អង្គការសង្គមស៊ីវិលចំនួន ៣ នៅថ្ងៃទី២២ ខែធ្នូ អំពាវនាវដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងអប់រំយុវជន និងកីឡា ឲ្យពិចារណាលុបចោលទាំងស្រុងនូវថ្លៃផ្ញើកង់នៅតាមសាលារៀនរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ ក្នុងបំណងសម្រាលបន្ទុកចំណាយរបស់សិស្សនិស្សិតក្រីក្រ។
នៅក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី២២ ខែធ្នូ អង្គការសង្គមស៊ីវិលចំនួន ៣ រួមមាន សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA-CAMBODIA) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា រួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាការលើកលែងថ្លៃផ្ញើកង់ដល់សិស្ស និស្សិតនៅតាមសាលារៀនរបស់រដ្ឋនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០១៦ តទៅ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការអំពាវនាវនេះធ្វើឡើងដោយសារមើលឃើញថា ការមិនគិតថ្លៃផ្ញើកង់នៅតាមសាលារៀនរដ្ឋអាចនឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់សិស្សនិស្សិតមកពីគ្រួសារក្រីក្រ ពិសេសនៅតាមទីជនបទបានមួយកម្រិត៖ «មើលទៅ លុយវាតិច ប៉ុន្តែកុំភ្លេចថា អ្នកក្រនៅស្រុកយើងក៏មានចំនួនច្រើនដែរ ហើយកង់គឺជាមធ្យោបាយមួយដែលឲ្យគាត់ទៅរៀនអ៊ីចឹង ហើយអ្នកដែលជិះកង់ គឺទីមួយគាត់មិនសូវមានធនធាន ហើយរដ្ឋមានមធ្យោបាយលើកលែងពន្ធច្រើនដែរកន្លងមក។ អ៊ីចឹងគួរតែលើកលែងអាហ្នឹងមួយទៀតទៅ»។
ឆ្លើយតបនឹងការអំពាវនាវនេះ អគ្គនាយកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហែល ចម្រើន មានប្រសាសន៍ថា ក្រសួងបើកចំហទទួលយកសេចក្ដីស្នើពីសាធារណជននិងអង្គការសង្គមស៊ីវិល។ ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងមិនអាចផ្ដល់ចម្លើយចំពោះសេចក្ដីស្នើរបស់អង្គការសង្គមស៊ីវិលលើបញ្ហានេះបានភ្លាមៗនោះទេ។
លោក ហែល ចម្រើន៖ «យើងមិនបិទទេ ព្រោះស្ថិតនៅក្នុងការពិនិត្យ និងឆ្លើយតបនានាតាមការជាក់ស្ដែងនីមួយៗ ព្រោះការគ្រប់គ្រងទ្រព្យសម្បត្តិយើងរាល់ថ្ងៃ យើងកំពុងគិត និងកែលម្អស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងហ្នឹងគឺមានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ចំណុចហ្នឹងគឺមានការពាក់ព័ន្ធជាមួយការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ប៉ុន្តែរាល់ការដែលដកអី ដាក់អី គិតគូរអី គឺត្រូវគិតជាក្របខ័ណ្ឌរួមសិន។ អ៊ីចឹងមិនអាចថា គ្រាន់តែស្នើភ្លាមយើងអាចឆ្លើយបានភ្លាម យើងប្រហែលជាមិនទាន់អាចធ្វើបានលឿនអ៊ីចឹងទេ មើលទៅ»។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន មានប្រសាសន៍ថា ការគិតថ្លៃផ្ញើកង់របស់សិស្សនិស្សិតនៅតាមសាលារៀនរដ្ឋ គឺអាស្រ័យលើសាលារៀននីមួយៗ។ លោកបានលើកករណីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាឧទាហរណ៍៖ «ចំពោះករណីនេះ គឺសាលានីមួយៗតែម្ដង ព្រោះគាត់ជាអ្នកមានសិទ្ធិក្នុងការគ្រប់គ្រងផ្ទាល់នៅក្នុងដំណើរការប្រចាំថ្ងៃ។ ក្រសួងអាចថា នៅពេលដែលសាលាផ្ទាល់តែម្ដងរៀបចំពិនិត្យមើលទៅតាមស្ថានភាពជាក់ស្ដែង ហើយមានការស្នើច្បាស់លាស់មួយ អាហ្នឹងយើងអាចមានមូលដ្ឋានការងារបន្តបាន។ សាលាមួយចំនួន ដូចជាសាកលវិទ្យាល័យមួយចំនួនហ្នឹង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដើម មិនបានយកប្រាក់ឈ្នួលផ្ញើកង់ទេ ប៉ុន្តែម៉ូតូ ឡានបង់ធម្មតា តែករណីកង់ គាត់មិនយកទេ»។
ក្នុងការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ រដ្ឋាភិបាល នៅពេលថ្មីៗនេះ បានសម្រេចលើកលែងពន្ធប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូនជាទោចក្រយានយន្ត ឬម៉ូតូចាប់ពីឆ្នាំ២០១៦ តទៅ និងមិនគិតថ្លៃឆ្លងទូកដពីសិស្សនិស្សិតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
