ទាហាន​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​បាត់​ខ្លួន​នៅ​អាហ្រ្វិក​កណ្ដាល​បាន​ស្លាប់​ហើយ

ដោយ អ៊ុង សេរីវុទ្ធ និង​សេក បណ្ឌិត
2017.05.09
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ទាហាន​មួក​ខៀវ ២០១៦ ៦២០ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣៩០​នាក់ វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ បន្ទាប់​ពី​ចូល​រួម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទ្វីប​អាហ្វ្រិក នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា ទាហាន​មួក​ខៀវ​ខ្មែរ​៣រូប ដែល​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​អាហ្រ្វិក​កណ្ដាល​នោះ​បាន​ស្លាប់​ហើយ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ​លោក ឈុំ សុជាត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​យប់ ថ្ងៃទី០៩ ខែ​ឧសភា ថា សាកសព​ទាំង​៣​នាក់​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ចម្ងាយ ប្រមាណ​២គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។

រហូត​មក​ដល់​ពេល​នេះ​ទាហាន​មួក​ខៀវ​កម្ពុជា​៤នាក់​ហើយ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​អាហ្រ្វិក​កណ្ដាល​កាល​ពី​យប់​ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។

ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ថា ទាហាន​មួក​ខៀវ​កម្ពុជា ៤នាក់ ដែល​ទទួល​មរណភាព​នោះ​រួមមាន ឈ្មោះ អ៊ឹម សំ ជា​អ្នក​បើកបរ លោក ស៊ាន នរិន្ទ ជា​ជំនួយការ​ត្រួតពិនិត្យ​គុណភាព លោក មុំ តុលា ជា​ជំនួយការ​បើកបរ​អ៊ិសស្ការវ៉ាទ័រ និង លោក ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ

ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បើក​ការ​វាយប្រហារ កាល​ ពី​រលង​អាធ្រាត្រថ្ងៃទី៨ ឈាន​ចូល​ថ្ងៃទី៩ ឧសភា ម៉ោង​នៅ​កម្ពុជា ក្រោយ​ពី​ទាហាន​កង​វិស្វកម្ម​ខ្មែរ ធ្វើ​ដំណើរ​តាម​រថយន្ត ត្រឡប់​ពី​ធ្វើ​ផ្លូវ​ដើម្បី​ចូល​ទៅ​បន្ទាយ​វិញ។ លោក ឈុំ សុជាតិ បញ្ជាក់​ថា ពេល​កើត​ហេតុការណ៍​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ ម្នាក់​រង​របួស​ចំ​ដៃ​ឆ្វេង និង​បាត់​ខ្លួន​៣នាក់ និង​ទាហាន​របស់​ម៉ារ៉ុក​ម្នាក់​ក៏​កំពុង​បាត់​ខ្លួន​ដែរ។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បាន​ច្រានចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ដែល​ថា ទាហាន​ខ្មែរ​ម្នាក់ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​ដោយ​កាត់​ក្បាល។

ក្រសួង​ការពារ​ជាតិ បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​បាត់បង់​ទាហាន​មួក​ខៀវ​របស់​កម្ពុជា ព្រមទាំង​ចូលរួម​រំលែកទុក្ខ​ចំពោះការ​ពលីជីវិត ក្នុង​ការ​បំពេញបេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្ដាល​នា​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។