សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ បានរកឃើញថា យុវជនកម្ពុជា មានបញ្ហាប្រឈមជាអាទិភាពចំនួន ៣យ៉ាង គឺបញ្ហាការងារ សន្តិសុខ និងការអប់រំ។ បញ្ហាប្រឈមទាំងនេះ ត្រូវបានលើកយកមកបង្ហាញជាសាធារណៈដល់អ្នកចូលរួមប្រមាណ ១៥០នាក់ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលដាយកូនៀ (DIAKONEA) ក្រុងភ្នំពេញ។
ការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៥ របស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ ធ្វើឡើងជាមួយយុវជនសរុបជាង ៥០០នាក់ ដែលមកពីខេត្ត-ក្រុងចំនួន ៥ ផ្សេងគ្នា គឺខេត្តព្រះសីហនុ បន្ទាយមានជ័យ រតនគិរី កំពង់ធំ និងក្រុងភ្នំពេញ។
លទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិនេះបង្ហាញថា យុវជនកម្ពុជា មានបញ្ហាប្រឈមជាអាទិភាពចំនួន៣។ បញ្ហាប្រឈមទី១ គឺភាពគ្មានការងារធ្វើ ដែលបណ្ដាលមកពីប្រាក់ខែទាប ខ្វះជំនាញដែលស្របតាមតម្រូវការទីផ្សារ ខ្វះឱកាសការងារសមរម្យ និងបក្ខពួកនិយម។ បញ្ហាប្រឈមជាអាទិភាពទី២ គឺសន្តិសុខ។ យុវជនដែលផ្តល់បទសម្ភាសន៍ក្នុងកិច្ចស្រាវជ្រាវ លើកឡើងពីក្តីកង្វល់ថា ពួកគេព្រួយបារម្ភពីសកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់គ្រឿងញៀន។ ក្រៅពីនេះ យុវជន ៣៨% ដែលត្រូវបានអង្កេតលើកឡើងថា ពួកគេមានកង្វល់ទៅលើគុណភាពអប់រំនៅមានកម្រិត និងឱកាសសម្រាប់យុវជនទទួលបាននូវការអប់រំ មិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយដែលនេះជាបញ្ហាប្រឈមទី៣។
ថ្លែងក្នុងពិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៅព្រឹកថ្ងៃទី៧ សីហា អ្នកស្រី ទី សុភាវី នាយករងកម្មវិធីប្រចាំអាស៊ីបូព៌ានៃអង្គការ អុកស្វាម (Oxfarm) ដែលជាអង្គការម្ចាស់ជំនួយ បានគូសបញ្ជាក់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងជួយពញ្ញាក់ស្មារតីភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមដោះស្រាយបញ្ហាជូនយុវជន ដើម្បីឈានដល់ការអភិវឌ្ឍប្រទេសកម្ពុជា៖ «ដូច្នេះការយល់ច្បាស់ពីតម្រូវការ និងភាពប្រឈមផ្សេងៗរបស់យុវជន អាចជួយរកដំណោះស្រាយ និងមធ្យោបាយដើម្បីគាំទ្រដល់ពួកគាត់ គឺជាការកសាងអនាគតសម្រាប់កម្ពុជា»។
ជាការឆ្លើយតប លោក ចឹក លីម អគ្គនាយករងយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លទ្ធផលនេះនឹងក្លាយជាទុនមួយសំខាន់សម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងក្រសួងអប់រំ ក្នុងកិច្ចការអភិវឌ្ឍធនធានយុវជននៅកម្ពុជា៖ «លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ពិតជាមានសារសំខាន់ ពីព្រោះចំណុចអាទិភាពដែលបានរកឃើញមានភាពស្របគ្នា ទៅនឹងវិស័យអាទិភាពនៅក្នុងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ជាពិសេសយុវជន និងភាពអត់ការងារធ្វើ យុវជន និងការអប់រំ និងយុវជន និងសុវត្ថិភាព ដែលចំណុចទាំងនេះនៅតែជាអាទិភាពនាពេលបច្ចុប្បន្ននេះ»។
ដើម្បីចូលរួមដោះស្រាយបញ្ហាអាទិភាពទាំងបីរបស់យុវជន សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ បានលើកឡើងជាអនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធ។ អនុសាសន៍ទាំងនោះមានជាអាទិ៍ ផ្តល់ឱកាសដល់យុវជនក្នុងការផ្សារភ្ជាប់ជាមួយបណ្ដាញផ្សេងៗចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ជំរុញឲ្យមានការជជែកគ្នាក្នុងវេទិកាយុវជន កសាងសំឡេងរួមរបស់យុវជនក្នុងការទាមទារសិទ្ធិពីរដ្ឋាភិបាល ហើយជាពិសេស អង្គការមិនមែនរដ្ឋាភិបាលផ្នែកយុវជន គួរខិតខំតស៊ូមតិជាមួយក្រសួងការងារ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ សំដៅជួយដល់យុវជនដែលមានតម្រូវការចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
