សមត្ថកិច្ច​ឃុំ​ខ្លួន​បុរស​បី​នាក់​ដោយ​សង្ស័យ​សម្លាប់​អ្នក​កាសែត​នៅ​ក្រចេះ

0:00 / 0:00

អាជ្ញាធរ​នគរបាល​ខេត្ត​ក្រចេះ បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​ករណី​បាញ់​សម្លាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត "ថ្ងៃនេះ"ហើយ ដោយ​សម្រេច​ឃុំ​ខ្លួន​មនុស្ស ៣ នាក់ ដែល​ជា​ជន​សង្ស័យ។ ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​ស្នងការ​រង​ខេត្ត​ក្រចេះ​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​រសៀល​ថ្ងៃ​ទី ១៣ តុលា។

អាជ្ញាធរ​នគរបាល​ខេត្ត​ក្រចេះ ស៊ើបអង្កេត​រក​ឃើញ​ថា​មនុស្ស ៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល គឺ​ជា​ជន​សង្ស័យ​ក្នុង​ករណី​បាញ់​សម្លាប់ លោក តាំង ទ្រី ជា​អ្នក​យក​ពត៌មាន​ឲ្យ​កាសែត "ថ្ងៃនេះ" កាល​ពី​យប់​ថ្ងៃ​ទី ១១ ឆ្លង​ចូល​ថ្ងៃ​ទី ១២តុលា ។

ស្នងការ​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក អ៊ុំ ភី មាន​ប្រសាសន៍​ថា ក្រោយ​បញ្ចប់​ការ​ស៊ើបអង្កេត ជន​សង្ស័យ​មាន​តែ ៣ នាក់​ទេ ដែល​សុទ្ធតែ​ជា​អ្នក​រកស៊ី​ឈើ « អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង គឺ​មាន ៣ នាក់ ម្នាក់​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់ ម្នាក់​ទៀត​រួម​ដំណើរ ម្នាក់​ទៀត​ម្ចាស់​អាវុធ។ អ៊ីចឹង​រឿង​ហ្នឹង​យើង​បាន​បញ្ចប់​ហើយ យើង​បាន​ស្រាវជ្រាវ​អស់​ហើយ អត់​មាន​នរណា​ផ្សេង​ក្រៅ​អំពី​ពាក់ព័ន្ធ​តែ​ប៉ុណ្ណឹង​នាក់​ទេ ហើយ​អាវុធ​ក៏​យើង​យក​បាន​ហើយ​ដែរ ( គឺ ) អាវុធ​ខ្លី​ធុន កា៥៩ (K-59)»

លោក អ៊ុំ ភី បញ្ជាក់​ថា អ្នក​ទាំង៣​នាក់​នោះ គឺ​ជា​មិត្ត​ភក្តិ​ដែល​រកស៊ី​ឈើ​ជាមួយ​គ្នា។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​ក្រចេះ កញ្ញា ហ៊ាន ជាវគណ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​ទី ១៣ តុលា​នេះ​អង្គការ​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទេ៖ « ដំណាក់​កាល​នេះ អ្វី​ដែល​សំខាន់ គឺ​ទាក់ទង​នឹង​ករណី​ឈើ ប៉ុន្តែ​យើង​កំពុង​ជួប​ជនរង​គ្រោះ​ម្នាក់​ទៀត ដែល​ជា​អ្នក​នៅ​ក្នុង​ហេតុការណ៍​ហ្នឹង។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ អត់​ទាន់​បាន​ទទួល​ព័ត៌មាន​អី​ច្បាស់​នៅ​ឡើយ​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ចង់​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ហ្នឹង បង្កើន​សកម្មភាព​ធានា​សុវត្ថិភាព ដល់​អ្នកសារព័ត៌មាន ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​ករណី​ប្រជាពលរដ្ឋ​ដែរ »

លោក តាំង ទ្រី ជា​អ្នកយកព័ត៌មាន​ក្នុង​ស្រុក ឈ្មោះ​ថា កាសែត​ថ្ងៃ​នេះ ត្រូវ​ជន​សង្ស័យ​បាញ់​សម្លាប់​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ១១ ឈាន​ចូល​ថ្ង​ទី ១២ តុលា នៅ​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ការ​​ស្លាប់​នេះ គឺ​បន្ទាប់​ពី​អ្នក​កាសែត​រូប​នេះ និង​មិត្ត​រួម​ការងារ ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទង​ការ​ដឹក​ឈើ​ប្រណិត​ឆ្លង​កាត់​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​នោះ។ មាន​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា លោក តាំង ទ្រី ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល ដែល​ឡាន​របស់​លោក​ជាប់​ផុង។

ក្រុមប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា ដែល​មាន​បណ្ដុំ​អង្គការ​សមាគម​សារ​ព័ត៌មាន​ជាង ១០ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​រូប​នេះ។ ក្រុមប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា ចាត់​ទុក​ករណី​នេះ​ថា ជា​អំពើ​ដ៏​ព្រៃផ្សៃ ដែល​ប្រព្រឹត្ត​លើ​អ្នក​កាសែត ហើយ​ស្នើសុំ​ឱ្យ​មាន​ការ​ផ្ដន្ទាទោស​ជន​ល្មើស​តាម​ច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ។ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ហ្សេ (IFJ) ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស ចំពោះ​ការ​បាញ់​សម្លាប់​នេះ​ដែរ។

ស្នងការ​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក អ៊ុំ ភី ថ្លែង​ថា​ដោយ​សារ​ខាង​នគរបាល​មិន​ទាន់​បញ្ចប់​នីតិវិធី​មួយ​ចំនួន ទើប​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង ៣ នាក់​នៅ​ស្នងការដ្ឋាន​ជា​បណ្ដោះ​អាសន្ន​សិន ខាង​លោក​នឹង​បញ្ជូន​ជន​សង្ស័យ​ទាំង ៣ នាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ១៤ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។