បុរស​៣​នាក់​ត្រូវ​នាំ​ទៅ​ធ្វើ​កិច្ច​សន្យា​បន្ទាប់​ពី​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១​នាក់

កម្លាំង​ប៉ូលិស និង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​នាំ​ខ្លួន​បុរស​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ចំនួន ៣​នាក់ ទៅ​ធ្វើ​កំណត់​ហេតុ និង​កិច្ច​សន្យា​អស់​រយៈពេល​ជាច្រើន​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា។

ការ​នាំ​ខ្លួន​ទៅ​ធ្វើ​កិច្ច​សន្យា​នេះ បន្ទាប់​ពី​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ប្រមាណ​ជិត ២០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ក្នុង​បំណង​ធ្វើ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​រូប ដែល​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​លើ​ផ្លូវ​វ៉េងស្រេង នា​ទីក្រុង​ភ្នំពេញ​កន្លង​ទៅ។

បុរស​ម្នាក់​ក្នុង​ចំណោម ២​នាក់​ផ្សេង​ទៀត​ដែល​សមត្ថកិច្ច​នាំ​ខ្លួន គឺ​លោក វ័រ វន។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​ថា មូលហេតុ​ដែល​ក្រុម​របស់​លោក​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​កម្មករ​ដែល​កំពុង​តែ​ជាប់​ឃុំ​ចំនួន ២១​រូប​នោះ ដោយសារ​តែ​មិន​អាច​សម្លឹង​មើល​ឃើញ​ភាព​អយុត្តិធម៌​បាន​ទេ៖ «យើង​ខ្ញុំ​ទាំងអស់​គ្នា​មើល​ឃើញ​ថា​វា​អយុត្តិធម៌! គ្រាន់​តែ​ទាមទារ​លុយ​បៀវត្សរ៍ ១៦០​ដុល្លារ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន។ នេះ​ជា​រឿង​មួយ​ដែល​ពួក​ខ្ញុំ​មិន​ទទួល​យក​បាន​ទេ។ អន្លើ​យ៉ាង​នេះ​ទៅ​ទៀត យើង​នឹង​ធ្វើ​ការ​ថ្កោលទោស មេ​បញ្ជាការ​កងពល​លេខ​៩១១»

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប លោក ភឹង ចិន្ដារិទ្ធិ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ទាំង​នោះ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​អង្គរវត្ត​បាន​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភ្ញៀវ​ទេសចរ​ជាច្រើន។

ចំណែក​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សំរិទ្ធ សុខុន បាន​ហៅ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ទាំង​នោះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់ និង​ប្រើ​សេរីភាព​របស់​ពួក​គេ​ជ្រុល​ហួស​ហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។