ប្រធានអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី ប្រចាំខេត្តពោធិ៍សាត់ គឺលោក ឆាត សារ៉ន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ឧសភា ថា សមាជិកសមាគមលោកចំនួន ៥នាក់ ត្រូវបានអាជ្ញាធរប៉ូលិសឃុំអន្សាចំបក់ ឃាត់ខ្លួនដោយពុំដឹងពីមូលហេតុ។ លោកបន្តថា កាលពីថ្ងៃ១៨ ឧសភា ក្នុងការជួបប្រជុំជាមួយប្រជាពលរដ្ឋក្នុងឃុំនេះ មេឃុំអន្សាចំបក់ លោក ឡាញ់ ស៊ីធន បានគំរាមកំហែងនិយាយប៉ះពាល់ដល់កិត្តិយសអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី ហេតុនេះហើយ លោកក៏ចាត់តាំងឲ្យសមាជិកសមាគមដែលជាចាស់ព្រឹទ្ធាចារ្យទៅជួបពន្យល់ការពិត ស្រាប់តែលោកមេឃុំខឹងសម្បា ហើយប្ដឹងប៉ូលិសឲ្យចាប់តែម្ដង។
លោក ឆាត សារ៉ន៖ «យើងបញ្ជូនក្រុមការងារឲ្យទៅបញ្ជាក់ប្រាប់លោកមេភូមិ មេឃុំអន្សាចំបក់ និងប្រធានប៉ុស្តិ៍។ តែទៅដល់ស្រាប់តែគាត់ធ្វើការឃាត់ខ្លួនតាំងពីល្ងាចថ្ងៃទី១៨ រហូតដល់ល្ងាចថ្ងៃ១៩ នេះនៅមិនទាន់លែងសមាជិកខ្ញុំទៀត...»។
មេឃុំអន្សាចំបក់ លោក ឡាញ់ ស៊ីធន មិនព្រមបកស្រាយការចោទប្រកាន់របស់ប្រធានអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី ប្រចាំខេត្តពោធិ៍សាត់ គឺលោក ឆាត សារ៉ន ទេនៅរសៀលថ្ងៃទី១៩ ឧសភា៖ «ខ្ញុំមិនទាន់ហ៊ានឆ្លើយទេ អាហ្នឹងទុកឲ្យខាងជំនាញគេធ្វើសិនបាទ...!»។
សមាជិកអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរីចំនួន ៥រូប គឺលោក ម៉ៅ ស៊ិន អាយុ ៦៥ឆ្នាំ លោក ទូច ផាត អាយុ ៤០ឆ្នាំ លោក ទិត្យ ប៊ុនធឿន អាយុ ៦១ឆ្នាំ លោក ហែម ហម អាយុ ៨២ឆ្នាំ និងលោក ឈឹត ផាត អាយុ ២៩ឆ្នាំ ត្រូវបានប៉ូលិសឃុំអន្សាចំបក់ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ឧសភា ដោយពុំបានប្រាប់ពីមូលហេតុរួចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក។
អធិការរងនគរបាលស្រុកក្រគរ គឺលោក ម៉ោល សុទ្ធ មានប្រសាសន៍ថា ប៉ូលិសពិតជាបានឃាត់ខ្លួនប្រជាពលរដ្ឋ ៥នាក់ តាមបណ្ដឹងរបស់មេឃុំអន្សាចំបក់ គឺលោក ឡាញ់ ស៊ីធន ដែលបានប្ដឹងចោទប្រកាន់ពីបទឆបោកប្រជាពលរដ្ឋក្នុងឃុំអន្សាចំបក់៖ «គេប្ដឹងថា បានលក់ក្រណាត់សដែលមានគូរយ័ន្តក្នុងតម្លៃមួយដុំ ៣ម៉ឺនរៀល។ តែបន្ទាប់ពីខ្ញុំសាកសួរពួកគាត់ថា មិនមែនជាការឆបោកទេ គឺជាការព្រមព្រៀងគ្នាខាងអ្នកលក់និងអ្នកទិញ។ តែរឿងនេះចាំខ្ញុំឆ្លងប្រធានសិនថា តើត្រូវធ្វើយ៉ាងណា?»។
អគ្គនាយកអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី គឺលោក វង្សភ័ក្ដ ភូម្មារិន្ទ ប្រតិកម្មចំពោះការឃាត់ខ្លួនសមាជិកសមាគមរបស់លោកថា ជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា ការចែកក្រណាត់សដែលមានចារយ័ន្តទៅឲ្យសមាជិកគាំទ្រ និងការទទួលប្រាក់ចូលរួមបុណ្យវិសាខបូជា រួមនឹងបុណ្យទក្ខិណានុប្បទាន ដាបង្សុកូលថ្វាយព្រះរាជកុសលដល់ព្រះមហាវីរក្សត្រដោយគ្មានការបង្ខិតបង្ខំពីសមាជិកសមាគមនោះពុំមានអ្វីខុសច្បាប់ឡើយ។
លោក វង្សភ័ក្ដ ភូម្មារិន្ទ៖ «គេនៅតែសង្ស័យថា ខ្ញុំធ្វើនេះគឺធ្វើនយោបាយ។ បើខ្ញុំចង់ធ្វើនយោបាយនោះគឺខ្ញុំមិនខ្លាចអីទេ តែអង្គការខ្ញុំនេះមិនមែនធ្វើនយោបាយទេ។ ប៉ុន្តែធម្មតាអង្គការគឺមានគោលនយោបាយរបស់ខ្លួន គ្រាន់តែមិនមែនជាគោលនយោបាយដែលធ្វើដើម្បីដណ្ដើមអំណាចនោះទេ គឺធ្វើតាមលក្ខន្តិកៈរបស់អង្គការ ប៉ុន្តែគេនៅតែម៉ៃថា ខ្ញុំធ្វើនយោបាយ...»។
ទាក់ទិនចំពោះបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្ស ខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា សមាគមអាដហុក ទើបតែទទួលពាក្យបណ្ដឹងពីបញ្ហានេះហើយ ពុំទាន់បានធ្វើការអង្កេតនៅឡើយ។ យ៉ាងនេះក្ដី លោកថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា និងការធ្វើបុណ្យទានតាមប្រពៃណីដោយពុំត្រូវមានការរាំងស្ទះពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
