គ្រោះថ្នាក់ចរាចរណ៍រថយន្តមួយក្នុងខេត្តឈុនបូរី (Chon Buri) ប្រទេសថៃ នៅព្រឹកថ្ងៃ៩ មីនា បានបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ៤នាក់របួស។ ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់នោះ មានពលករខ្មែរចំនួន ៥នាក់ ហើយអ្នករបួស ៤នាក់នោះក៏ជាខ្មែរដែរ។
មន្ត្រីនគរបាលក្នុងតំបន់ដែលត្រូវបានកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ ចុះផ្សាយនៅថ្ងៃទី៩ មីនា ឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកព្រលឹមថ្ងៃទី៩ មីនា បណ្ដាលឲ្យបុរស ៣នាក់ និងស្ត្រី ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកមនុស្ស ៤នាក់ផ្សេងទៀត ដែលធ្វើដំណើររួមគ្នាក្នុងរថយន្តប្រភេទ Pickup របួសធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់។
អនុប្រធានអធិការកិច្ចដែលចុះត្រួតពិនិត្យហេតុការណ៍នេះ ឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់នោះ មានជនជាតិថៃ ម្នាក់ផង ដែលជាអ្នកបើកបរ។ លោកបន្តថា ផ្អែកតាមការពិនិត្យជាបឋមរកឃើញថា រថយន្តបើកក្នុងល្បឿនលឿន ហើយអ្នកបើកបរបាត់បង់ម្ចាស់ការ រួចបុកសសរស្ពាន។
មន្ត្រីអគ្គកុងស៊ុលប្រចាំប្រទេសថៃ លោក នេត សេរី ពុំអាចទាក់ទងសុំការបំភ្លឺបានទេ។ ចំណែកលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនលើកទូរស័ព្ទនៅថ្ងៃទី៩ មីនា។
នគរបាលស្រុកស៊ីរាជា នៃខេត្តឈុនបូរី សង្ស័យថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលសុទ្ធតែជាពលករកម្ពុជា នេះ ទំនងជាត្រូវដឹកឆ្លងដែនដោយខុសច្បាប់ក្នុងបំណងឆ្លងទៅខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
