ស្ត្រីខ្មែរបីនាក់ដែលចាញ់បោកមេខ្យល់ យកទៅរៀបការជាមួយបុរសជនជាតិចិន ត្រូវបានស្ថានទូតខ្មែរនៅប្រទេសចិន អន្តរាគមន៍ដើម្បីបញ្ជូនមកកាន់ប្រទេសខ្មែរវិញ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ឲ្យដឹងនៅថ្ងៃទី២៣ កក្កដា ថាមន្ត្រីស្ថានទូតខ្មែរនៅប្រទេសចិន បានទំនាក់ទំនងនារីខ្មែរទាំង៣នាក់នោះរួចហើយ ដោយរង់ចាំការសម្របសម្រួលពីអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) ដើម្បីបញ្ជូនពួកគេត្រឡប់មកមាតុភូមិតែប៉ុណ្ណោះ។
នារីរងគ្រោះទាំង៣នាក់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោតថាទៅធ្វើការនៅចិនបានប្រាក់ខែច្រើន តាំងពីដើមឆ្នាំ២០១៤ ប៉ុន្តែពួកគេត្រូវបានមេខ្យល់យកទៅលក់ឲ្យបុរសជនជាតិចិន ធ្វើជាប្រពន្ធ ហើយបច្ចុប្បន្នពួកគេត្រូវបានប្ដីជនជាតិចិននោះធ្វើបាប និងបិទសិទ្ធិសេរីភាព។
កាលពីថ្ងៃទី២២ កក្កដា ក៏មាននារីខ្មែរពីរនាក់ដែរ ត្រូវបានជួយសង្គ្រោះមកកម្ពុជាវិញ ក្នុងរូបភាពបោកបញ្ឆោតទៅរៀបការនៅប្រទេសចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
