អគ្គិភ័យដែលឆាបឆេះក្លឹបរាំឌីស្កូមួយកន្លែង ក្នុងទីរួមខេត្តសៀមរាប បានសម្លាប់មនុស្សចំនួន ៥នាក់ ព្រមទាំងបុគ្គលិកស្រីដែលបម្រើការនៅទីនោះ ២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ២ទៀបភ្លឺថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា។
អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថា គេនឹងរិះរកវិធានការដ៏មានប្រសិទ្ធភាព ដើម្បីការពារ និងទប់ស្កាត់គ្រោះអគ្គិភ័យ កុំឱ្យកើតមាននៅក្នុងខេត្តនេះបានទៀតនៅពេលខាងមុខ។
ការបញ្ចេញឱ្យដឹងពីវិធានការនេះ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះក្លឹបរាំឌីស្កូមួយកន្លែងឈ្មោះ ហ៊ីប ហប (Hip Hop) ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីរំលងអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា បណ្ដាលឱ្យស្ត្រីចំនួន ៣នាក់ និងបុរស ២នាក់ស្លាប់ ព្រមទាំងស្ត្រីអ្នកបម្រើការក្នុងក្លឹបនោះ ២នាក់ផ្សេងទៀតរងរបួសធ្ងន់។
អភិបាលរងខេត្តសៀមរាប ដែលទៅពិនិត្យមើលហេតុការណ៍អគ្គិភ័យនោះ គឺលោក ប៊ុន ថាឬទ្ធិ។ លោកសម្ដែងការសោកស្ដាយចំពោះអគ្គិភ័យដែលសម្លាប់ជនជាតិខ្មែរ ៤នាក់ និងបុរសជនបរទេសម្នាក់ផងនោះ។ លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា អាជ្ញាធរខេត្តសៀមរាប នឹងរិះរកវិធានការយ៉ាងណា ដើម្បីទប់ស្កាត់អគ្គិភ័យកុំឱ្យកើតមាននៅក្នុងខេត្តនេះតទៅទៀត៖ «កន្លែងវាចង្អៀតនៅខាងក្នុងហ្នឹង មិនអាចចូលចុះ។ ឥឡូវនៅកម្ដៅនៅឡើយ អត់ទាន់ចូលបានមែនទែនទេ។ យើងមិនទាន់ប្រមូលព័ត៌មានអីជាក់លាក់នៅឡើយទេ ជាពិសេសកន្លែងហ្នឹងវាក៏ជាកង្វះខាតរបស់យើងដែរ មិនដែលបានចូលមកពិនិត្យអីយ៉ាងម៉េច ក៏ប៉ុន្តែរង់ចាំមើលការផ្ដល់ព័ត៌មានពីកម្លាំងសមត្ថកិច្ច ដែលគាត់តែងតែពិនិត្យ»។
ប្រធានការិយាល័យនគរបាលពន្លត់អគ្គិភ័យ លោក មាស សាង ឱ្យដឹងថា អគ្គិភ័យដែលឆេះក្លឹបរាំឌីស្កូ ហ៊ីប ហប នោះ គឺចាប់ផ្ដើមចេញពីពិតាននៅចំកន្លែងដែលមានមនុស្សជាច្រើនកំពុងរាំនៅខាងក្រោម។ លោក មាស សាង សន្និដ្ឋានថា អគ្គិភ័យនោះអាចបណ្ដាលមកពីការទុស្សេខ្សែភ្លើងដែលរាយនៅលើពិតាន៖ «សន្និដ្ឋានឃើញឆេះមកពីពិតានលើតែម្ដង ដល់ឆេះទៅវាគប់ប៉េដាច់ខ្សែភ្លើង។ យើងមកដល់មិនយឺតទេ ព្រោះយើងដឹងម៉ោង២ និង ៤៥នាទី ម៉ោង៣ យើងដល់ ទាំងខាងអាវុធហត្ថ ទាំងខាងព្រលានអីគេមកជួយស្រុះគ្នា»។
សាក្សីខ្លះនៅកន្លែងកើតហេតុ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្លឹប ហ៊ីប ហប ដែលមានថៅកែខ្មែរឈ្មោះ វង់ តែងដាក់គន្លឹះបិទទ្វារក្រោយ ហើយនៅពេលកើតហេតុអគ្គិភ័យ គឺមនុស្សជាច្រើននាំគ្នាសម្រុកចេញមិនរួច ឯទ្វារខាងមុខក៏ទំហំតូច។
អធិការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង មានប្រសាសន៍ថា ក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់ គឺបុរសជនជាតិខ្មែរម្នាក់ជាកូនអ្នកខេត្តសៀមរាប ត្រូវក្រុមគ្រួសារមកទទួលយកសព ចំណែកបុរសម្នាក់ទៀតជាជនជាតិអូស្ត្រាលី ឈ្មោះ ថូម៉ាស់ (Thomas) ក៏ប៉ុន្តែសាកសពស្ត្រីជនជាតិខ្មែរ ៣នាក់ទៀត មិនទាន់ឃើញក្រុមគ្រួសារមករក ឬក៏ស្គាល់អត្តសញ្ញាណនៅឡើយ។
នេះជាលើកទី២ហើយ ដែលខេត្តសៀមរាប មានហេតុការណ៍អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅ គ្រោះអគ្គិភ័យធ្លាប់បានឆេះផ្សាររាត្រី (សៀមរាប) ដែលនៅជិតគ្នាដែរនោះម្ដងមកហើយ បណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
