អ្នក​នេសាទ​៥​នាក់​នៅ​សៀមរាប​របួស​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​រឿង​ដណ្ដើម​​បង្កើត​សហគមន៍

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ ៥​នាក់ បាន​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ឯ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២៧ ​ខែ​មិថុនា ដោយសារ​តែ​​​ប្រជាពលរដ្ឋ ២​ក្រុម បាន​ប៉ះ​ទង្គិច​គ្នា​ក្នុង​រឿង​ដណ្ដើម​គ្នា​បង្កើត​សមាគម​កាណូត និង​ទូកអុំ ដើម្បី​លក់​សំបុត្រ និង​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​បឹង​ទន្លេសាប។

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រើ​ដុំ​ឥដ្ឋ និង​ដាវ​សាំម៉ូរ៉ៃ​ខ្លះ​ផង បាន​កើត​ឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​ឃុំ​កំពង់ភ្លុក និង​ស្រុក​ប្រាសាទបាគង រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ ដឹក​ភ្ញៀវទេសចរ ក៏ប៉ុន្តែ​មាន​​ប្រជាពលរដ្ឋ​ចម្រុះ​ប្រមាណ ១០០​នាក់ ដែល​រស់​នៅ​តំបន់​ផ្សេង បាន​លើក​គ្នា​ទៅ​អុកឡុក​បង្ខំ​ឱ្យ​លុប​ចោល​ការ​បោះ​ឆ្នោត​នោះ។

ក្រុម​អ្នក​តវ៉ា​ដែល​គេ​ដឹង​ថា មាន​មនុស្ស​នៅ​ពី​ក្រោយ​ខ្នង ហើយ​ដឹក​ជញ្ជូន​មក​ពី​ច្រើន​កន្លែង​ដូច​ជា​មក​ពី​តំបន់​ទន្លេ​សាប​ចុងឃ្នៀស ក្រុង​សៀមរាប ភូមិ​ពាមតាអួ ស្រុក​ពួក និង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ព្រម​ទាំង​មាន​អ្នក​កំពង់ភ្លុក តិចតួច​ផង បាន​នាំ​គ្នា​លើក​បដា​ប្រឆាំង និង​អាជ្ញាធរ​ខេត្ត​សៀមរាប ប្រឆាំង និង​អ្នក​តំណាងរាស្ត្រ​សៀងណាំ ព្រមទាំង​ស្រែក​ទាមទារ​ឱ្យ​រំលាយ​ចោល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​ការណូត និង​ទូក​អុំ ដឹក​ភ្ញៀវទេសចរ​ទស្សនា​ទន្លេសាប​នៅ​ឃុំ​កំពង់ភ្លុក នោះ​វិញ។

សំឡេង​ស្រែក​តវ៉ា​រួម៖ «រំលាយ​ការ​បោះឆ្នោត​ចោល ព្រោះ​តែ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព បក្សពួក​និយម អត់​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ ពួក​ខ្ញុំ​អត់​ឱ្យ​បោះឆ្នោត​បាន​ទេ»

អភិបាល​រង​ខេត្ត​សៀមរាប ដែល​ទៅ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ ដឹក​ភ្ញៀវទេសចរ​កំពង់ភ្លុក លោក ប៊ុន ថាឫទ្ធិ បាន​ហៅ​ប្រជាពលរដ្ឋ ១​ក្រុម​ដែល​ស្រែក​ទាមទារ​នោះ​ថា បាន​លើក​គ្នា​ទៅ​ឆាឆៅ​អ្នក​កំពង់ភ្លុក មិន​ឱ្យ​បង្កើត​​សហគមន៍​កាណូត និង​ទូក​អុំ​ដើម្បី​ទទួល​កម្រៃ​ពី​ទេសចរ​នៅ​តំបន់​នោះ​កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​បាន។ អាជ្ញាធរ​ខេត្ត​សៀមរាប សុខ​ចិត្ត​ផ្អាក​ការ​រៀបចំ​ការ​បោះ​ឆ្នោត​​នេះ​មួយ​រយៈ ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ក្រុម​នោះ ​ឱ្យ​​ស្ងប់ស្ងាត់​ជា​មុន​សិន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។