សិស្ស​ស្រី​៥​នាក់​នៃ​វិទ្យាល័យ​ជា ស៊ីម ត្បែងមានជ័យ សន្លប់​ដោយ​ភ័យ​នឹង​សំឡេង​ផ្ទុះ​ផាវ

សិស្ស​ស្រី​ចំនួន ៥​នាក់​នៃ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ បាន​សន្លប់​បន្តបន្ទាប់​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​កុម្ភៈ ដោយសារ​តែ​ភ័យ​តក់ស្លុត​នឹង​សំឡេង​ផាវ​ប្រភេទ​ធំ​ផ្ទុះ​លាន់​ឮ​ខ្លាំង ដែល​ក្រុម​ក្មេង​ស្ទាវ​បាន​ដុត​នៅ​ក្បែរ​នោះ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​កុម្ភៈ ថា សិស្ស​ស្រី​ចំនួន ៥​នាក់​នៃ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ បាន​សន្លប់​បន្តបន្ទាប់​គ្នា ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​ភ័យ​តក់ស្លុត​នឹង​សំឡេង​ផាវ​ផ្ទុះ​លាន់​ឮ​ខ្លាំង។

លោក ឡោ ចាន់ បញ្ជាក់​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​សិស្ស​ស្រី​សន្លប់ គឺ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ចាប់​ខ្លួន​យុវជន ២​នាក់​ជា​អ្នក​ដុត​ផាវ​ធុន​ធំ​បង្ក​ឲ្យ​ផ្ទុះ​ខ្លាំង​នោះ យក​ទៅ​សាកសួរ។

ប៉ូលិស​បាន​ប្រមូល​យក​បំពង់​ផាវ​ធំៗ​ដែល​សេសសល់​ពី​ការ​ផ្ទុះ​ឆេះ យក​ទៅ​ជាមួយ​ផង​ក្នុង​ពេល​ចាប់​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នោះ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប៉ូលិស​នឹង​ចោទ​ប្រកាន់​យុវជន​ដែល​ជា​អ្នក​ដុត​ផាវ​ឲ្យ​ផ្ទុះ​លាន់​ឮ​ខ្លាំង​ដែរ ឬ​ក៏​យ៉ាង​ណា​ទេ?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។