ពលរដ្ឋ​ខ្មែរ​ព័ទ្ធ​ចាប់​បាន​ជនជាតិ​វៀតណាម​៤​នាក់​នៅ​តាកែវ

ប្រជាពលរដ្ឋ​រស់​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​ញឹកញាប់ ដូចជា​បាត់​ទូក បាត់​ឧបករណ៍​នេសាទ​​ផ្សេងៗ​ជាដើម។

0:00 / 0:00

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ពលរដ្ឋ​វៀតណាម ៨​នាក់ បើក​ទូក ៤​គ្រឿង ចូល​មក​ផ្ទះ​ពលរដ្ឋ​កម្ពុជា ក្នុង​ភូមិ​បន្ទាយស្លឹក ដែល​នៅ​ខាង​ចុង​ភូម​ដាច់​ឆ្ងាយ​ពី​គេ បម្រុង​លួច​យក​លប​ធំៗ ដែល​ប្រជាពលរដ្ឋ​ទុក​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ​ម្ចាស់​ផ្ទះ​ដឹង​ទាន់ ជនជាតិ​វៀតណាម បាន​បើក​ទូក​រត់។ អ្នក​ភូមិ​លើក​គ្នា​តាម​ចាប់​បាន ៤​នាក់ ហើយ​យក​ទៅ​ដោះស្រាយ​នៅ​ផ្ទះ​មេ​ភូមិ។

យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម ចំនួន ៤​នាក់ ក្នុង​ចំណោម ៨​នាក់ និង​ទូក ២​គ្រឿង ត្រូវ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ព័ទ្ធ​ចាប់ ហើយ​បញ្ជូន​ទៅ​ផ្ទះ​មេ​ភូមិ​បន្ទាយស្លឹក ខណៈ​ក្រុម​ជនជាតិ​វៀតណាម បើក​ទូក ៤​គ្រឿង ចូល​មក​ប្លន់​យក​លប​ដាក់​ត្រី​នៅ​ផ្ទះ​លោក ស ឫទ្ធី ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​១២ ខែ​តុលា ក្រោយ​ជនជាតិ​វៀតណាម ៨​នាក់ ជិះ​ទូក ៤​គ្រឿង ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ប្រមាណ ១០​គីឡូម៉ែត្រ ដើម្បី​មក​ដក​យក​លប​ពី​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ឈ្មោះ ស ឫទ្ធី ដែល​គាត់​បាន​ទុក​ដាក់​នៅ​ក្នុង​ផ្ទះ។

លោក ស ឫទ្ធី ឲ្យ​ដឹង​ថា កាល​ពី​ម៉ោង ៨​កន្លះ ព្រឹក​ថ្ងៃ​សៅរ៍ ជនជាតិ​វៀតណាម ៨​នាក់ បាន​បើក​ទូក ៤​គ្រឿង មក​បំបុក​ផ្ទះ​គាត់។ ក្រោយ​ពី​ឮ​សន្ធឹក​ទូក គាត់​និង​អ្នក​ភូមិ​ចេញ​មក​មើល ឃើញ​ជនជាតិ​វៀតណាម កំពុង​លើក​លប​របស់​គាត់។ គាត់​បាន​សាកសួរ ស្រាប់​តែ​ពួកគេ​បើក​ទូក​រត់ ទើប​អ្នក​ភូមិ​ស្កាត់​ចាប់​បាន​ទាំង​ទូក ទាំង​មនុស្ស។ អ្នក​ភូមិ​ចាប់​ពួក​នោះ​បញ្ជូន​ទៅ​ផ្ទះ​មេ​ភូមិ​បន្ទាយស្លឹក ដើម្បី​ដោះស្រាយ។

លោក ស ឫទ្ធី៖ «វា​បាន​សម្រុក​ចូល​ទាំង ៤​ទូក​មែន តែ​ក្នុង​គោលបំណង វា​បាត់​លប​របស់​វា ហើយ​មាន​អ្នក​រាយការណ៍​ថា​ខ្ញុំ​លួច។ តែ​ពេល​វា​មក​ដល់​ផ្ទះ​ខ្ញុំ របស់​ដែល​វា​ឃើញ​គឺ​មិន​មែន។ អ៊ីចឹង​គឺ​វា​បាន​សារភាព​ថា វា​បាន​សម្រុក​ចូល​ផ្ទះ​ខ្ញុំ​មែន ហើយ​របស់​ដែល​បាន​មើល​នោះ មិន​មែន​ជា​របស់​វា​ទេ។ ឥឡូវ​វា​បាន​សុំ​ទោស ហើយ​វា​បាន​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រុះសម្រួល។ ខាង​ថ្នាក់​ឃុំ​និង​ភូមិ គាត់​ថា​ឥឡូវ​បើ​វា​សារភាព​ហើយ មិន​បាច់​ដាក់​បណ្ដឹង​ទៅ​ណា​ទេ គាត់​សម្រុះសម្រួល​ឲ្យ​តែ​សុំ​ឲ្យ​ខាង​ភាគី​វៀតណាម សង​ជំងឺ​ចិត្ត ការ​ដែល​វា​ចោទ​ខ្ញុំ​ថា​ចោរ»

មេ​ភូមិ​បន្ទាយស្លឹក លោក នួន ក្រិល មមាញឹក​ក្នុង​ការ​ធ្វើ​កំណត់ហេតុ និង​សម្របសម្រួល​រវាង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​ជនជាតិ​វៀតណាម។ លោក​មិន​មាន​ពេល​ធ្វើ​អត្ថាធិប្បាយ​នៅ​រសៀល​ថ្ងៃ​១៣ ខែ​តុលា ទេ៖ «តែ​ឥឡូវ​ហ្នឹង​វា​ដាក់​កំហុស​វា​ហើយ»

ជំទប់​ទី​២ ឃុំ​ជ័យជោគ លោក កែវ គីម បាន​ថ្លែង​ថា កន្លង​មក​ជនជាតិ​វៀតណាម តែងតែ​បំពាន​ការ​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា និង​មក​រក​លួច​ឧបករណ៍​នេសាទ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​គ្មាន​ញញើត​ច្បាប់ ទើប​អាជ្ញាធរ​ភូមិ​និង​ឃុំ សុំ​ឲ្យ​ជនជាតិ​វៀតណាម​នោះ ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ខាង​វៀតណាម នៅ​តែ​មិន​សារភាព ហើយ​សុំ​រួច​ខ្លួន និង​សុំ​ទូក​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ ទើប​មេ​ភូមិ​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម មក​ដោះស្រាយ ដោយ​បាន​ឲ្យ​ស្ត្រី​ជា​ភរិយា​ជនជាតិ​វៀតណាម ទាំង ៤​នាក់ យក​ទូក ២​គ្រឿង ទៅ​ហៅ​អាជ្ញាធរ​វៀតណាម និង​យក​លិខិត​បញ្ជាក់​សញ្ជាតិ ដើម្បី​កត់​ក្នុង​កំណត់ហេតុ និង​ដាក់​កិច្ចសន្យា​ហាម​គុំកួន៖ «ដើម្បី​លែង​ស្ត្រី​ដែល​ជា​ប្រពន្ធ​វា​មក​យក​ត្រី​យក​អី​ហ្នឹង​ឲ្យ​ទៅ​នៅ ទុក​តែ ៤​នាក់​ទេ»

ការ​ដោះស្រាយ​បញ្ហា​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម នៅ​ផ្ទះ​មេ​ភូមិ​អស់​រយៈពេល ២​ថ្ងៃ ទើប​ជនជាតិ​វៀតណាម ព្រម​សារភាព​កំហុស ហើយ​ព្រម​បង់​ប្រាក់ ១​លាន​រៀល​មក​អាជ្ញាធរ​ខ្មែរ ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​លោក ស ឫទ្ធី ដែល​ជនជាតិ​វៀតណាម ចូល​មក​រំលោភ​ការ​រស់​នៅ​របស់​គាត់។

លោក ​ស ឫទ្ធី ឲ្យ​ដឹង​ថា បាន​ជា​ជនជាតិ​វៀតណាម ចេញ​ចូល​មក​កម្ពុជា ស្រេច​ចិត្ត ហើយ​ហ៊ាន​លុក​លុយ​ផ្ទះ​គាត់ មក​ពី​ផ្ទះ​គាត់​នៅ​ដាច់​ឆ្ងាយ​ពី​គេ និង​នៅ​ជិត​ឡូត៍​នេសាទ។ លោក​ថា ឡូត៍​នេសាទ​ដែល​នាយករដ្ឋមន្ត្រី​បាន​កាត់​មក​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ រក​នេសាទ បែរ​ជា​អាជ្ញាធរ​ឃុំ ស្រុក បើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម ចូល​នេសាទ​ត្រី​ក្នុង​ឡូត៍​ទាំង​អស់​ស្រេច​ចិត្ត​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​មក​បង្ក​ជម្លោះ​​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕