក​មួយ​ម្តងៗ»

អាជ្ញាធរ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ថា​យ៉ាង​ណា​នោះ​ទេ​ចំពោះ​ករណី​នេះ ប៉ុន្តែ​លោក​យល់​ថា អាច​ដោយសារ​តែ​ក្នុង​អណ្តូង​មិន​មាន​ខ្យល់​អុកស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម ទើប​បណ្ដាល​ឱ្យ​ថប់​ខ្យល់​ស្លាប់​បែប​នេះ។

សាកសព​របស់​ជន​រង​គ្រោះ​ទាំង​បី ត្រូវ​បាន​គេ​តម្កល់​នៅ​គេហដ្ឋាន​រៀងៗ ខ្លួន​នៅ​ក្នុង​ឃុំ​ជ្រោយបន្ទាយ ​ដើម្បី​ត្រៀម​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។